កុំខ្លាចឧបសគ្គ ៤ យ៉ាងនេះ - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, September 02, 2022

កុំខ្លាចឧបសគ្គ ៤ យ៉ាងនេះ



🦅កុំខ្លាចឧបសគ្គ ៤ យ៉ាងនេះ


ថ្វីបើមនុស្សយើងកើតមកភ្ជាប់ជាមួយនឹងអារម្មណ៍ភ័យខ្លាច ប៉ុន្តែនេះមិនមែនមានន័យថាយើងត្រូវតែខ្លាចគ្រប់រឿងខ្លាចគ្រប់ឧបសគ្គការណ៍លំបាកនោះឡើយ។ សត្វព្រាបឆ្លាតដឹងថាច្បាស់ថាណាជាសំឡេងលោកទូងស្គណាជាសំឡេងសម្រិបជើងព្រាន រីឯមនុស្សឆ្លាតរមែងយល់កាលៈទេសៈ ដឹងថាអ្វីគួរខ្លាច អ្វីមិនគួរខ្លាច។ មានមនុស្សជាច្រើន ដោយការភ័យខ្លាច ពួកគេបានយកអ្វីមួយចំនួនមកដាក់ពីមុខធ្វើជារនាំងមិនឱ្យខ្លួនរីកចម្រើនទៅមុខ ទាំងដែលអ្វីមួយចំនួនមិនទាន់ដឹងច្បាស់ថាជាអ្វីផង។ ជាបន្តលោកអ្នកនឹងបានជ្រាបនូវឧបសគ្គ ឬការលំបាកចំនួន ៤ ដែលយើងត្រូវចួប ប៉ុន្តែយើងមិនត្រូវខ្លាចនោះឡើយ។ តើឧបសគ្គទាំង ៤ នោះមានអ្វីខ្លះ? សូមតាមដានជាបន្ត។ 


💡១. កុំខ្លាចការចាប់ផ្តើម 


ចូរកុំខ្លាចការចាប់ផ្តើម ពីព្រោះភាពជោគជ័យតែងតែស្ថិតនៅខាងមុខរង់ចាំយើង។ ថ្វីបើការចាប់ផ្តើមគឺជាដំណាក់កាលដែលពិបាកទ្រាំជាងគេ ប៉ុន្តែឱ្យតែយើងអត់ធន់តស៊ូមិនចុះចាញ់ នោះជោគជ័យនឹងធ្លាក់ក្នុងកណ្តាប់ដៃយើងយ៉ាងជាក់ច្បាស់។ មនុស្សដែលភ័យខ្លាចចំពោះការលំបាករមែងគ្មានសេចក្តីក្លាហានក្នុងការចាប់ផ្តើមធ្វើអ្វីមួយ ទាំងដែលពេលខ្លះគេគិត គេចង់ និងយល់ថាខ្លួនអាចធ្វើបានក៏ដោយ។ នៅលើលោកយើងនេះ តើស្នាដៃណាមួយដែលមិនកើតឡើងពីការចាប់ផ្តើមដ៏ពិបាក? អគាររាប់រយជាន់ចាប់ផ្តើមឡើងជាមួយនឹងឥដ្ឋមួយដុំ។ ដំណើររាប់ម៉ឺនយោជចាប់ផ្តើមឡើងជាមួយនឹងជំហានទីមួយ។ មិនថាកិច្ចការពេលដំបូងដៃមានស្ថានភាពពិបាកយ៉ាងក៏ដោយ ឱ្យតែយើងខំប្រឹងឆ្លងផុតការចាប់ផ្តើម នោះយើងនឹងមានអារម្មណ៍ថាសាំ ធម្មតា និងមានកម្លាំងចិត្តបន្តធ្វើកិច្ចការជាបន្តទៀតរហូតទទួលបានជោគជ័យ។ 


🕶 ២. កុំខ្លាចទីងងឹត


ចូរកុំខ្លាចទីងងឹត ពីព្រោះទីងងឹតនេះហើយដែលធ្វើឱ្យពន្លឺក្លាយជាមានតម្លៃ។ ទីងងឹត គឺជាស្ថានភាពមួយដែលយើងមើលអ្វីពុំយល់ កំពុងស្ថិតក្នុងទុក្ខវេទនា និងទទួលរងនូវការឈឺចាប់។ ប៉ុន្តែស្ថានភាពបែបនេះក៏មានគុណសម្បត្តិរបស់វាដែរ។ ម្យ៉ាងវាដើរតួជាជំរុំហ្វឹកហាត់រត់ដំយើងឱ្យរឹងមាំទាំងកាយ និងចិត្ត ដោយមិនញាប់ញ័ររន្ធត់ ឬភ៏យខ្លាចពេលខ្លួនឈរក្នុងទីងងឹត។ ម្យ៉ាងទៀត វាធ្វើឱ្យយើងបានដឹងថាតើទីភ្លឺមានតម្លៃយ៉ាងណា និងមានប្រយោជន៍យ៉ាងណា។ មានទីងងឹតខ្លះ វាលាតត្រដាងឱ្យយើងបានឃើញពីធាតុពិតរបស់មនុស្សដែលនៅក្បែរៗយើង។ តួយ៉ាង ពេលយើងកំពុងចួបទុក្ខធំ ពេលនោះយើងនឹងដឹងថាតើនរណាជាមិត្តពិត ហើយនរណាគ្រាន់តែជាមនុស្សអែបអបសេពគប់គ្នារកតែប្រយោជន៍ផ្ទាល់ខ្លួន។ បន្ថែមលើនេះ នៅពេលប្រឡូកខ្លួនក្នុងទីងងឹតមួយរយៈ យើងច្បាស់ប្រឹងប្រែងរត់ទៅរកទីភ្លឺវិញដែលនេះវាជួយយើងឱ្យទទួលបានបទពិសោធដ៏អស្ចារ្យដែលមនុស្សធម្មតាៗមិនងាយបានស្គាល់នោះទេ។ 


👻 ៣. កុំខ្លាចនៅម្នាក់ឯង


ចូរកុំខ្លាចនៅម្នាក់ឯង ឬធ្វើកិច្ចការម្នាក់ឯង ពីព្រោះស្ថានភាពម្នាក់ឯងធ្វើឱ្យយើងកាន់តែរឹងមាំ កាន់តែឯករាជ្យម្ចាស់ការលើជីវិតខ្លួនឯង។ នៅក្នុងឆាកជីវិតមនុស្សយើងម្នាក់ៗ គ្មាននរណាម្នាក់អាចគេចផុតពីស្ថានភាពមួយដែលបង្ខំឱ្យយើងត្រូវនៅម្នាក់ឯង ត្រូវដើរម្នាក់ឯង ឬត្រូវធ្វើការងារតែម្នាក់នោះឡើយ ហើយរហូតដល់អ្នកខ្លះមានអារម្មណ៍កំព្រីកំព្រាឯកាដល់ថ្នាក់បាក់ទឹកចិត្ត ឬស្រេ្តសទៀតផង។ ការណ៍ដែលយើងស្ថិតក្នុងស្ថានភាពនៅម្នាក់ឯង វាមិនមែនបានន័យថាយើងឯការនោះទេ។ នៅម្នាក់ឯង (Alone) រីឯឯកា (Lonely) ជាពាក្យពីរមានន័យដាច់ពីគ្នា។ បើយើងនៅម្នាក់ឯងដោយមានចិត្តស្ងប់ស្ងាត់សន្តិភាព ដោយការរំពៃគិតពិចារណា ឬដោយការខិតខំធ្វើការងារដោយស្ងៀមស្ងាត់ នោះគឺជាកម្លាំងនៃជីវិតដែលនៅម្នាក់ឯង។ ប៉ុន្តែបើឱ្យតែនៅម្នាក់ឯងយើងមានអារម្មណ៍ឯការកធ្វើអ្វីមិនត្រូវ នោះយើងគប្បីគិតឡើងវិញ។ គ្រប់ពេលវេលា គ្រប់ស្ថានភាពដែលយើងចួប គឺយើងសុទ្ធតែអាចច្នៃវាឱ្យមានប្រយោជន៍មានតម្លៃទាំងអស់។ 


🧠 ៤. កុំខ្លាចការប្រមាថ


ចូរកុំខ្លាចការប្រមាថ ពីព្រោះការប្រមាថវាមិនបានបញ្ជាក់លក្ខណៈរបស់យើងទេ តែវាបញ្ជាក់លក្ខណៈ ឬចរិតរបស់អ្នកដែលប្រមាថគេនោះឯង។ បើយើងជាមនុស្សដែលចេះគ្រប់គ្រងចិត្តខ្លួនឯងបានល្អ នោះសម្តីអ្នកដទៃ មិនថាជាពាក្យរិះគន់ ឬពាក្យសរសើរចំពោះយើង នោះយើងមានអារម្មណ៍ធម្មតា ពោលគឺមិនខឹងសម្បារ តបតដោយការប្រមាថមើលងាយវិញ ឬក៏រំភើបរីករាយនោះដែរ។ ជារឿយៗគេសង្កេតឃើញថា មនុស្សដែលអាចអត់ធ្មត់នឹងការប្រមាថបាន តែងតែជាមនុស្សដែលអាចសម្រេចកិច្ចការធំ។ សម្តីប្រមាថកាតទានរមែងជាយុទ្ធវិធីដែលសត្រូវប្រើដើម្បីធ្វើឱ្យយើងខឹងស្អប់ ហើយកំហឹង និងការស្អប់នេះហើយដែលធ្វើឱ្យយើងវង្វេង។ មែនទែនទៅ រស់នៅក្នុងសង្គមដូចយើងសព្វថ្ងៃនេះ គ្មាននរណាម្នាក់ចៀសផុតពីការប្រមាថមើលងាយឡើយ។ បើយើងរវល់តែយកចិត្តទុកដាក់តាមដានកែកុនទៅតាមការប្រមាថ និងការយល់ឃើញរបស់អ្នកដទៃ នោះយើងច្បាស់ជាភ្លេចខ្លួនឯង ហើយមិនអាចដឹកនាំជីវិតខ្លួនឯងទៅរកសេចក្តីចម្រើនបានទេ៕


ស្មេរដោយ : | ឧកញ៉ា ជា តុងហ៊ួរ


No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here