🎯 ៣ ប្រភព ដែលយើងអាចរៀនសូត្របាននៅក្រៅសាលា - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, March 31, 2022

🎯 ៣ ប្រភព ដែលយើងអាចរៀនសូត្របាននៅក្រៅសាលា

នៅពេលដែលនិយាយអំពីការសិក្សារៀនសូត្រ ច្បាស់ជាពុំសូវមានអ្នកចាប់អារម្មណ៍ច្រើននោះទេ។ មិនចាប់អារម្មណ៍ពីព្រោះវាជាប្រធានបទដែលមនុស្សជាច្រើនធ្លាប់បានឮគេនិយាយជាច្រើនហូរហែមកហើយ។ យ៉ាងណាមិញ ការសិក្សាររៀនសូត្រ មានសារសំខាន់សម្រាប់ជីវិតយើងប្រៀបដូចជាខ្យល់ដែលយើងដកកង្ហើយគ្រប់វិនាទីអ៊ីចឹង។ ថ្វីបើយើងមិនសូវចាប់អារម្មណ៍ពីខ្យល់ តែនៅពេលអវត្តមានខ្យល់ នោះទើបយើងភ្ញាក់ខ្លួនថា តើខ្យល់មានសារសំខាន់ប៉ុណ្ណាសម្រាប់ជីវិតយើង។ នៅថ្ងៃនេះ សូមកុំតូចចិត្តនឹងខ្លួនឯង បើខ្លួនរៀនមិនបានខ្ពង់ខ្ពស់ ពីព្រោះថាអ្នកនឹងបានដឹងប្រភពសំខាន់ៗចំនួន ៣ ដែលអ្នកអាចស្វែងរកចំណេះដឹងពីទីនោះ ហើយយកទៅប្រើការបានប្រកបដោយប្រសិទ្ធភាព។ តើប្រភពនៃចំណេះដឹងទាំង ៣ នោះមាននៅទីណាខ្លះ? សូមអញ្ជើញតាមដានជាបន្តទាំងអស់គ្នាដូចតទៅ។ 

 📚 ១. សៀវភៅ 

តាំងពីសម័យបុរាណមក សៀវភៅគឺជាឃ្លាំងចំណេះដឹងដ៏មានឥទ្ធិពលដែលមនុស្សពីសម័យកាលមួយទៅសម័យកាលមួយប្រើប្រាស់ដើម្បីផ្ទេរចំណេះវិជ្ជា ក្បួនច្បាប់ និងអាថ៌កំបាំងផ្សេងៗទៅកូនចៅជំនាន់ក្រោយ។ មិនថាអ្នកមានជីវភាពបែបណា កំពុងរស់នៅទីកន្លែងណា និងមានអាយុប៉ុន្មាននោះឡើយ ចូរអ្នកចាប់កាន់សៀវភៅកុំបោះបង់ឱ្យសោះ។ បើអ្នកបោះបង់សៀវភៅហើយ នោះជីវិតអ្នកនឹងគ្មានការរីកចម្រើននោះទេ។ សៀវភៅ មិនត្រឹមដែលអាចរកច្រកឱ្យយើងអាចចិញ្ចឹមក្រពះបានទេ វាថែមទាំងធ្វើឱ្យយើងចេះពីរបៀបរស់នៅឱ្យមានសេចក្តីសុខសុភមង្គលទៀតផង។ មិនថាអ្នកមានលុយច្រើនប៉ុណ្ណាឡើយ បើអ្នកគ្មានចំណេះដឹងទេ នោះអ្នកនៅតែមិនអាចរស់នៅប្រកបដោយសេចក្តីសុខសន្តិភាព។ សៀវភៅមានច្រើនប្រភេទណាស់ ដែលនេះវាតម្រូវឱ្យយើងត្រូវតែចេះជ្រើសរើសសៀវភៅអានឱ្យចំ ពោលគឺសៀវភៅត្រូវ។ បើអានប៉ាតណាប៉ាណី នោះវានាំឱ្យខាតទាំងប្រាក់កាស កម្លាំង និងពេលវេលា។ នៅពេលជ្រើសរើសសៀវភៅអាន យើងត្រូវយកចិត្តទុកដាក់លើអ្នកនិពន្ធ អ្នកប្រែសម្រួល គ្រឹស្ថានបោះពុម្ព។ល។ នៅពេលអានទៀតសោត យើងត្រូវតែចេះពីរបៀបអានដោយអានយ៉ាងណាឱ្យមានប្រសិទ្ធភាពបំផុត។ ពោលគឺអានដោយការគិតពិចារណា ដោយស្រមៃ ដោយមានប៊ិក ខ្មៅដៃ បន្ទាត់ និង highlighter សម្រាប់កត់ត្រាចំណាំ។ បន្ថែមលើនេះ យើងត្រូវតែប្រឆាំងជំទាស់នឹងគំនិតអ្នកនិពន្ធត្រង់ចំណុចណាដែលយើងយល់ថាមិនសមគួរ ឬមិនត្រឹមត្រូវ ហើយសរសេរគំនិតរបស់យើងបញ្ចូលទៅវិញ (ត្រង់ជាយសៀវភៅ ឬសៀវភៅដៃ)។ ការធ្វើបែបនេះ វាធ្វើឱ្យគំនិតរបស់យើងកាន់តែរីកចម្រើន និងឆ្លាតវៃ។ ជាពិសេស គឺយើងមិនក្លាយជាទាសករនៃគំនិតរបស់អ្នកនិពន្ធសៀវភៅ។ 

 📡 ២. អិនធ័រណិត 



នៅក្នុងសម័យកាលនេះ ថ្វីបើយើងមិនបានរៀនសូត្រពេញលេញនៅក្នុងសាលា តែយើងក៏នៅមានប្រភពចំណេះដឹងដ៏ធំអស្ចារ្យមួយ គឺអិនធ័រណិត។ អិនធ័រណិត អាចផ្តល់ចម្លើយចំពោះចម្ងល់របស់យើងបានរហូតដល់ទៅជាង៨០%។ តើអ្នកចង់ដឹងអ្វី? Google អាចឆ្លើយប្រាប់អ្នកបាន ជាពិសេសបើអ្នកចេះភាសាអង់គ្លេសគួរសមទៀតនោះ Google វាកាន់តែចូលចិត្តអ្នក។ តើអ្នកចង់រៀនអ្វី? សាកលវិទ្យា YouTube អាចផ្តល់អាហារូបករណ៍ឱ្យអ្នកចូលរៀនដោយមិនបាច់បង់ថ្លៃសិក្សា។ ឱ្យតែយើងតាំងចិត្តរៀន មេរៀនដែលមាននៅក្នុងវីដេអូយូធូបពិតជាមានប្រសិទ្ធភាពអាចប្រើការបាន១០០%។ អ្នកអាចសិក្សារៀនសូត្រនៅក្នុង YouTube ដូចជា ភាសាបរទេស, កុំព្យូទ័រ, ការជួសជុលម៉ាស៊ី, វិស្វកម្ម, កសិកម្ម, វិទ្យាសាស្រ្ត។ល។ និង។ល។ អ្វីដែលជាតម្រូវការសម្រាប់ការរៀនតាមអិនធ័រណិត គឺការតាំងចិត្តខ្ពស់ ពេលវេលា ឧបករណ៍ដូចជាទូរស័ព្ទ ឬកុំព្យូទ័រ និងប្រាក់សម្រាប់ថ្លៃសេវាអិនធ័រណិត។ ប្រសិនបើអ្នកមានលទ្ធភាពសម្រាប់តម្រូវការទាំងនេះហើយ នោះអ្នកនឹងអាចក្លាយជាមនុស្សជោគជ័យម្នាក់ បើទោះបីជាអ្នកមិនបានចូលសិក្សានៅមហាវិទ្យាល័យក៏ដោយ។ យ៉ាងណាមិញ អ្វីដែលបានលើកឡើងនេះ គឺក្នុងគោលបំណងផ្តល់មធ្យោបាយដល់អ្នកដែលពុំមានលទ្ធភាពបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់នៅមហាវិទ្យាល័យប៉ុននោះ។ សម្រាប់អ្នកដែលមានលទ្ធភាព ការបន្តការសិក្សាគឺជាជម្រើសប្រសើរបំផុតដែលអ្នកត្រូវតែធ្វើដើម្បីឱ្យជីវិតជោគជ័យ រស់នៅក្នុងសេចក្តីសុខថ្លៃថ្នូរ និងសន្តិភាព។ 

 💎 ៣. មនុស្សចាស់ 

ជនជាតិអាហ្រ្វិកមានសុភាសិតមួយ នោះគឺ “មនុស្សចាស់ម្នាក់ស្លាប់ ប្រៀបដូចជាបណ្ណាល័យមួយត្រូវឆេះ”។ មនុស្សចាស់ គឺជាបុគ្គលដែលមានបទពិសោធច្រើននៅក្នុងជីវិត។ ប្រសិនបើយើងល្អែងជជែកលេង និងស្តាប់ការនិយាយរបស់មនុស្សចាស់ នោះយើងនឹងទទួលបានចំណេះដឹង និងព័ត៌មានល្អៗផ្សេងៗដែលធ្វើឱ្យយើងមានសមត្ថភាពលើសក្មេងៗដទៃរាប់សិបដងឯណោះ។ ចូរយើងចំណាំមើលចុះ ក្មេងៗដែលចូលចិត្តស្តាប់មនុស្សចាស់និយាយ ឬមានមិត្តភក្តិជាមនុស្សចាស់ជាងខ្លួន គេច្រើនតែឆ្លាតវៃជាងក្មេងៗដែលមានអាយុស្របាលៗនឹងគេ។ ដូច្នេះ ចូរយើងសេពគប់រាប់អានមនុស្សចាស់ៗឱ្យបានច្រើន ហើយឱ្យគាត់ប្រើយើងឱ្យបានច្រើន នោះយើងនឹងកើនប្រាជ្ញាច្រើនទៅតាមនោះដែរ។ ប៉ុន្តែ សូមកុំភ្លេចចំណុចសំខាន់មួយ គឺយើងត្រូវសេពគប់តែមនុស្សចាស់ណាដែលមានចំណេះដឹង មានគុណធម៌ មានបទពិសោធជីវិតច្រើន និងមានឆន្ទៈនៅក្នុងការចែករម្លែក។ ចំពោះមនុស្សចាស់ដែលទីទៃពីនេះ សូមកុំយកខ្លួនបៀតឡើយ ព្រោះនាំឱ្យយើងខាតពេលខាតកម្លាំង និងអាចនាំយើងដើរផ្លូវខុសទៀតផង៕ 

ស្មេរដោយ : Chea Tong Hour 
Credit source: https://t.me/cheatonghourcth/691

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here