រូបមន្តទាំង ៧ ដើម្បីក្លាយជាអ្នកមានពីកំពូលអ្នកមាននៅបាប៊ីឡូន - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, March 18, 2022

រូបមន្តទាំង ៧ ដើម្បីក្លាយជាអ្នកមានពីកំពូលអ្នកមាននៅបាប៊ីឡូន

តើអ្នកចង់ក្លាយជាអ្នកមានដែរ ឬទេ? ច្បាស់ណាស់ នរណាទៅដែលមិនចង់ក្លាយជាអ្នកមាន? មនុស្សស្ទើរតែមួយពិភពលោកសុទ្ធតែមានបំណងចង់ក្លាយជាអ្នកមាន ប៉ុន្តែជាក់ស្តែងមានមនុស្សតិចតួចប៉ុននោះដែលសម្រេចការចង់បានរបស់ខ្លួនក្លាយទៅជាអ្នកមាន។ តើអ្វីទៅដែលស្ថិតនៅពីក្រោយភាពខុសគ្នានៃមនុស្សដែលបានត្រឹមតែចង់ក្លាយជាអ្នកមាន និងមនុស្សដែលក្លាយជាអ្នកមានពិតប្រាកដ? នោះគឺ “រូបមន្តក្លាយជាអ្នកមាន”។ មនុស្សដែលអាចប្រែក្លាយជាអ្នកមានបាន គឺពួកគេដឹងពីរបៀបក្លាយជាអ្នកមាននោះឯង។ ជាបន្តទៅនេះ សូមចែករំលែកដល់លោកអ្នកនូវរូបមន្ត ៧ យ៉ាង ដើម្បីក្លាយជាអ្នកមានពីកំពូលអ្នកមាននៅក្រុងបាប៊ីឡូនសម័យបុរាណ។ តុះ! ទៅមើលទាំងអស់គ្នាដូចតទៅ។ 

១. ប្រឹងប្រែងរកលុយចូលកាបូប

ចំណុចទីមួយដើម្បីក្លាយជាអ្នកមាន យើងចាំបាច់ត្រូវមានចិត្តចង់ក្លាយជាអ្នកមាន។ បន្ទាប់ពីមានចិត្តមានការស្រមៃចង់ក្លាយជាអ្នកមានហើយ នោះយើងត្រូវរិះរកមធ្យោបាយដើម្បីរកលុយចូលក្នុងកាបូបលុយរបស់យើង។ ការណ៍ដែលគ្រាន់តែស្រមៃ វាមិនអាចធ្វើឱ្យយើងមានលុយបានភ្លាមទេ ពោលគឺទាល់តែយើងប្រឹងប្រែងរកលុយតាមគ្រប់វិធីសុចរិតដែលខ្លួនអាចធ្វើបាន។ ចាស់ៗខ្មែរយើងលោកពោលថា “នឿយមុនស្រណុកក្រោយ ឬចង់ឆ្ងាញ់ឱ្យរកអន្លក់”។ ប្រសិនបើយើងចង់រស់នៅស្រណុកមិនលំបាកវេទនាព្រោះរឿងលុយកាក់ យើងត្រូវតែប្រឹងរកលុយឱ្យបានច្រើនពីឥឡូវនេះតទៅ។ នៅពេលដែលកាបូបលុយរបស់យើងប៉ោងឡើងបន្តិចម្តងៗជារៀងរាល់ថ្ងៃ នោះយើងក៏រឹងរឹតតែមានកម្លាំងចិត្តខ្លាំងឡើងក្នុងការរកចំណូលបន្ថែមទៀត។ 

២. ទប់ស្កាត់ការចំណាយ

ទោះបីជាអ្នករកបានលុយច្រើនប៉ុនណាក៏ដោយ បើមិនចេះទុកដាក់រក្សាឱ្យគង់ទេ វានឹងហូរចេញទៅវិញអស់។ ទម្លាប់សន្សំសំចៃ គឺជារឿងល្អបំផុត។ លុយនៅក្នុងសម័យនេះ ពិបាករកណាស់ ដូច្នេះមួយកាក់មួយសេនមុននឹងយើងដកចេញពីហោប៉ៅ យើងចាំបាច់ត្រូវតែគិត។ អ្វីគួរចាយសឹមយើងចាយ កុំចេះតែដៃទូលាយទៅតាមអារម្មណ៍ជ្រួលជ្រើមឱ្យសោះ។ កាលណាយើងអាចទប់ស្កាត់ការចំណាយមិនឱ្យខ្ជីខ្ជាយ នោះប្រាក់របស់យើងនឹងកើនឡើងកាន់តែច្រើន និងឆាប់រហ័ស។ តាមរបៀបនេះ គឺមានន័យថាយើងកំពុងតែដើរលើវិថីឆ្លោះទៅរកភាពមានបានហើយ។ 

៣. ធ្វើឱ្យលុយបង្កើតកូនបង្កើតចៅ

ប្រសិនបើយើងចាយប្រាក់ដែលយើងរកបាន នោះស្មើនឹងយើងយកស្រូវពូជមកកិនអង្ករដាំបាយហើយ ឬដូចចាស់ៗលោកនិយាយថា “ស៊ីស្រូវពូជ”។ លុយដែលអាចធ្វើឱ្យយើងក្លាយជាអ្នកមាន គឺជាលុយដែលបង្កើតកូនបង្កើតចៅ បង្កើតចៅទូត ចៅលួតចៅលាបន្តគ្នាឱ្យយើង។ តើធ្វើយ៉ាងណាទើបអាចឱ្យលុយបង្កើតកូនបាន? គឺតាមរយៈការវិនិយោគរកស៊ី។ ការវិនិយោគរកស៊ីនេះទៀតសោត យើងមិនមែនចេះធ្វើម៉ាៗយកតែស៊ងនោះឡើយ។ យើងគប្បីរកស៊ីលើអ្វីដែលយើងចេះ និងមានបទពិសោធ។ បើយើងមិនចេះ យើងត្រូវរករៀន រកសួរ រកទីប្រឹក្សាសិន។ បើចង់រកស៊ីចងការប្រាក់ យើងត្រូវតែទៅសួរអ្នករកស៊ីចងការប្រាក់ ឬបើចង់រកស៊ីទិញលក់ដី យើងត្រូវទៅសួរសុំការណែនាំ ឬមេរៀនពីអ្នករកស៊ីទិញលក់ដី។ តាមពិតទៅ មានវិធីសាស្រ្តច្រើនណាស់ដែលអាចធ្វើឱ្យលុយបង្កើតកូនបាន ដូច្នេះ ចូរយើងធ្វើតាមស្ថានភាពជាក់ស្តែងរបស់យើងម្នាក់ៗ។ 

៤. ការពារទ្រព្យដែលរកបានកុំឱ្យបាត់បង់

ទ្រព្យសម្បត្តិដែលយើងរកបាន មិនថាលុយ ដី ផ្ទះសំបែង ឬគោក្របី យើងត្រូវតែរក្សាថែឱ្យគង់វង្សកុំឱ្យបាត់បង់។ បើក្នុងករណីចាំបាច់ យើងអាចលក់ ឬប្រើប្រាស់ទ្រព្យមួយចំណែកណាមួយដើម្បីយកទៅវិនិយោគរកស៊ីបង្កើនទ្រព្យសម្បត្តិ។ ប៉ុន្តែ ដាច់ខាតកុំយកទ្រព្យដែលយើងរកបានមកដោយលំបាកទៅបោះចោលនៅបនល្បែង នៅតៀមស្រា ឬនៅបនស្រីឱ្យសោះ។ ល្បែង ស្រី ស្រា និងគ្រឿងញៀនញ៉ាមទាំងឡាយ សុទ្ធតែជាប្រភពនៃសេចក្តីវិនាសទ្រព្យ។ ចូរអ្នកចងចាំថា “ទេវតាសំណាងមិនដែលនៅបនល្បែង ស្រីងប់នឹងប្រុសរមែងអស់ព្រហ្មចារី ប្រុសងប់នឹងស្រីរមែងរាសីដាក់”។ រីឯចំពោះសុរា និងថ្នាំញៀនវិញ គឺសាហាវជាងគ្រោះលិចទូកកណ្តាល និងភ្លើងឆេះផ្ទះទៅទៀត។ ដូច្នេះ សូមរក្សាទ្រព្យសម្បត្តិរបស់យើងឱ្យបានល្អ ហើយចៀសវាងឱ្យឆ្ងាយពីប្រភពដែលនាំឱ្យរលាយទ្រព្យដូចបានពោលអំបាញ់មិញនេះ។ 

៥. សង់ផ្ទះមួយជាទីលំនៅច្បាស់លាស់

ដើម្បីក្លាយជាអ្នកមានម្នាក់ យើងត្រូវមានលំនៅឋានមួយច្បាស់លាស់សិន។ យើងត្រូវដឹងថា មនុស្សគ្មានផ្ទះ ឬលំនៅពិតប្រាកដ មិនខុសអីពីមនុស្សខ្ចាត់ព្រាត់។ តើនរណាទៅដែលទុកចិត្តលើមនុស្សខ្ចាត់ព្រាត់? ខ្មែរយើងចំណាំនិយាយថា “ឈើកោងវល្លិ៍ព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត”។ យើងត្រូវសន្សំលុយធ្វើផ្ទះមួយឱ្យគ្រួសារប្រពន្ធកូនរស់នៅបានសមរម្យ។ មានផ្ទះហើយ អ្នកផងជុំវិញនឹងទុកចិត្តរាប់រកជាគ្នា ដែលនេះធ្វើឱ្យយើងមានអារម្មណ៍កក់ក្តៅពោរពេញដោយក្តីស្រឡាញ់ និងសេចក្តីសុខក្នុងគ្រួសារ។ បើគ្រួសារដែលជាសមរភូមិក្រោយមានសុវត្ថិភាពហើយ នោះយើងនឹងមានទឹកចិត្តពុះពារប្រយុទ្ធនៅលើសមរភូមិមុខជាបន្តទៀតដើម្បីឈានទៅសម្រេចគោលដៅក្លាយជាអ្នកមាន។ 

៦. រៀបចំប្រាក់ចំណូលសម្រាប់ថ្ងៃអនាគត់

អនាគតនឹងក្លាយជាបច្ចុប្បន្ន ហើយបច្ចុប្បនឹងប្រែក្លាយជាអតីតកាល។ ដូច្នេះ ដើម្បីឱ្យបច្ចុប្បន្នមានលទ្ធផលល្អ យើងត្រូវតែត្រៀមរៀបចំអ្វីៗសម្រាប់ព្រឹត្តិការណ៍អនាគត។ ថ្វីបើថ្ងៃស្អែកយើងមិនដឹងថាមានរឿងអ្វីកើតឡើងមែន ប៉ុន្តែយ៉ាងហោចណាស់យើងអាចដឹងថា ក្រពះរបស់យើងត្រូវការអាហារ ប្រពន្ធកូនរបស់យើងត្រូវការហូបចុក និងកន្លែងដេកពួន កូនៗរបស់យើងត្រូវការទៅសាលា ហើយភរិយារបស់យើងត្រូវការគ្រឿងអលង្កាដើម្បីលើកកិត្តិយសខ្លួនក្នុងចំណោមមិត្តនារីរបស់នាង។ ទាំងអស់នេះហើយគឺជាមូលហេតុដែលយើងចាំបាច់ត្រូវតែគិត រៀបចំផែនការ និងធ្វើសកម្មភាព ដើម្បីធានាថាអនគតរបស់យើង និងមនុស្សជាទីស្រឡាញ់របស់យើងមានភាពល្អប្រសើរ។ លោកអ្នកប្រហែលជាធ្លាប់បានឮសម្តីដែលគេចំណាំនិយាយលេងថា “ទៅខ្វល់អី! មានលុយ ចាយឱ្យហើយទៅ។ ពេលស្លាប់ទៅ ចាយមិនកើតទេ។” មែនហើយ ត្រឹមត្រូវម្យ៉ាងដែរ តែសំខាន់ លុយចាយអស់ហើយ នៅឡើយយើងមិនទាន់ស្លាប់ តើគិតយ៉ាងម៉េច? គឺច្បាស់ជាត្រូវរស់ តែរស់យ៉ាងលំបាកវេទនា។ ដូច្នេះ ចូរត្រៀមជើងព្រូលជានិច្ចសម្រាប់ប្រភពចំណូលនាថ្ងៃអនាគត។ 

៧. បង្កើនសមត្ថភាពរកចំណូល

ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ អតិផរណាចេះតែកើនឡើង។ ពេលនេះ លុយពីររយរៀលលែងទិញបបរគ្រឿងបានមួយចានធំដូចកាលពី២០ឆ្នាំមុនទៀតហើយ។ ទំនិញចេះឡើងថ្លៃ បើយើងមិនអាចបង្កើនចំណូលពីមួយឆ្នាំទៅមួយឆ្នាំ នោះអតិផរណានឹងជាន់កយើងស្លាប់ជាមិនខាន។ ដើម្បីអាចរកប្រាក់ចំណូលបន្ថែមបាន យើងត្រូវតែអភិវឌ្ឍសមត្ថភាពរកចំណូលរបស់យើង។ ដើមឈើដែលលែងលាស់ត្រួយថ្មី ជាសញ្ញានៃការស្លាប់ រីឯមនុស្សដែលគ្មានការអភិវឌ្ឍសមត្ថភាពចំណេះជំនាញទៅមុខក៏មិនខុសអីពីមនុស្សស្លាប់ទាំងរស់ស្អុយទាំងស្រស់នោះដែរ។ ដូច្នេះ ចូរកុំប្រមាថ ឬមានមោទនភាពនឹងចំណូលដែលខ្លួនរកបាននាបច្ចុប្បន្ននេះខ្លាំងពេក តែយើងត្រូវរកវិធីធ្វើយ៉ាងណារកចំណូលឱ្យបានច្រើនជាបន្តបន្ទាប់។ ធ្វើដូច្នេះបាន ទើបយើងអាចក្លាយជាអ្នកមាន៕

_________

ស្មេរដោយ : ឧកញ៉ា ជា តុងហ៊ួរ

Credit Source: https://t.me/cheatonghourcth/611

1 comment:

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here