មនុស្ស ៣ ប្រភេទ ដែលងាយជួបរឿងបរាជ័យបំផុត - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, March 18, 2022

មនុស្ស ៣ ប្រភេទ ដែលងាយជួបរឿងបរាជ័យបំផុត

នៅពេលបានឃើញចំណងជើងនេះ លោកអ្នកប្រហែលជាបន់កុំឱ្យខ្លួនស្ថិតនៅក្នុងប្រភេទណាមួយនៃមនុស្សដែលងាយនឹងជួបរឿងបរាជ័យ។ ប៉ុន្តែសូមកុំបារម្ភ បន្តិចទៀតនេះ លោកអ្នកច្បាស់ជាបានជ្រាបសេចក្តីលម្អិតអំពីមនុស្ស ៣ ប្រភេទនោះ។ ដើម្បីកុំឱ្យខាតពេលយូរ សូមអញ្ជើញលោកអ្នកតាមដានអស់គ្នា តើមនុស្ស ៣ ប្រភេទ ដែលងាយចួបរឿងបរាជ័យក្នុងជីវិត មានអ្វីខ្លះ។ 

១. មនុស្សដែលគ្មានភាពជឿជាក់លើខ្លួនឯង

ការជឿជាក់លើខ្លួនឯង គឺជាលក្ខណៈសម្បត្តិរបស់មនុស្សឯករាជ្យ។ មនុស្សដែលមានជំនឿជាក់លើខ្លួនឯង ជាមនុស្សរឹងមាំ និងស្គាល់ខ្លួនឯងបានច្បាស់ជាងអ្នកដទៃស្គាល់ខ្លួន។ មនុស្សដែលមានការជឿជាក់លើខ្លួនឯង ជាមនុស្សដែលសម្រេចចិត្តធ្វើអ្វីៗដោយខ្លួនឯង និងហ៊ានទទួលខុសត្រូវរាល់លទ្ធផលដែលកើតចេញពីការសម្រេចចិត្តនោះ។ តើធ្វើម៉េចទើបយើងអាចមានភាពជឿជាក់លើខ្លួន? ដើម្បីមានភាពជឿជាក់លើខ្លួនឯង យើងត្រូវឈ្វេងយល់ពីខ្លួនឯងឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ យើងត្រូវរកឱ្យឃើញថា ខ្លួនឯងខ្លាំងអ្វី ខ្លួនឯងខ្សោយអ្វី ខ្លួនឯងចូលចិត្តអ្វី ខ្លួនឯងស្អប់អ្វី ខ្លួនឯងចង់ក្លាយជាអ្វី។ល។ ចំណុចមួយទៀតដែលធ្វើឱ្យយើងមានភាពជឿជាក់លើខ្លួនកាន់ខ្លាំង គឺចំណេះដឹង។ បើគ្មានចំណេះដឹងគ្រប់គ្រាន់ទេ ការជឿជាក់លើខ្លួនឯង នឹងក្លាយជាភាពល្ងង់ខ្លៅ ឬមោទនភាពលើខ្លួនឯងហួសហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ទាំងចំពោះខ្លួនឯង និងអ្នកដទៃ។ 

កាលណាយើងមានចំណេះកាន់តែច្រើន នោះការសម្រេចចិត្តរបស់យើងក៏កាន់មានភាគរយត្រឹមត្រូវខ្ពស់។ ផ្ទុយទៅវិញ បើយើងខ្វះចំណេះដឹង នោះយើងច្រើនតែមិនហ៊ានសម្រេចចិត្តលើរឿងអ្វីមួយ ហើយតែងតែពឹងលើការសម្រេចចិត្តរបស់អ្នកដទៃ។ នេះ វាមិនខុសអីពីយកវាសនាជីវិតខ្លួនឯងទៅផ្ញើក្នុងកណ្តាប់ដៃអ្នកដទៃនោះទេ។ បើបែបនេះ តើឱ្យជីវិតយើងវិវឌ្ឍទៅរកភាពរីកចម្រើនបានយ៉ាងម៉េចទៅ? 

២. មនុស្សដែលគ្មានក្តីសុបិន

ក្តីសុបិនត្រង់នេះមិនមែនសំដៅលើការយល់សប្តិនៅពេលដេកនោះទេ។ ក្តីសុបិនទីនេះ គឺសំដៅទៅលើគោលដៅ និងការស្រមៃចង់បាននាពេលអនាគត។ ក្តីសុបិន គឺជាមេដែកដែលទាញមនុស្សម្នាក់ឱ្យធ្វើដំណើរបានឆ្ងាយជាងមនុស្សម្នាក់ទៀត។ ដោយសារក្តីសុបិន កូនកសិករម្នាក់អាចក្លាយជាប្រធានាធិបតីអាម៉េរិក (Abraham Lincoln)។ ក្តីសុបិន បង្កើតឱ្យមានសហគ្រិនចំណានៗលើពិភព។ ក្តីសុបិន បង្កើតឱ្យមានមហាសេដ្ឋីរាប់សិបនាក់លើពិភពលោក។ ក្តីសុបិន បង្កើតឱ្យមានអ្នកវិទ្យសាស្រ្តល្បីៗលើពិភពលោក។ 

ក្តីសុបិន ការចង់បាន និងគោលដៅដែលយើងបានកំណត់ វាគឺប្រភពកម្លាំងចិត្តដែលជំរុញយើងឱ្យធ្វើដំណើរទៅមុខយ៉ាងស្វិតស្វាញ។ នៅក្នុងដំណើរឆ្ពោះទៅរក្តីសុបិន យើងនឹងត្រូវចួបឧបសគ្គរារាំងជាច្រើន ហើយឧបសគ្គទាំងនេះឯងដែលធ្វើឱ្យយើងរឹងមាំបន្តិចម្តងៗ។ 

សម្រាប់មនុស្សដែលគ្មានក្តីសុបិនវិញ គេងាយនឹងបរាជ័យបំផុត។ ងាយនឹងបរាជ័យ ព្រោះគេគ្មានប្រភពលើកកម្លាំងចិត្ត និងគ្មានវត្ថុបំណងច្បាស់លាស់នៅក្នុងការធ្វើការងារអ្វីមួយ។ ភាគច្រើន គេធ្វើព្រោះតែមានមេបញ្ជា ឬចៅហ្វាយប្រើឱ្យធ្វើ មិនមែនគេធ្វើព្រោះតែគេមានគោលដៅនោះទេ។ ម៉្លោះហើយ មនុស្សគ្មានក្តីសុបិន មិនខុសអីពីមនុស្សដើរព្រៃពេលយប់គ្មានចង្កៀងនោះឡើយ។ 

៣. មនុស្សដែលចុះចាញ់ដោយងាយៗ

ពាក្យថា “ចុះចាញ់” គឺជាគូរនឹងពាក្យ “បរាជ័យ”។ ហើយបើចុះចាញ់ដោយងាយ នោះក៏ងាយនឹងបរាជ័យទៅតាមនោះដែរ។ នៅលើលោកនេះ តើធ្វើអ្វីដែលមិនពិបាក ឬមិនចួបទុក្ខវេទនានោះ។ ចង់សម្រេចកិច្ចការធំ គឺរឹតតែត្រូវចួបសត្រូវធំ។ ជីវិតមនុស្សយើង បើប្រឹង គឺត្រូវចួបការលំបាក តែបើមិនប្រឹង គឺរឹតតែត្រូវជួបទុក្ខធំ។ គ្មាននរណាម្នាក់អាចរស់នៅសោយសុខមានសុភមង្គលដោយសារភាពខ្ជិលច្រអូស ឬភាពរួរាចុះញ៉មរបស់ខ្លួននោះទេ។ ជោគជ័យដែលគួរជាទីមានមោទនភាពបំផុតនោះ គឺជាជោគជ័យដែលកើតឡើងពីការតស៊ូពុះពារហែលឆ្លងទុក្ខលំបាកគ្រប់យ៉ាង។ បើអ្នកចុះចាញ់អ្វីៗដោយងាយៗ នោះអ្នកគ្មានថ្ងៃបានភ្លក្សរសជាតិនៃភាពជោគជ័យបានទេ។ ផ្ទុយទៅវិញ អ្នកនឹងត្រូវរស់រងទុក្ខលំបាកដោយសារតែអ្នកខ្លាចការលំបាកនោះហើយ។ មិនមែនថាយើងមិនអាចបោះបង់កិច្ចការណាមួយនោះទេ។ ច្បាស់ណាស់ វាពិតជាមានកិច្ចការខ្លះ ឬរឿងរ៉ាវមួយចំនួនដែលយើងត្រូវបោះបង់ ប៉ុន្តែមុននឹងសម្រេចចិត្តបោះបង់សូមគិតឱ្យបានច្បាស់លាស់ និងប្រាកដថាអ្នកបានប្រឹងអស់លទ្ធភាពហើយ ហើយការបោះបង់នោះ គឺជាជម្រើសរើសល្អជាងគេ៕

____________

Credit Source: https://t.me/cheatonghourcth/601

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here