មនុស្សយើងភាគច្រើន បើមិនបារម្ភរឿងអនាគត ក៏ចូលចិត្តលន្លង់លន្លោចខ្វាយខ្វល់នឹងរឿងអតីតកាលដែរ។ តាមពិត នៅក្នុងជីវិតរបស់យើងមានរឿងច្រើនណាស់ ហើយបើយើងរវល់តែនឹកគិតខ្វាយខ្វល់ចំពោះគ្រប់រឿងទាំងនោះ យើងច្បាស់ជាគ្មានពេលគ្មានវេលាទៅធ្វើរឿងថ្មីៗមានប្រយោជន៍សម្រាប់បច្ចុប្បន្ន និងអនាគតនោះឡើយ។ ជាបន្តទៅនេះ សូមលើកយករឿងចំនួន ៤ យ៉ាង ដែលអ្នកត្រូវតែឈប់ខ្វល់នាំអំពល់ទុក្ខចាប់ពីពេលនេះតទៅ។ បើអ្នកអាចឈប់ខ្វល់រឿងទាំង ៤ នេះបាន នោះច្បាស់ណាស់ ជីវិតអ្នកនឹងមានការរីកចម្រើនលូតលាស់ទៅមុខជាក់ជាមិនខាន់។ តើរឿង ៤ យ៉ាងនោះមានអ្វីខ្លះ? សូមតាមដានជាបន្តទាំងអស់គ្នា។
១. ឈប់ខ្វល់រឿងគេនិយាយដើម
មនុស្សម្នាក់ដែលមានដើមឱ្យគេនិយាយ គឺជាមនុស្សដែលគួរឱ្យចាប់អារម្មណ៍។ តើអ្នកយល់ឃើញដូច្នេះទេ? តើរវាងអ្នកដែលនិយាយដើមគេ និងអ្នកដែលត្រូវគេនិយាយដើម មួយខាតពេលវេលាជាង? គឺច្បាស់ជាអ្នកដែលនិយាយដើមគេហើយ ពោលគឺហត់ទាំងមាត់ និងខាតទាំងពេល។ ប៉ុន្តែ ការនិយាយដើមនេះ វានឹងមានឥទ្ធិពល កាលណាយើងដែលជាអ្នកត្រូវបានគេនិយាយដើម មានប្រតិកម្ម និងខ្វល់ខ្វាយនូវអ្វីដែលគេបានទិទៀនយើងនោះ។ ឈប់ខ្វល់ភ្លាមទៅ! ពីវាគ្មានបានការអ្វីទេ។ វាមានតែនាំការភ័យខ្លាច ក្តីបារម្ភ និងភាពអៀនខ្មាសដែលរារាំងយើងមិនឱ្យអាចធ្វើដំណើរទៅមុខបាន។ ឱ្យតែយើងដឹងច្បាស់ថាខ្លួនឯងកំពុងធ្វើអ្វី ហើយកំពុងទៅណា ចូរកុំខ្វល់ពីការយល់ឃើញរបស់អ្នកដទៃ។ បរាជ័យ ក៏ជារឿងរបស់យើង ហើយជោគជ័យក៏ជារឿងរបស់យើង។ ដូច្នេះ ចូរសម្លឹងមើលទៅមុខឱ្យបានឆ្ងាយ ហើយប្រឹងដើរទៅ ដោយកុំខ្វល់ពីសំឡេងខ្យល់ថ្ងូរ ឬសំឡេងឆ្កែព្រូសនៅតាមដងផ្លូវ។
២. ឈប់ខ្វល់រឿងខ្លាចបរាជ័យ
តើនរណាដែលថាមិនញ័រចំប្រប់ចំពោះមុខភាពបរាជ័យ? ពិតហើយថាបរាជ័យជារឿងដែលនរណាៗក៏មិនចង់ឮ និងមិនចង់ចួបប្រទះដែរ ប៉ុន្តែតើវាមានប្រយោជន៍អ្វីដែលត្រូវភ័យញ័រទ្រូងនៅខណៈដែលភាពបរាជ័យនៅមិនទាន់កើតឡើងផងនោះ? មនុស្សមួយចំនួន មានគំនិតវែងឆ្ងាយគិតគូបានទូលំទូលាយ ដោយមានគំនិតរកស៊ីនេះ ឬរកស៊ីនោះ។ ប៉ុន្តែ ពួកគេមិនដែលជោគជ័យលើការអនុវត្តន៍អ្វីដែលខ្លួនបានគិតនោះទេ។ ហេតុអ្វី? ពីព្រោះពួកគេមិនហ៊ានចាប់ផ្តើមធ្វើដោយសារតែខ្លាច “មិនជោគជ័យ”។ ចូរគិត រៀបចំផែនការ កំណត់សកម្មភាព ហើយទម្លាក់ដៃអនុវត្តន៍ផែនការនោះ។ បើប្រឹងប្រែងអស់ពីសមត្ថភាព និងលទ្ធភាពទៅហើយ បរាជ័យ ក៏បរាជ័យចុះ។ ទោះបីអស់ដើមទុនខ្លះ ប៉ុន្តែយើងទទួលបានបទពិសោធ ទទួលបានមេរៀនដែលគ្មានបង្រៀននៅក្នុងសាលា ហើយអាចយកមេរៀននោះទៅប្រើប្រាស់សម្រាប់កសាងភាពជោគជ័យនៅថ្ងៃខាងមុខ។ នៅពេលគំនិតភ័យខ្លាចចូលមកក្នុងខ្លួនយើង យើងចាំបាច់ត្រូវតែពង្រឹងស្មារតីឱ្យក្លាហាន ដោយធ្វើយ៉ាងណាឱ្យទឹកចិត្តក្លាហានចង់ជោគជ័យមានទំហំធំជាងអារម្មណ៍ភ័យខ្លាចចំពោះភាពបរាជ័យ។
៣. ឈប់ខ្វល់រឿងកំហុសពីអតីត
ប្រសិនបើយើងមិនទម្លាក់រឿងចាស់ៗឥតប្រយោជន៍ចោលខ្លះទេ តើធ្វើម៉េចយើងអាចទទួលយករឿងថ្មីៗបាន? កំហុសពីអតីតកាល វាបានជាកើតឡើងទៅហើយ ទោះបីជាអង្គុយស្រណោះអាឡោះអាល័យ ក៏គ្មានបានអ្វីមកវិញ ក្រៅតែពីធ្វើឱ្យយើងវិលវល់មិនអាចទៅណាបាន។ កំហុសដែលមានតម្លៃបំផុត គឺជាកំហុសដែលយើងអាចរៀនសូត្រពីវាបាន។ កំហុសណាដែលមិនអាចរៀនសូត្របាន គឺជាកំហុសឥតប្រយោជន៍។ បើវាឥតប្រយោជន៍ហើយ តើយើងនៅនឹកនាពីវាធ្វើអីទៀត? រីឯកំហុសណាដែលយើងអាចរៀនសូត្របាន គឺយើងយកវាទុកជាមេរៀន ហើយយកមកប្រើប្រាស់ទៅតាមកាលៈទេសៈ ពោលគឺមិនមែនសម្រាប់នឹកនាស្រណោះស្រណោកអ្វីនោះទេ។ មនុស្សដែលលង់លក់ជាមួយនឹងកំហុសអតីតកាលច្រើន ច្រើនតែជាមនុស្សទន់ខ្សោយដែលពិបាកនឹងរើបម្រះខ្លួនដើរទៅមុខប្រកបដោយក្តីសង្ឃឹម។ ទង្វើបែបនេះ មិនត្រឹមតែធ្វើឱ្យចិត្តមនុស្សទន់ជ្រាយទេ តែបន្តិចម្តងៗវានឹងធ្វើឱ្យរាងកាយរបស់យើងទ្រុឌទ្រោមផងដែរ។ ដូច្នេះ ចូរងើបមុខឡើង ហើយសម្លឹងមើលទៅមុខឱ្យបានឆ្ងាយ បន្ទាប់មកបន្តដំណើរទៅរកគោលដៅរបស់យើង។
៤. ឈប់ខ្វល់រឿងអ្នកដទៃចង់ឱ្យយើងទៅជាបែបនេះ ឬបែបនោះ
មនុស្សច្រើនណាស់ដែលកំពុងរស់នៅដើម្បីបម្រើអារម្មណ៍ ការយល់ឃើញ និងការចង់បានរបស់អ្នកដទៃ។ វាគឺជាជីវិតរបស់យើង ហេតុអ្វីយើងត្រូវចាំស្តាប់សំដីអ្នកដទៃ ឬចាំសម្លឹងទឹកមុខគេ ទើបអាចរស់នៅបាន? ការរស់នៅទីកន្លែងណា រស់នៅជាមួយនរណា រស់នៅបែបម៉េច វាគឺជាជីវិតរបស់យើង។ ស្រឡាញ់ស្បែកជើងបែបណា ស្រឡាញ់សម្លៀកបំពាក់បែបណា ឬស្រឡាញ់មនុស្សបែបណា ចូរជ្រើសរើសចុះ ពីព្រោះអ្នកនឹងមានសេចក្តីសុខជាមួយនឹងអ្វីដែលអ្នកជ្រើសរើស។ បើចង់ធ្វើអ្វីមួយ រវល់តែខ្លាចគេថាអ៊ីចេះ គេថាអ៊ីចុះ តើអ្នកអាចធ្វើអ្វីចេញទៅ? មិនថាយើងធ្វើអ្វីនោះទេ វាជារឿងធម្មតាដែលមានមនុស្សខ្លះពេញចិត្ត ហើយមនុស្សខ្លះជំទាស់។ អ្នកខ្លះជំទាស់ដោយចិត្ត អ្នកខ្លះជំទាស់ដោយវាចា ហើយក៏មានអ្នកខ្លះទៀតជំទាស់ដោយសកម្មភាពតែម្តង។ ដូច្នេះ បើជ្រុលជាមានអ្នកពេញចិត្តផង និងអ្នកស្អប់ផងចំពោះសកម្មភាពរបស់យើង អ៊ីចឹងយើងជ្រើសរើសធ្វើអ្វីដែលខ្លួនឯងពេញចិត្តតែម្តងទៅ។ សូមជឿចុះ ការជ្រើសរើសធ្វើអ្វីដែលយើងពេញចិត្ត នោះភាគរយជោគជ័យមានកម្រិតខ្ពស់ខ្លាំងណាស់៕
___________
Credit Source: https://t.me/cheatonghourcth/608
No comments:
Post a Comment