នៅក្នុងសង្គមយើង មនុស្សមានច្រើនបែបច្រើនសណ្ឋានណាស់។ អ្នកខ្លះស អ្នកខ្លះខ្មៅ អ្នកខ្លះខ្ពស់ អ្នកខ្លះទាប អ្នកខ្លះសក់ស្រឡូន អ្នកខ្លះសក់រួញ។ ទោះបីជាខុសគ្នាយ៉ាងនេះក៏ដោយ តម្លៃរបស់មនុស្សម្នាក់ៗមិនបានស្ថិតនៅលើរូបរាងសម្បកខាងក្រៅទាំងនេះឡើយ។
បើដូច្នេះ តើតម្លៃមនុស្សស្ថិតនៅត្រង់ណា? ដូនតារបស់ខ្មែរយើងបានពោលសំដៅដល់ខ្លឹម ឬតម្លៃរបស់មនុស្សថា “មនុស្សយកសំដី ដំរីយកភ្លុក ខ្មែរចងក្រងទុក ជាពាក្យប្រដៅ នាងនួនខ្លឹមក្នុង ឫស្សីខ្លឹមក្រៅ ខ្លឹមមនុស្សសំដៅ ត្រង់ពោលពាក្យពិត”។ សម្តីមនុស្សយើង មានឥទ្ធិពលក្រៃលែង វាអាចធ្វើឱ្យអ្នកដទៃសើចសប្បាយ ឈឺចាប់ ស្លាប់ ឬរស់។ ពាក្យសសម្តីដែលបាននិយាយចេញទៅហើយ វាមិនត្រឹមតែអាចសម្លាប់អ្នកដទៃទេ តែវាថែមទាំងអាចធ្វើឱ្យខ្លួនឯងជាអ្នកនិយាយស្លាប់ផងដែរ។ មនុស្សដែលនិយាយសម្តីរោយរាយឥតបានការ សន្យាម្តងអ៊ីចេះម្តងអ៊ីចុះ គឺមិនខុសពីមនុស្សបៀមពិសព្រួសដាក់អ្នកដទៃឡើយ។ ខណៈពេលដែលអ្នកដទៃឈឺចាប់ អ្នកព្រួសពិសនោះក៏មិនរួចខ្លួនដែរ។
✅ មនុស្សដែលមានតម្លៃ មានគុណធម៌ខ្ពង់ខ្ពស់
ពាក្យសម្តីរបស់គេមួយម៉ាត់មួយឃ្លា គឺសុទ្ធតែមានន័យ មានខ្លឹមសារ និងមានតម្លៃ។ អ្វីដែលគេបានខ្ជាក់ចេញពីមាត់ហើយ ដាច់ខាតគេមិនលេបចូលទៅវិញទេ។ ទោះបីជាសម្តីដែលខ្លួននិយាយនោះ វាជ្រុលជ្រួស ឬខុសម្តេចម្តា ក៏គេរីករាយនឹងទទួលខុសត្រូវលើអ្វីដែលខ្លួនបាននិយាយ ឬសន្យា។ អ្នកខ្លះ ទាល់តែជាកិច្ចសន្យា ឬកុងត្រាលើក្រដាស ទើបចាត់ទុកថាជាការសន្យា និងគោរពតាម។ ប៉ុន្តែ សម្រាប់មនុស្សមានគុណធម៌មានតម្លៃ មិនចាំបាច់មានកិច្ចសន្យាកុងត្រាលើក្រដាសអ្វីទេ គ្រាន់តែការញាក់ចិញ្ចើមរបស់គេ ក៏ចាត់ទុកជាបានការទៅហើយ។
✅ សម្តី និងការសន្យានេះ
វារឹងរឹតតែសំខាន់ណាស់ទៅទៀតនៅក្នុងការរកស៊ីសហការគ្នា។ ការសហការគ្នា គឺត្រូវការការទុកចិត្តគ្នាជាចាំបាច់ ហើយបើយើងនិយាយម្តងលិចម្តងកើត តើឱ្យគេទុកចិត្តយើងយ៉ាងម៉េច? បើគ្មាននរណាទុកចិត្តគាំទ្រយើង តើយើងអាចធ្វើកិច្ចការធំៗសំខាន់ៗម៉េចនឹងបាន? បើគ្រាន់តែសម្តីដែលចេញពីមាត់ខ្លួនឯង ខ្លួនឯងធ្វើតាមមិនបានផង តើឱ្យនរណាគេមករំពឹងចង់សហការរកស៊ីជាមួយយើងកើត? “សម្តីសជាតិ មារយាទសពូជ” តើអ្នកធ្លាប់ឮពាក្យនេះពីមុនមកទេ? អ្វីដែលយើងនិយាយចេញមក វាបង្ហាញឱ្យឃើញពីសារជាតិរបស់យើង ថាយើងជាមនុស្សយ៉ាងម៉េច។ អ្នកខ្លះ ពេលភ្លៀងរងារ សសៀរៗមកជួបជុំ តែដល់ពេលផ្ទះបាក់រលំ រត់យករួចតែខ្លួន។ នេះមិនខុសពីសុភាសិតខ្មែរយើងមួយពោលថា “ចូលព្រៃសត្វសាហាវ អំពាវនាវគ្នាមកជុំ ពេលបានស្ករទឹកឃ្មុំ សម្ងំឆីតែម្នាក់ឯង”។ ពេលមានបញ្ហារត់រកគេជួយ តែពេលមានក្តីសុខក៏ដកខ្លួនទៅសម្ងំសុខតែម្នាក់ឯង។
✅ បរសិនបើចង់ធ្វើកិច្ចធំកិច្ចការសំខាន់
យើងក៏ត្រូវតែធ្វើខ្លួនឱ្យក្លាយជាមនុស្សសំខាន់ដែរ។ មុននឹងនិយាយអ្វី មុននឹងសន្យាអ្វី យើងត្រូវតែគិតឱ្យបានហ្មត់ចត់ល្អិតល្អន់។ ហើយបន្ទាប់ពីខ្ជាក់សម្តីរបស់ខ្លួនចេញមកហើយ យើងដាច់ខាតត្រូវតែមានការទទួលខុសត្រូវលើសម្តីនោះ ដោយគោរពធ្វើឱ្យបាននូវអ្វីដែលខ្លួនបានសន្យា។ ដាច់ខាត កុំដោយសារតែប្រាក់ពីរបីរយដុល្លារ ធ្វើឱ្យបាត់បង់ខ្លឹម ឬបន្ទាបតម្លៃរបស់ខ្លួនឯង។ លុយ យើងអាចរកបានងាយជាងកិត្តិយសកេរ្តិ៍ឈ្មោះ។ បើកិត្តិយសគង់នៅ ខ្វះអីមនុស្សរង់ចាំគាំទ្រជ្រោមជ្រែងហើយបើមានមនុស្សចាំជ្រោមជ្រែងបែបនេះ តើទៅបារម្ភអីរឿងខ្វះលុយកាក់នោះ? ដូច្នេះ ចូរយើងបំពាក់នូវពាក្យសច្ចៈនៅលើបបូរមាត់របស់យើងជាប់ជានិច្ច ដើម្បីបណ្តុះគុណតម្លៃរបស់ខ្លួនឯងជារៀងរាល់ថ្ងៃ។ សូមជឿចុះ បើអ្នកធ្វើយ៉ាងនេះបាន នោះអ្នកនឹងក្លាយជាមនុស្សមានកិត្តិយសកេរ្តិ៍ឈ្មោះ និងមានតម្លៃគួរជាទីគោរពសរសើរពីមនុស្សទាំងឡាយ៕
______________________________
ស្មេរដោយ : https://t.me/cheatonghourcth
Credit Source: https://t.me/cheatonghourcth/576
No comments:
Post a Comment