មនុស្សយើងតាំងពីកើតរហូតដល់ស្លាប់ទៅវិញ រមែងឆ្លងកាត់វ័យជាច្រើន ហើយនៅក្នុងវ័យនីមួយៗ យើងមានកិច្ចការចាំបាច់ដែលត្រូវធ្វើក៏ខុសៗគ្នាទៅតាមហ្នឹងផងដែរ។ ប្រសិនបើយើងដឹងច្បាស់ថា នៅក្នុងវ័យណាយើងគួរធ្វើអ្វី ហើយមិនគួរធ្វើអ្វី នោះជីវិតរបស់យើងនឹងក្លាយជាជីវិតដែលមានគុណប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងមនុស្សជុំវិញខ្លួនផងដែរ។
📘១. វ័យសិក្សារៀនសូត្រ
នៅក្នុងវ័យនេះ មនុស្សយើងចាំបាច់ត្រូវស្វែងរកចំណេះមកដាក់ខ្លួន។ និយាយនេះ មិនមែនចង់មានន័យថា នៅវ័យសិក្សាយើងមិនអាចធ្វើការងារ ឬសប្បាយជាមួយមិត្តភក្តិនោះទេ។ យើងធ្វើការក៏ធ្វើចុះ ឬក៏យើងសប្បាយក្អាកក្អាយក៏សប្បាយចុះ ប៉ុន្តែយើងត្រូវយកការសិក្សាជាអាទិភាព។ តួយ៉ាង នៅពេលមិត្តភក្តិបបួលទៅដើរលេង យើងត្រូវគិតថា តើធ្វើកិច្ចការសាលាហើយ ឬនៅ? តើទៅដើរលេងហ្នឹង វាធ្វើឱ្យប៉ះពាល់ដល់ការសិក្សាយើងដែរទេ? ឬតើការសប្បាយនោះ នាំឱ្យឳពុកម្តាយបារម្ភ ឬយ៉ាងណា។ មួយវិញទៀត នៅពេលយើងចង់ចេញរកការងារធ្វើដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាព ឬការសិក្សារបស់ខ្លួន យើងត្រូវសួរខ្លួនឯងថា តើការងារនោះ វាប៉ះពាល់ដល់ការរៀនសូត្រយើងទេ? បើវាប៉ះពាល់ ទោះការងារនោះបានប្រាក់ច្រើនយ៉ាងណា ក៏មិនគួរធ្វើដែរ។ ចំពោះការរកស៊ីក៏ដូចគ្នា យើងមិនត្រូវលោភលន់ចង់បានប្រាក់បន្តិចបន្តួចរហូតភ្លេចការសិក្សានោះទេ។ ប្រាក់ដែលយើងទទួលបាននៅពេលនេះ វាអាចនឹងបំផ្លាញអនាគតទាំងមូលរបស់យើងបាន។ យើងត្រូវចាំថា ការសិក្សាគឺជាការវិនិយោគក្នុងរយៈពេលវែង ហើយជាការវិនិយោគដែលយើងនឹងទទួលបានផលចំណេញ១០០%។ ឱ្យតែយើងប្រឹងប្រែងរៀនសូត្រដោយពិតប្រាកដ សូមយើងកុំបារម្ភឡើយថាគ្មានការងារធ្វើ ឬរកស៊ីមិនបានផល។ សង្គមយើងមានការរីកធំធាត់វិវឌ្ឍន៍ទៅមុខរាល់ថ្ងៃ ហើយសង្គមបែបនេះ គឺត្រូវការមនុស្សចេះដឹង និងមានជំនាញ មិនមែនត្រូវការមនុស្សអត់ចេះទេ។ សូម្បីតែកសិករ ក៏ត្រូវតែរៀនសូត្រដែរ។ បើយើងជាកូនកសិករដែលមានការចេះដឹង នោះយើងនឹងធ្វើស្រែបានផលល្អ ហើយគឺជាកសិករល្អទៀតផង។ បើយើងជាអ្នករកស៊ីដែលមានចំណេះដឹង នោះយើងគឺជាអ្នករកស៊ីសុចរិតប្រកបដោយក្រមសីលធម៌។ ហើយបើយើងជាអ្នកធ្វើការដែលមានចំណេះដឹង និងមានការអប់រំត្រឹមត្រូវ នោះយើងគឺជាបុគ្គលិកល្អប្រពៃ និងជាគ្រាប់ពេជ្ររបស់ក្រុមហ៊ុន។ ដូច្នេះ ក្នុងវ័យសិក្សា យើងត្រូវតែផ្តោតសំខាន់បាញ់ឆ្ពោះទៅរកការសិក្សា។ មួយថ្ងៃៗ យើងត្រូវគិតតែអំពីសៀវភៅ លោកគ្រូអ្នកគ្រូ សាលារៀន សេពគប់មិត្តដែលចូលចិត្តសិក្សា និងជួយណែនាំជំរុញឱ្យមិត្តភក្តិប្រឹងប្រែងរៀនសូត្រជានិច្ច។ សូមយើងកុំបារម្ភពីអនាគតឡើយ ឱ្យតែយើងព្យាយាមសិក្សាដោយល្អិតល្អន់ហ្មត់ចត់ នោះយើងអាចកាច់ចង្កូចអនាគតរបស់យើងបានគ្រប់ពេលវេលា។
🎯 ២. វ័យការងារ ឬវ័យរកស៊ី
វ័យទី២ គឺជាវ័យដែលត្រូវស្វែងរកបទពិសោធជីវិត។ នៅក្នុងដំណាក់កាលនេះ យើងត្រូវយកចំណេះដឹង និងទ្រឹស្តីទាំងឡាយដែលយើងបានសិក្សានៅសាលាមកអនុវត្ត។ យើងគប្បីធ្វើការងារ និងរកស៊ីទៅលើអ្វីដែលពាក់ព័ន្ធនឹងការសិក្សារបស់យើង។ បើយើងរៀនខាងធនាគារ យើងគួរធ្វើការ ឬធ្វើអាជីវកម្មខាងធនាគារ។ ការធ្វើបែបនេះ ទើបយើងអាចប្រើប្រាស់ចំណុចខ្លាំង និងអាចពិសោធបានថាតើអ្វីដែលយើងសិក្សា និងអ្វីដែលជាក់ស្តែងក្នុងសង្គម វាស៊ីគ្នា ឬមិនស៊ីគ្នា។ កិច្ចការដែលយើងធ្វើពីមួយពេលទៅមួយពេល ពីមួយថ្ងៃទៅមួយថ្ងៃ នឹងក្លាយទៅជាជំនាញរបស់យើង។ ជំនាញនេះ នឹងបង្កើនគុណតម្លៃដល់យើង។ ធ្វើការកាន់តែច្រើន យើងមានបទពិសោធ និងជំនាញកាន់តែច្រើនដែរ។ មិនតែប៉ុណ្ណោះ វាក៏បង្កើនទ្រព្យសម្បត្តិ ព្រមទាំងគុណប្រយោជន៍ដល់យើងទៅទៀត។ ចូរយើងកុំខ្ជិលច្រអូសឱ្យសោះនៅក្នុងវ័យនេះ ពីព្រោះថា បើពេលវេលាដើរទៅមុខទៀត យើងនឹងឆ្លងចូលវ័យថ្មីមួយទៀត ដែលយើងនឹងមានអ្វីថ្មីៗត្រូវធ្វើទៀត។ ប្រសិនបើយើងប្រមូលបានបទពិសោធល្អៗកាន់តែច្រើន នោះយើងនឹងមានមោទកភាពចំពោះលទ្ធផលខ្លួនឯងកាន់តែច្រើនដែរ។ មនុស្សជាច្រើនពេលចាស់ទៅ ពួកគេមិនសូវស្តាយក្រោយនូវអ្វីដែលខ្លួនធ្វើទេ តែភាគច្រើនពួកគេស្តាយនូវអ្វីដែលខខ្លួនខកខានមិនបានធ្វើតែប៉ុណ្ណោះ។ ដូច្នេះ សូមជឿចុះ នៅវ័យនេះ ចូរយើងធ្វើរឿងល្អៗ និងមានប្រយោជន៍ឱ្យបានច្រើនជាអតិបរមា ទាំងចំពោះខ្លួនឯង ចំពោះគ្រួសារ និងមនុស្សជុំវិញខ្លួន។ ធ្វើបែបនេះបាន នោះយើងច្បាស់ជាក្លាយជាមនុស្សចាស់ប្រកបដោយគុណភាព ឬក្លាយជាបណ្ណាល័យដ៏ធំមួយសម្រាប់អ្នកជំនាន់ក្រោយ។
No comments:
Post a Comment