ការអានសៀវភៅ គឺជាចំណែកមួយដ៏សំខាន់ក្នុងការបង្កើនកម្លាំងប្រាជ្ញារបស់មនុស្សយើង។ មនុស្សដែលអានសៀវភៅបានច្រើន គេនឹងក្លាយជាមនុស្សមានគំនិតប្រាជ្ញាឆ្លាតឈ្លាស និងមានឱកាសធ្វើកិច្ចការសំខាន់ៗសម្រាប់សង្គមជាតិ។ យ៉ាងណាមិញ មិនមែនឱ្យតែអានសៀវភៅ យើងនឹងទទួលបានចំណេះដឹងពេញៗភ្លាមៗដូចជាការបញ្ចូលកម្លាំងធាតុក្នុងរឿងហុងកុងនោះឡើយ ហើយក៏មិនមែនអ្វីៗដែលត្រូវបានសរសេរនៅក្នុងសៀវភៅសុទ្ធតែពិត សុទ្ធតែត្រឹមត្រូវ និងមានប្រយោជន៍ទេ។ ដូច្នេះ ដើម្បីអានសៀវភៅឱ្យទទួលបានផលជាអតិបរមា សូមលោកអ្នកអនុវត្តន៍តាមគន្លឹះទាំងប្រាំជាបន្តទៅនេះ។
១. អានសៀវភៅដោយផ្តោតអារម្មណ៍
ដើម្បីអានសៀវភៅចូល ឬអានឆាប់យល់ យើងចាំបាច់ត្រូវរកកន្លែងស្ងាត់ណាមួយដើម្បីអាន។ បន្ទាប់ពីបានកន្លែងស្ងាត់ល្អហើយ យើងត្រូវមានសម្ភារៈខ្លះៗដើម្បីជំនួយនៅពេលអាន ដូចជា highlighter ប៊ិក ខ្មៅដៃ បន្ទាត់ និងប្រដាប់សម្រាប់សៀតចំណាំជាដើម។ មុនពេលអាន យើងគប្បីបិទភ្នែកសមាធិប្រហែលដប់ ទៅដប់ប្រាំនាទីដើម្បីធ្វើឱ្យអារម្មណ៍មូល។ នៅពេលអាន យើងត្រូវផ្តោតយកចិត្តទុកដាក់តែទៅលើសៀវភៅរបស់យើងប៉ុននោះ។ រឿងរ៉ាវផ្សេងៗទៀត យើងកុំខ្វល់ខ្វាយឡើយ។ អ្វីដទៃ មិនថាជាមនុស្ស ឬជាវត្ថុ យើងត្រូវទុកឱ្យឆ្ងាយពីយើងដើម្បីកុំឱ្យពួកគេរំខានការអានរបស់យើង។ ជាក់ស្តែង ពេលអាន យើងគួរបិទសំឡេងទូរស័ព្ទ ឬបិទទូរស័ព្ទតែម្តង ហើយមិត្តភក្តិរបស់យើងទៀតសោត បើចាំបាច់យើងគប្បីប្រាប់ពួកគេឱ្យដឹងមុនថា ពេលនេះជាពេលយើងត្រូវអានសៀវភៅ សុំពួកគេកុំឱ្យរំខានយើងឱ្យសោះ។
២. អានសៀវភៅអមនឹងការស្រមៃ
នៅពេលអានសៀវភៅ យើងត្រូវចាប់ឱ្យបាននូវអត្ថន័យពីបន្ទាត់មួយទៅបន្ទាត់មួយ ពីប្រយោគមួយទៅប្រយោគមួយ ពីកថាខណ្ឌមួយទៅកថាខណ្ឌមួយ។ ទាល់តែក្តោបន័យរាល់ចំណុចតូចៗនៅក្នុងសៀវភៅបាន ទើបយើងអាចឈោងចាប់ន័យទាំងមូលរបស់សៀវភៅនោះយល់។ ម្យ៉ាងទៀត នៅពេលអានយើងត្រូវប្រើការស្រមៃពីរូបភាព ឬសកម្មភាពដែលប្រយោគនៅក្នុងសៀវភៅនោះបានរៀបរាប់។ ការប្រឹងស្រមៃនេះវាធ្វើឱ្យខួរក្បាលរបស់យើងធ្វើការយ៉ាងសកម្ម យើងការណ៍ដែលខួរក្បាលធ្វើការសកម្មបែបនេះ វាគឺជាគុណសម្បត្តិដ៏ល្អមួយ។ នៅត្រង់ចំណុចណាដែលយើងស្រមៃមិនចេញ នោះមានន័យថាជាចំណុចដែលយើងមិនធ្លាប់ស្គាល់ ឬជាចំណុចដែលយើងមិនយល់។ ដូច្នេះ ត្រូវប្រើ highlighter ឬប៊ិកដើម្បីគូសចំណាំ ហើយយើងអាចយកវាទៅសួរម្ចាស់សៀវភៅ ឬនរណាដែលអាចពន្យល់យើងបានអំពីចំណុចនេះ។
៣. អានសៀវភៅអមដោយការគិតពិចារណា
នៅពេលអានសៀវភៅ ព្រលឹងរបស់យើងត្រូវតែនៅក្នុងខ្លួន មិនមែនមាត់អានរូៗតែព្រលឹងហោះទៅស៊ីព្រលិតបាត់នោះឡើយ។ យើងមិនគួរអានប្រញាប់ឱ្យឆាប់ចប់ពេកទេ តែត្រូវអានឱ្យយល់ ហើយយល់ឱ្យច្បាស់ទៀតផង។ ដើម្បីយល់ពីន័យនៅក្នុងសៀវភៅ យើងត្រូវតែគិតពិចារណានៅពេលអាន។ ការគិតរបស់អ្នកអាន វាអាចខុសពីចេតនានៃការសរសេររបស់អ្នកនិពន្ធ។ ដូច្នេះ ចូរគិតឱ្យបានជ្រៅ និងគិតឱ្យបានវែងឆ្ងាយ។ ប្រសិនបើសៀវភៅណាដែលមិនអាចធ្វើឱ្យអ្នកអានគិតនោះទេ សៀវភៅនោះក៏មិនសូវមានប្រយោជន៍អ្វីដែរ។ សៀវភៅដែលមានប្រយោជន៍ គឺជាសៀវភៅដែលអ្នកអានអាចអានយល់ និងអាចយកទៅអនុវត្តន៍បង្កើតបានជាប្រយោជន៍ផងដែរ។ គន្លឹះសំខាន់មួយដែលជួយឱ្យខួរក្បាលរបស់យើងគិតពិចារណាបានល្អ គឺយើងត្រូវសួរសំណួរថា “ហេតុអ្វី...?”។ ហេតុអ្វីបានជាអ្នកនិពន្ធលើកឡើងបែបនេះ? តើចំណុចហ្នឹងពិតជាត្រឹមត្រូវមែន ឬយ៉ាងណា? តិចមិនមែនអ៊ីចឹងទេដឹង?... យើងចេះតែសួរហើយគិតៗជាបន្តបន្ទាប់បែបនេះ។ នៅពេលសួរ ខួរក្បាលរបស់យើងចាប់ផ្តើមគិតរកចម្លើយ ពីព្រោះគ្មាននរណាម្នាក់ជួយឆ្លើយយើងបានទេ។ ការណ៍ដែលគ្មានអ្នកជួយឆ្លើយនេះហើយដែលធ្វើឱ្យយើងខ្លួនឯងខំប្រឹងគិតពិចារណារហូតរកចម្លើយឃើញ។ នោះហើយដែលគេហៅថាបែកប្រាជ្ញា។ បើយើងឆ្ងល់ភ្លាម មានអ្នកជួយផ្តល់ចម្លើយភ្លាម នោះធ្វើម៉េចខួរក្បាលរបស់យើងបានធ្វើការ? ហើយបើខួរក្បាលមិនបានធ្វើការទេ នោះវាម៉េចនឹងអាចឆ្លាតវៃបាន?
៤. អានសៀវភៅដោយគ្រាន់តែទុកជាទិន្នន័យ
នៅពេលអានសៀវភៅណាមួយ យើងមិនគប្បីជឿស្លុងភ្លាមៗថាអ្វីដែលបានលើកឡើងក្នុងសៀវភៅនោះគឺសុទ្ធតែពិត សុទ្ធតែត្រឹមត្រូវនោះទេ។ យើងគ្រាន់តែអាន ហើយកត់ចំណាំទុកក្នុងខួរក្បាល។ នៅពេលក្រោយ យើងអានសៀវភៅថ្មីមួយទៀត អ្នកនិពន្ធផ្សេងអាចនឹងលើកឡើងខុសពីអ្នកនិពន្ធសៀវភៅដែលយើងអានលើកមុន ជាពិសេសគឺសៀវភៅប្រវត្តិសាស្រ្តតែម្តង។ នៅក្នុងព្រឹត្តិការណ៍តែមួយ សៀវភៅនេះអាចនិយាយថាបែបនេះ រីឯសៀវភៅនោះអាចនិយាយថាបែបនោះ។ ដូច្នេះ វាទាមទារឱ្យយើងអានសៀវភៅច្រើនក្បាល ទើបយើងអាចមានទិន្នន័យគ្រប់គ្រាន់សម្រាប់ផ្ទៀងផ្ទាត់ថាអ្វីត្រូវអ្វីខុស។ សូមជឿខ្ញុំចុះ ឱ្យតែយើងអានសៀវភៅបានច្រើន នោះយើងនឹងចេះគិត និងចេះថ្លឹងថ្លែងហេតុការណ៍បានល្អជាងអ្នកដទៃដែលមិនសូវអានសៀវភៅ ឬមិនអានសៀវភៅ។
៥. អានសៀវភៅដោយយកទៅអនុវត្តន៍
ក្រោពេលអានយល់ទ្រឹស្តីនៅក្នុងសៀវភៅ យើងគប្បីយកទ្រឹស្តីនោះមកអនុវត្តន៍។ នៅពេលខ្លះ អ្វីដែលបានសរសេរក្នុងសៀវភៅហាក់ដូចជាល្អប្រពៃណាស់ តែដល់ពេលយើងយកវាមកប្រតិបត្តិ បែរជាទទួលលទ្ធផលផ្ទុយស្រឡះទៅវិញ។ ឧទាហរណ៍ គេសេរសេរថា “ចេះមកពីរៀន មានមកពីរក”។ តែជាក់ស្តែង មានអ្នកខ្លះរៀនដែរ ម៉េចក៏រៀនមិនចេះ ហើយអ្នកខ្លះរកដែរ តែហេតុអ្វីក៏មិនមាន។ ការសរសេរអត្ថបទ វាមិនស្មុគស្មាញដូចជាការអនុវត្តន៍ជាក់ស្តែងនោះទេ។ មានរឿងខ្លះ វាត្រឹមត្រូវចំពោះគេ តែវាខុសចំពោះយើង។ ដូច្នេះ មានតែការធ្វើពិសោធជាក់ស្តែងប៉ុននោះ ដែលធ្វើឱ្យយើងអាចដឹងថាសៀវភៅដែលយើងអាននោះពិតជាសរសេរបានត្រឹមត្រូវ ឬគ្រាន់តែសរសេរតាមការនឹកឃើញឱ្យតែរួចពីដៃ៕
______________
ស្មេរដោយ ជា តុងហ៊ួរ
Credit Source: https://t.me/cheatonghourcth/562
No comments:
Post a Comment