គន្លឹះ ៤ យ៉ាង ធ្វើឱ្យអ្នកក្លាយជាមនុស្សគួរឱ្យគោរពកោតសរសើរ
កិត្តិយស កេរ្តិ៍ឈ្មោះ និងការគោរពកោតសរសរសើរពិតប្រាដកពីអ្នកដទៃ មិនមែនយើងអាចយកលុយទៅទិញ ឬយកមាសនៅដូរបាននោះទេ។ តែវាកើតឡើងពីការប្រព្រឹត្តចេញពីខ្លួនយើងផ្ទាល់។ នរណាក៏ចង់ឱ្យគេសរសើរ ឱ្យគេគោរព និងឱ្យគេផ្តល់តម្លៃដែរ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា យើងមិនទាន់ធ្វើរឿងដែលត្រូវគន្លង។ តើជាគន្លងអ្វី? គឺគន្លងនៃភាពថ្លៃថ្នូរ។ តើធ្វើយ៉ាងម៉េច ទើបអាចដើរត្រូវគន្លងនេះបាន? សូមអញ្ជើញបងប្អូនតាមដានន័យសេចក្តីទាំង ៤ ចំណុច ដូចខាងក្រោម។
Credit image: wealthygorilla |
១. បើនិយាយថាអ្វីហើយ គឺត្រូវតែធ្វើឱ្យបាន
មនុស្សយកសំដី ដំរីយកភ្លុក។ ជឿថាប្រយោគនេះ លោកអ្នកពិតជាធ្លាប់ឮជាមិនខាន។ ដើម្បីឱ្យអ្នកដទៃគោរពកោតសរសើរ និងឱ្យតម្លៃ ទីមួយគេច្បាស់ជាមើលលើសម្តីរបស់យើង។ តើយើងជាមនុស្សប្រកាន់ពាក្យសច្ចៈទេ? ឬក៏យើងជាមនុស្សនិយាយបាតដៃខ្នងដៃ? មនុស្សដែលស្មោះត្រង់ រមែងឱ្យតម្លៃលើភាពស្មោះត្រង់ ហើយក៏តែងតែរំពឹងថាអ្នកដទៃនឹងមានភាពស្មោះត្រង់ដូចខ្លួនដែរ។ តែបើជួបមនុស្សក្រឡិចក្រឡុចបាតដៃខ្នងដៃ និយាយផ្សេងធ្វើផ្សឹង នោះពិតជាមិនអាចសេពគប់គ្នាកើតទេ។ កាលបើសម្តីជាពាក្យមុសាហើយ មនុស្សនោះក៏ក្លាយជាមនុស្សអស់តម្លៃ អស់ការជឿទុកចិត្តពីអ្នកដទៃ។ បើគ្មាននរណាតម្លៃ និងទុកចិត្តហើយ តើយើងអាចធ្វើអ្វីកើត? ដូច្នេះ ចូរសន្សំជំនឿចិត្ត ការទុកចិត្ត និងការគោរពឱ្យតម្លៃពីអ្នកដទៃដោយការធ្វើសកម្មភាពឱ្យបានដូចសម្តីដែលយើងបាននិយាយ។
២. ធ្វើការងារដោយប្តូរផ្តាច់បំផុត
លើលោកនេះ គ្មានជោគជ័យណាសម្រេចបានដោយភាពខ្ជិលច្រអូសទេ។ ធ្វើអ្វីក៏ពិបាក ធ្វើអ្វីក៏មានគេរិះគន់ គេស្តីឱ្យ ឬគេចាំវាយប្រហារដែរ។ ប៉ុន្តែ អ្វីទាំងនេះមិនសំខាន់ទេ ដែលសំខាន់នោះ គឺវាស្ថិតនៅលើការប្តូរផ្តាច់ក្នុងការធ្វើការងាររបស់យើងទាំងស្រុង។ យើងមិនអាចឃាត់មិនឱ្យភ្លៀងមិនធ្លាក់ ខ្យល់មិនបក់ ព្រះអាទិត្យមិនរះ ឬផែនដីមិនវិលទេ ប៉ុន្តែយើងអាចធ្វើឆ័ត្របាំងភ្លៀង ស្លៀកពាក់កុំឱ្យរងារ និងធ្វើជម្រករស់នៅ។ ការងារ អាចធ្វើឱ្យយើងមានតម្លៃ និងទទួលបានការគោរពកោតសរសើរ វាទាល់តែការងារនោះជាការសុចរិតត្រឹមត្រូវ ហើយយើងធ្វើវាឱ្យសម្រេចចេញជាលទ្ធផល។ ដើម្បីសម្រេចបានផ្លែផ្កា យើងត្រូវតែមានភាពប្តូរផ្តាច់។ សូមកុំចុះចាញ់អ្វីៗដោយងាយៗ។ ការតស៊ូប្តូរផ្តាច់ឥតរួញរា មិនយូរមិនឆាប់ គង់នឹងនាំយើងទៅដល់គោលដៅជាមិនខាន។
៣. គ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ
មនុស្សដែលបង្ហើរសម្តីតាមតែអារម្មណ៍ និងធ្វើការងារផ្អែកលើតែអារម្មណ៍ នឹងមិនធ្វើឱ្យអ្នកដទៃពេញចិត្តធ្វើការជាមួយឡើយ។ ហេតុអ្វី? ពីព្រោះថា បើមានអារម្មណ៍ល្អ គាត់នឹងប្រឹងធ្វើការ តែពេលមានអារម្មណ៍មិនល្អ គាត់ក៏ទម្លាក់កិច្ចការចោល។ រីពាក្យសម្តីក៏ដូចគ្នា បើយើងមិនគ្រប់គ្រងត្រួតត្រាអាម្មណ៍យើងទេ នោះយើងនឹងចេះតែនិយាយរោយរាយប៉ាតណាប៉ាតណីគ្មានបានការ ដែលនាំឱ្យអ្នកដទៃមិនឱ្យតម្លៃ។ មនុស្សដែលមានចិត្ត និងអារម្មណ៍នឹងន គឺមនុស្សដែលមានការប្រុងប្រយ័ត្នបំផុតចំពោះសម្តី និងទង្វើរបស់គេ។ មុននិយាយអ្វី មុនធ្វើអ្វី គេសុទ្ធតែបានគិតពិរណាម្តងជាពីរ ធ្វើយ៉ាងណាកុំឱ្យអ្វីដែលគេនិយាយ និងអ្វីដែលគេធ្វើ ក្លាយជាអាវុធឱ្យអ្នកដទៃយកមកវាយប្រហារខ្លួនវិញ។ ដូច្នេះ យើងត្រូវធ្វើយ៉ាងណា
យាមគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបាន ដោយកុំឱ្យភាពឆេវឆាវ ឬអាកប្បកិរិយាច្រងេងច្រងាងដែលកើតចេញពីឫសគល់នៃអារម្មណ៍មិនល្អ មកបំផ្លាញក្រេឌីតរបស់យើង។
៤. ប្រកាន់ខ្ជាប់នូវភាពរាបសា
ភាពរាបសា ឬភាពសាមញ្ញ គឺជាមន្តស្នេហ៍ពិសេសមួយ។ ទោះបីមានក៏មិនងាយឫក ទោះបីក្រ ក៏មិនភ័យបារម្ភ។ មិនថាស្ថានភាពប្រែប្រួលយ៉ាង យើងនៅតែជាយើង។ យើងមិនប្រែប្រួលដោយសារខ្សែកមាស ចិញ្ចៀនពេជ្រ ឬឡានរ៉ូលស៍រ៉យអ្វីឡើយ។ យើងត្រូវរស់នៅក្នុងក្របខណ្ឌសីលធម៌ ចេះគោរពចាស់ទុំ ឱ្យតម្លៃលើមនុស្សស្មើៗគ្នា ផ្តល់សារសំខាន់ចំពោះចំណេះដឹង និងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន។ ទាំងនេះហើយ ជាគន្លឹះដែលនាំឱ្យយើងមានកិត្តិយសទទួលបានការគោរពកោតសរសើរពីមនុស្សជុំវិញខ្លួន៕
ប្រភពៈ Chea Tong Hour
No comments:
Post a Comment