មនុស្ស ៤ ប្រភេទ ដែលធាក់អ្នកទម្លាក់ជ្រោះ - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, April 01, 2022

មនុស្ស ៤ ប្រភេទ ដែលធាក់អ្នកទម្លាក់ជ្រោះ

កត្តាបរិស្ថានដែលស្ថិតនៅជុំវិញយើង មិនថាជាមនុស្ស ទឹកដី អាកាសធាតុ វប្បធម៌ ជាតិសាសន៍។ល។ គឺសុទ្ធតែជះឥទ្ធិពលសម្បើមណាស់មកលើជីវិតរបស់យើង។ ដោយឡែក នៅថ្ងៃនេះ សូមលើកយកកត្តាមនុស្សដែលជាធាតុមួយដ៏សំខាន់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរមកលើជីវិតរស់នៅរបស់យើង។ ជាបន្ត លោកអ្នកនឹងបានស្គាល់មនុស្ស ៤ ប្រភេទ ដែលសុទ្ធតែជាមនុស្សជះផលអាក្រក់មកលើជីវិតរបស់យើង។ ពួកគេ គឺជាប្រភេទមនុស្សដែលនឹងដឹកដៃអ្នកទៅរកទីងងឹត ឬជាមនុស្សដែលនឹងធាក់អ្នកទម្លាក់ជ្រោះដើម្បីប្រយោជន៍របស់ពួកគេ។ តើមនុស្សទាំង ៤ ប្រភេទ គឺជានរណាខ្លះ? សូមអានជាបន្តទាំងអស់គ្នា។ 

១. មនុស្សល្អពីមុខ បង្កទុក្ខពីក្រោយ

មនុស្សប្រភេទនេះ សម្បូរខ្លាំងណាស់នៅក្នុងសង្គមយើងបច្ចុប្បន្ន។ ដើម្បីមុខមាត់ តំណែងការងារ និងលាភសក្ការៈផ្សេងៗ ពួកគេពាក់មុខទេវតាពីលើមុខមាត់ពិតជាបិសាចរបស់ខ្លួននៅចំពោះមុខយើង។ បន្ថែមលើនេះ ពួកគេពូកែប្រើវោហារសម្តីលើកដំកើងបញ្ចើចបញ្ជោយើង និងវាយប្រហារអ្នកដទៃឱ្យគេធ្លាក់រាបដល់ធរណី។ មនុស្សបែបនេះ ក៏លើកយករឿងរបស់យើងទៅនិយាយវាយប្រហារនៅចំពោះមុខដទៃដែរ។ និយាយឱ្យស្រួលយល់ទៅ មនុស្សដែលយករឿងអាក្រក់របស់អ្នកដទៃមកប្រាប់យើង គេនោះក៏នឹងយករឿងរបស់យើងទៅនិយាយប្រាប់អ្នកដទៃក្នុងផ្លូវអាក្រក់ដូចគ្នាដែរ។ មនុស្សជំពូកនេះ មិនល្អឡើយសម្រាប់ឱ្យយើងយកខ្លួនទៅបៀត។ នៅជាមួយគេយូរៗទៅ គ្មានលទ្ធផលល្អទេ ផ្ទុយទៅវិញ យើងមានប្រែក្លាយជាមនុស្សល្អពីមុខ បង្កទុក្ខពីក្រោយដូចជាពួកគេអ៊ីចឹង។ 

២. មនុស្សគ្មានហេតុផល

មនុស្សគ្មានហេតុផល យើងអាចនិយាយឱ្យអាក្រក់ស្តាប់បន្តិច គឺមនុស្សឆ្វេង។ មនុស្សយើង អាចនិយាយយល់គ្នាបាន គឺដោយសារសម្តីប្រកបដោយហេតុផល។ បើមនុស្សម្នាក់និយាយមកគ្មានហេតុផល មិនដឹងក្បាលមិនដឹងកន្ទុយ តើឱ្យយើងសេពគប់រាប់រកយ៉ាងម៉េចទៅ? មនុស្សប្រភេទនេះ ថ្ងៃចន្ទនិយាយផ្សេង ដល់ថ្ងៃអង្គារថាខ្លួននិយាយផ្សឹង ក្រឡិចក្រឡុករកទុកចិត្តមិនបានទេ។ បើភ្លាត់ស្នៀតរាប់គ្នាជាមិត្តហើយ យើងប្រហែលជាអាចកាត់ផ្តាច់បានងាយ តែបើជ្រុលបានគ្នាជាប្តីប្រពន្ធ នោះយើងច្បាស់ជាមានការពិបាករស់នៅឱ្យចុះសម្រុងគ្នាណាស់។ ប្រសិនបើចំពោះការសហការរកស៊ីវិញ គឺកុំឱ្យសោះ។ ចូរដកខ្លួនឱ្យបានឆ្ងាយតាមដែលអាចធ្វើបានពីមនុស្សជំពូកនេះ។ 

៣. មនុស្សអាត្មានិយម

មនុស្សអាត្មានិយម នរណាឮហើយក៏មិនចង់សេពគប់រាប់រកដែរ។ តែពេលខ្លះ មនុស្សប្រភេទនេះពូកែលាក់ចរិតពិតណាស់។ ពួកគេធ្វើឱ្យយើងលង់ជឿលើសម្តីដ៏ផ្អែមល្ហែមពុតត្បុតរបស់ពួកគេ ប៉ុន្តែដល់ពេលវេលាសក្តិសមណាមួយ ពួកគេក៏បញ្ចេញធាតុពិតអាត្មានិយមគិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ។ មនុស្សប្រភេទនេះ តែងតែចង់ជាន់ក្បាលអ្នកដៃដើម្បីឱ្យខ្លួនឯងបានខ្ពង់ខ្ពស់។ ដើម្បីផលប្រយោជន៍របស់គេ ឬក្រុមបក្សពួកគេ មនុស្សអាត្មានិយមហ៊ានបំផ្លាញគ្រប់យ៉ាងមិនថាមិត្តភាព ទំនាក់ទំនងស្នេហា ឬទំនាក់ទំនងសាច់ញាតិនោះឡើយ។ ដូច្នេះ មនុស្សបែបនេះ ពិតជាមានគ្រោះថ្នាក់ណាស់ចំពោះយើង។ ជម្រើសល្អបំផុតសម្រាប់យើង គឺមានតែការដកខ្លួននៅឱ្យឆ្ងាយពីពួកគេ។ 

៤. មនុស្សជាប់នឹងអបាយមុខ

អំពើអបាយមុខមានច្រើនយ៉ាង ដូចជាការឈ្លក់វង្វេងនឹងស្រី ស្រា ល្បែង ថ្នាំញៀន ការខ្ជិលច្រអូស និងអំពើពាលាអាវ៉ាសែផ្សេងៗ។ មនុស្សដែលលង់ខ្លួននឹងអបាយមុខណាមួយខាងលើហើយ គេនោះនឹងមិនមានអនាគតល្អឡើយ។ បើទោះបីជាមានទ្រព្យសម្បត្តិច្រើនយ៉ាងណា ក៏គង់នឹងវិនាសហិនហោចខ្លោចផ្សារព្រោះភាពល្ងិតល្ងង់ដែលបណ្តោយឱ្យអំពើអប្រិយទាំងនោះដឹកមុខបាន។ បើប្រទះជាមួយនឹងមនុស្សប្រភេទនេះ សូមដោះដៃគេចចេញឱ្យឆ្ងាយ និងឱ្យបានលឿនបំផុត។ ម្យ៉ាងទៀត ចូរយើងកុំមានការជឿជាក់លើខ្លួនឯងខ្លាំងហួសប្រមាណដោយគិតថាខ្លួនយើងមានចំណេះដឹង និងសមត្ថភាពខ្លាំងក្លាដែលអាចកែប្រែ ឬដឹកមុខមនុស្សជំពូកនេះឱ្យមកដើរលើផ្លូវត្រឹមបាន។ បើម្នាក់ ឬពីរនាក់ ប្រហែលជាមិនអីទេ តែបើពួកគេមានគ្នាច្រើន ហើយយើងមានតែម្នាក់ ឬគ្នាតិច ប្រហែលជាលទ្ធផលដែលយើងចង់កែប្រែពួកគេនោះ ខុសពីការរំពឹងទុកហើយ។ នៅទីបំផុត គឺយើងឯនេះដែលត្រូវពួកគេធាក់ទម្លាក់ជ្រោះមរណា៕


ស្មេរដោយ : ឧកញ៉ា ជា តុងហ៊ួរ

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here