សំណួរសួរថា “តើការសម្លាប់ខ្លួន ពិតជាអាចបញ្ចប់បញ្ហាមែនឬ?” អ្នកប្រាជ្ញចិន ជូ កឺលៀង ធ្លាប់បាននិយាយថា “បើការស្លាប់អាចដោះស្រាយបញ្ហាបាន តើមនុស្សប្រឹងរស់ធ្វើអី?” ជីវិតរបស់យើងម្នាក់ៗ មានតម្លៃមិនអាចកាត់ថ្លៃបានទេ។ គ្រាន់តែពេលខ្លះ យើងគិតមិនបានវែងឆ្ងាយដែលធ្វើឱ្យយើងមើលមិនឃើញពីតម្លៃនៃជីវិត។
ទីមួយ ជីវិតរបស់យើងមានតម្លៃ ព្រោះវាបានមកដោយកម្រ។ ការមានជីវិតជាមនុស្ស គឺជាផលបុណ្យដ៏មហាសែនកម្រណាស់។ យើងសាកគិតទៅមើល មនុស្សទាំងអស់នៅលើផែនដីនេះមានត្រឹមតែជិត ៨ ពាន់លាននាក់ប៉ុននោះ ពោលគឺមិនស្មើនឹងសត្វកណ្តៀមួយដំបូកផង។ បើយើងប្រៀបធៀបចំនួនមនុស្ស និងចំនួនសព្វសត្វនៅលើផែនដីនេះ នោះយើងនឹងឃើញថា ការណ៍ដែលមានកំណើតមកជាមនុស្សនេះ គឺពិតជាកំណើតដ៏មហាកម្រ និងជាកំណើតសំណាងណាស់។ ការកើតមកម្តងទៀត មិនប្រាកដថាយើងមានសំណាងអាចកើតមកជាមនុស្សនោះទេ។ ដូច្នេះ បើបានកើតជាមនុស្សហើយ យើងត្រូវរស់នៅឱ្យមានតម្លៃ។
ទីពីរ ជីវិតរបស់យើងមានតម្លៃ ព្រោះវាមានបុព្វហេតុនៃការរស់នៅ។ ជីវិតរបស់សត្វទាំងឡាយ រស់នៅគ្មានបុព្វហេតុនោះឡើយ ដែលរឿងនេះខុសពីជីវិតរបស់មនុស្សយើង។ សត្វ វារស់នៅតាមសភាវគតិ ពីមួយថ្ងៃទៅមួយ ពីមួយរដូវទៅមួយរដូវ វារស់នៅក្នុងទម្លាប់ដដែលៗពីមួយជំនាន់ទៅមួយជំនាន់ គឺដេក ស៊ី បន្តពូជ ហើយក៏ដល់ពេលស្លាប់។ កូនចៅជំនាន់ក្រោយរបស់វាក៏ធ្វើដូចគ្នាដដែលជាដដែល។ រីចំណែកឯមនុស្សយើងវិញ យើងមានបុព្វហេតុនៃជីវិត។ យើងម្នាក់ៗមានបេសកកម្មសម្រាប់បំពេញ ដោយអ្នកខ្លះជាគ្រូពេទ្យ គឺកើតមកដើម្បីព្យាបាលគេ, អ្នកខ្លះជាគ្រូបង្រៀន កើតមកដើម្បីផ្តល់ចំណេះដឹងដល់គេ, អ្នកខ្លះជាវិស្វករ កើតមកដើម្បីកសាងផ្ទះ ស្ពាន ថ្នល់ និងអគារផ្សេងៗ, អ្នកខ្លះជាអ្នកនយោបាយ កើតមកដើម្បីដឹកនាំសង្គមឱ្យរីកលូតលាស់ទៅមុខ។ល។ និង។ល។ ប៉ុន្តែ គួរឱ្យសោកស្តាយដែលមនុស្សខ្លះមិនអាចរកឃើញ ឬមិនដឹងពីបុព្វហេតុនៃជីវិតរបស់ខ្លួន ដូច្នេះពួកគេក៏សម្រេចចិត្តសម្លាប់ខ្លួនឯង។ ជីវិតដ៏មានតម្លៃ បែរជាត្រូវរលាយបាត់ត្រឹមមួយប៉ប្រិចភ្នែក។ ពិតជាគួរឱ្យសោកស្តាយក្រៃលែង។
ទីបី ជីវិតរបស់យើងមានតម្លៃ ព្រោះវាធំធាត់ឡើងដោយលំបាកក្រៃលែង។ ការធំធាត់របស់មនុស្ស មានការពិបាក និងឆ្លងកាត់ហានិភ័យបាត់បង់ជីវិតទៅវិញច្រើនលើកណាស់។ សត្វផ្សេងៗ គ្រាន់តែញាស់ ឬកើតចេញពីពោះមេវាមិនបានប៉ុន្មានម៉ោងផង វាអាចរឹងដៃរឹងជើងក្រោកឈរ និងដើរបាន។ តែមនុស្សយើងវិញ ត្រូវការពេលរហូតដល់ទៅរាល់ខែឯនោះទម្រាំចេះក្រឡាប់ ចេះងើបឈរ និងចេះដើរ។ ទម្រាំតែយើងធំធាត់បានប៉ុននេះ សត្វរាប់ម៉ឺនជីវិតត្រូវស្លាប់ដើម្បីក្លាយជាចំណីអាហាររបស់យើង ហើយជាពិសេសឪពុកម្តាយយើង លោកត្រូវឆ្លងកាត់ទុក្ខវេទនាឈឺចាប់រាប់មិនអស់ដើម្បីមើលថែទាំយើងឱ្យមានជីវិតផូរផង់។ មិនតែប៉ុននោះ លោកទាំងពីរថែមទាំងហ៊ានលះបង់ជីវិតដើម្បីយើងទៀតផង។ ដូច្នេះ នៅពេលចង់គិតខ្លីបញ្ចប់ជីវិតខ្លួនឯង សូមយើងនឹកគិតទៅដល់ការប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាយើងរបស់មាតាបិតាផង។
នៅក្នុងបច្ចុប្បន្ននេះ យុវជនរបស់យើងមួយចំនួនតូច បានជ្រើសរើសការសម្លាប់ខ្លួនយកជាវិធីបញ្ចប់បញ្ហា។ ជីវិតស្លាប់ មិនប្រាកដថាបញ្ហាស្លាប់ទៅតាមនោះទេ ថាមិនត្រូវវាថែមទាំងបន្សល់ទុកនូវបញ្ហាជាច្រើនទៀតសម្រាប់អ្នកនៅរស់ ហើយអ្នកដែលស្លាប់នោះក៏មិនប្រាកដថារួចខ្លួនដែរ។ ទោះបីជាបញ្ហានោះធំយ៉ាងណា មិនថារឿងស្នេហា រឿងគ្រួសារ រឿងការងារ ឬក៏រឿងរកស៊ីទេ យើងកុំយកការសម្លាប់ខ្លួនមកធ្វើជាដំណោះស្រាយឡើយ។ យើងគប្បីដកឃ្លាបន្តិច ទៅរកកន្លែងស្ងាត់មួយ និងរកពេលវេលាមួយរយៈដើម្បីគិតពិចារណាអំពីបញ្ហារបស់យើង។ ជាបឋម យើងចាំបាច់ត្រូវរកឱ្យឃើញពីឫសគល់នៃបញ្ហា។ នៅពេលរកឃើញឫសគល់នៃបញ្ហាហើយ យើងត្រូវសញ្ជឹងគិតរកមើលដំណោះស្រាយម្តងមួយជំហានៗរហូតដល់ចប់។ បន្ទាប់មក យើងចាប់ផ្តើមអនុវត្តដំណោះស្រាយដោយសេចក្តីក្លាហាន ដោយភាពត្រឹមត្រូវ ដោយមនសិការ និងដោយមានទំនួលខុសត្រូវ។ បែបនេះ ទើបគេហៅថាមនុស្សពិតប្រាដកម្នាក់។ បញ្ហា វាកើតឡើងសម្រាប់ឱ្យយើងដោះស្រាយ មិនមែនសម្រាប់ឱ្យយើងសម្លាប់ខ្លួននោះទេ។ នៅពេលដែលយើងដោះស្រាយបញ្ហាមួយ នោះយើងកាន់តែឆ្លាតជាងមុនម្តង។ ហើយបើដោះស្រាយបញ្ហាបានច្រើនប៉ុណ្ណា នោះវាធ្វើឱ្យយើងមានចំណេះដឹង និងបទពិសោធច្រើនប៉ុននោះដែរ។ ដូច្នេះ ចូរផ្តល់ក្តីសង្ឃឹមឱ្យជីវិតដ៏មានតម្លៃរបស់យើង ហើយជាចុងក្រោយសូមកុំភ្លេចខ្សិបប្រាប់ខ្លួនឯងថា “ជីវិតខ្ញុំមានតម្លៃខ្លាំងណាស់ ខ្ញុំត្រូវតែបន្តរស់នៅឱ្យបានល្អបំផុតដើម្បីឱ្យសក្តិសមនឹងតម្លៃនេះ”៕
________
ស្មេរដោយ : ឧកញ៉ា ជា តុងហ៊ួរ
Credit Source: https://t.me/cheatonghourcth/678
No comments:
Post a Comment