🎯លក្ខណៈ ៣ យ៉ាង របស់មនុស្សរមិលគុណ
ការរស់នៅរបស់មនុស្សយើងគ្រប់ជំនាន់គ្រប់សម័យកាល សុទ្ធតែប្រកាន់ភ្ជាប់នូវផលប្រយោជន៍។ មានផលប្រយោជន៍ខ្លះ វាបានធ្វើឱ្យមនុស្សខ្វាក់ភ្នែកវង្វេងវង្វាន់លែងដឹងខុសដឹងត្រូវ លែងដឹងថាអ្នកណាជាអ្នកផ្តល់កំណើត អ្នកណាជាអ្នកជួយជ្រោមជ្រែង ហើយចុងក្រោយថែមទាំងត្រឡប់បែរទៅផ្តល់ទុក្ខទោសដល់អ្នកមានគុណទៀតផង។ ជាបន្តទៅនេះ អ្នកលោកនឹងបានជ្រាបនូវលក្ខណៈ ៣ យ៉ាង របស់មនុស្សរមិលគុណ។ តើលក្ខណៈទាំងនោះមានអ្វីខ្លះ? សូមតាមដានទាំងអស់គ្នាដូចតទៅ។
១. ព្រងើយកន្តើយចំពោះគុណបំណាច់ដែលអ្នកដទៃធ្វើមកលើខ្លួន
មនុស្សរមិលគុណ មិនត្រឹមតែមិនតបស្នងសងគុណចំពោះអ្នកដែលខំជួយខ្លួនឱ្យមានដង្ហើមដកដល់ថ្ងៃនេះប៉ុននោះ តែសូម្បីតែនឹកនាដល់សេចក្តីល្អដែលគេខំធ្វើមកលើខ្លួនក៏មិនដែលនឹកនាផង។ មនុស្សបែបនេះថែមទាំងយល់ថា មកពីជាតិមុនគេជំពាក់គុណគាត់ ទើបជាតិនេះគេត្រូវតែសងគុណគាត់វិញ។ រីឯគាត់ មិនចាំបាច់អីត្រូវសងគុណដល់គេដែលជាអ្នកជួយជ្រោមជ្រែងទេ។ នេះគឺជាអត្តចរិតដ៏ថោកទាបបំផុត ឬជាចរិតមនុស្សអសិរពិសដែលមិនគួរអត់ឱនឱ្យ។ លោកអ្នកគប្បីកត់ចំណាំចុះ មនុស្សប្រភេទនេះ មិនដែលលើកសរសើរចំពោះគុណនរណាម្នាក់ឡើយ ផ្ទុយទៅវិញពួកគេលើកដំកើងតែខ្លួនឯង អួតពីការតស៊ូលំបាករបស់ខ្លួន ធ្វើការតាំងពីបាតដៃទទេ តាំងពីគ្មានអ្វីៗ រហូតដល់មានអ្វីៗគ្រប់យ៉ាង។ មានមនុស្សខ្លះ កុំថាឡើយអ្នកមានគុណដែលផ្តល់ការងារ ផ្តល់លុយកាក់ ផ្តល់គំនិត ឬផ្តល់ការទំនុកបម្រុងការរកស៊ី សូម្បីតែអ្នកមានគុណផ្តល់កំណើតក៏ពួកគេមិននឹករឭកដល់ផង។ សូមលោកអ្នកចាំចុះ នៅលើលោកនេះ គ្មាននរណាម្នាក់អាចរស់បានដោយមិនពឹងពាក់លើគុណបុណ្យរបស់អ្នកដទៃឡើយ។ រាប់តាំងពីចុងសក់ដល់ចុងជើងនៃរាងកាយរបស់យើង គឺសុទ្ធតែជាប់ជំពាក់គុណរបស់អ្នកដទៃ។ តួយ៉ាង សាប៊ូដែលយើងកក់សក់ ខោអាវស្លៀកពាក់ ថ្នាំដែលយើងដុសធ្មេញ ស្បែកជើងដែលយើងពាក់ ទឹកដែលយើងផឹក និងអាហារគ្រប់យ៉ាងដែលយើងញ៉ាំរាល់ថ្ងៃ ថ្វីបើយើងចាយលុយដើម្បីទិញ ប៉ុន្តែសួរថាបើអ្នកដទៃទាំងឡាយមិនផលិតរបស់ទាំងអស់នោះឡើងមក តើយើងមានអ្វីប្រើ មានអ្វីញ៉ាំ? ដូច្នេះ មិនថានៅក្នុងករណីណាក៏ដោយ យើងត្រូវធ្វើខ្លួនជាមនុស្សមានការនឹករឭកដល់គុណបុណ្យ និងសេចក្តីល្អគ្រប់យ៉ាងដែលយើងបានទទួលពីមនុស្ស សត្វ រុក្ខជាតិ និងចក្រវាលទាំងមូល ដែលអនុញ្ញាតឱ្យមានវត្តមានយើងលេចចេញមក។
២. ដល់ត្រើយសើយគូទ ឆ្លងស្ទឹងដុតស្ពានចោល
លក្ខណៈគួរឱ្យខ្ពើមរអើមមួយទៀតរបស់មនុស្សរមិលគុណ គឺមិនត្រឹមតែមិនលើកសរសើរនឹកនាដល់អ្នកមានគុណទេ ប៉ុន្តែថែមទាំងឈ្លៀតបកក្បាលមកវាយប្រហារអ្នកមានគុណទៀតផង។ មនុស្សភ្លេចកំណើត កាលនៅខ្សត់ខ្សោយ រមែងសុំអង្វរកឱ្យគេជួយ ដល់ពេលគេជួយឱ្យធំធាត់ហើយ ក៏ចាប់ផ្តើមវង្វេងបឹង។ នៅពេលមានទុក្ខលំបាក ពួកគេតែងតែរត់រកគេជួយ តែដល់ពេលគេជួយឱ្យឈរជើងរឹងមាំហើយ ក៏ចាប់ផ្តើមបង្កទុក្ខលំបាកឱ្យអ្នកដែលគេខំជួយនោះទៅវិញ។ នេះហើយគឺជាមូលហេតុដែលនាំឱ្យចំណេះដឹងរបស់ខ្មែរយើងពីបុរាណតពីជំនាន់មួយទៅជំនាន់ត្រូវរេចរឹលបាត់បង់អស់ ពីព្រោះតែមានសិស្សរមិលគុណនេះឯង។ យើងប្រហែលជាធ្លាប់ឮមកហើយថា គ្រូក្បាច់គុនជំនាន់មុនមិនដែលបង្រៀនសិស្សឱ្យអស់គ្រប់ក្បាច់គុនដែលខ្លួនចេះទេ គាត់តែងតែទុកក្បាច់ពិសេសជាងគេ ដើម្បីការពារនៅពេលសិស្សរមិលគុនក្បត់ ឬបកក្បាលមកវាយប្រហារគ្រូវិញ។ ដល់ពេលគ្រូមួយជំនាន់លាក់មួយក្បាច់ៗ នៅទីបំផុតចំណេះដឹង ឬក្បាច់គុនរបស់បុព្វបុរសយើងក៏រលាយសាបសូន្យ។ មហន្តរាយនេះ គឺកើតឡើងពីសិស្សរមិលគុននោះហើយ មិនមែនមកពីគ្រូចិត្តអាក្រក់លាក់ចំណេះនោះទេ។ ដូច្នេះ យើងឃើញទេ ការមិលគុណគឺជាអំពើដែលនាំទៅរកសេចក្តីវិនាសហិនហោច ជាពិសេសគឺវិនាសខ្លួនឯងតែម្តង។ មនុស្សរមិលគុណខ្លះ យល់ខុសថា ខ្លួនប្រៀបដូចជាជ្រូកដែលម្ចាស់ចិញ្ចឹមដើម្បីកាប់សាច់លក់តែប៉ុននោះ ដូច្នេះហើយទើបពួកគេមិនខ្ចីតបគុណ និងថែមទាំងបកទៅខាំអ្នកមានគុណវិញ។ តាមពិត ពួកគេមិនមែនជាជ្រូកទេ តែគឺជាក្រពើទេតើ។ នៅពេលទាស់សម្តី ឬមានទង្វើឆ្គាំឆ្គងបន្តិចបន្តួចជាមួយអ្នកមានគុណ មនុស្សរមិលគុណចាប់ផ្តើមអឿឡើងចាង ធ្វើឫកធ្វើពារចង់ធ្វើស៊ីអ្នកមានគុណឱ្យខ្ចាត់ខ្ចាយ ហើយបើធ្វើបានសម្រេចមែននោះ ពួកគេមានមោទនភាពណាស់ចំពោះទង្វើថោកទាបរបស់ខ្លួន។
៣. សម្តីផ្អែមបង្កប់ពឹសពុល, បានប្រយោជន៍ហើយអ្វីក៏លែងខ្វល់
នេះជាលក្ខណៈសម្គាល់មួយដែររបស់មនុស្សមិនដឹងគុណ។ សម្តីផ្អែមពិរោះ គឺជាអាហារដ៏ឆ្ងាញ់របស់ត្រចៀក ហើយក៏ជាអាហារដ៏មានន័យសម្រាប់ចិត្តគំនិតយើងផងដែរបើសម្តីផ្អែមពិរោះនោះកើតចេញពីចិត្តបរិសុទ្ធ។ យ៉ាងណាមិញ សូមប្រុងប្រយ័ត្នជាមួយនឹងមនុស្សសម្តីផ្អែម ពូកែលួងលោម ប្រសព្វនិយាយឱ្យយើងទន់ចិត្តស្ម័គ្រជួយពួកគេរហូតដល់អស់ពីខ្លួន។ មនុស្សអសិរពឹស ច្រើនតែប្រើសម្តីដើម្បីទាក់យកផលប្រយោជន៍ណាមួយ។ សម្តីផ្អែមមួយម៉ាត់ណា ក៏មានគោលបំណងទាក់ទាញប្រយោជន៍ដែរ នេះហើយជាមនុស្សដែលយើងត្រូវប្រយ័ត្ន។ ប៉ុន្តែនៅពេលខឹង ឬស្រវឹងស្រា នោះធាតុពិតរបស់ពួកគេនឹងលាតត្រដាងចេញមក។ ចូរកុំភ្លេចឱ្យសោះ មនុស្សពួកនេះ កាលណាបានសម្រេចប្រយោជន៍ដែលខ្លួនប៉ង ឬដាក់ផែនការហើយ ពួកគេនឹងចាកចេញដោយគ្មានអាឡោះអាល័យ នឹកនា ឬតបស្នងសងគុណចំពោះអ្នកដែលធ្វើគុណលើខ្លួនឡើយ។ ក្រៅពីនេះ ពួកគេថែមទាំងយកទោសមកសងគុណវិញទៀតផង។
ទោះជាយ៉ាងណា មនុស្សរមិលគុណ មនុស្សភ្លេចកំណើត ឬមនុស្សអសិរពឹសទាំងឡាយ មិនដែលមានលទ្ធផលល្អឡើយ។ សូមចំណាំមើលចុះ ពួកគេនឹងចាប់ផ្តើមរលត់រលាយបន្តិចម្តងៗរហូតធ្លាក់ដល់បាត។
មែនទែនទៅ យើងគ្រប់គ្នាគប្បីមានបញ្ជីមួយដែលសរសេរឈ្មោះរបស់មនុស្សដែលមានគុណមកលើយើង ហើយរៀបរាប់ថា តើពួកគាត់បានធ្វើសេចក្តីល្អយ៉ាងម៉េចមកលើយើង។ ហើយយើងត្រូវបើកអានបញ្ជីនេះរាល់ថ្ងៃ ដើម្បីនឹករឭកដល់គុណបុណ្យរបស់អ្នកមានគុណទាំងអស់របស់យើង។ យើងត្រូវប្តេជ្ញាខិតខំកសាងជីវិតឱ្យរីកចម្រើន ហើយមានឱកាសយើងត្រូវតបស្នងសងគុណទៅពួកគាត់វិញតាមការគួរ។ សូមធ្វើបែបនេះចុះ នោះជីវិតយើងនឹងរីកចម្រើនរុងរឿងសម្បូរសប្បាយមានសុភមង្គល៕
ស្មេរដោយ : ឧកញ៉ា ជា តុងហ៊ួរ
No comments:
Post a Comment