ការទទួលបរាជ័យនៅក្នុងការរកស៊ីដំបូងៗ គឺជាចំណុចរសើប និងជាចំណុចពិសេសមួយដែលធ្វើឱ្យអ្នករកស៊ីថ្មីថ្មោងមានការបាក់ចិត្ត ឬបាក់ស្បាតលែងចង់បន្តដំណើរលើផ្លូវអាជីវកម្មបន្តទៅទៀត។ យោងតាមការស្រាវជ្រាវជាក់ស្តែង អត្រានៃអ្នកទទួលបានជោគជ័យលើការរកស៊ី គឺមានតិចជាងអ្នកដែលទទួលបរាជ័យ។ ប៉ុន្តែនេះក៏មិនមែនបានន័យថា យើងគ្មានឱកាសទទួលជោគជ័យនៅក្នុងការរកស៊ីនោះទេ។ ការរកស៊ី វាមានក្បួនមានគោលការណ៍មួយចំនួនដែលយើងចាំបាច់ត្រូវរៀនឱ្យចេះដឹងជាមុនសិន សឹមចេញរកស៊ី។ ដោយឡែកនៅថ្ងៃនេះ យើងនឹងមិននិយាយពីរូមបន្ត ឬក្បួនជោគជ័យនៃការរកស៊ីអ្វីទេ តែយើងនឹងនិយាយអំពីមូលហេតុធំៗចំនួន ៤ ដែលនាំឱ្យការរកស៊ីថ្មីថ្មោងជួបការបរាជ័យ។ តើមូលហេតុទាំង ៤ នោះមានអ្វីខ្លះ? សូមអានជាបន្តទាំងអស់គ្នា។
១. បញ្ហាហិរញ្ញវត្ថុ
ចំពោះការចាប់ផ្តើមអាជីវកម្មដំបូង លុយកាក់គឺជារឿងសំខាន់បំផុតដែលម្ចាស់អាជីវកម្មត្រូវពិចារណាយកចិត្តទុកដាក់ និងចាត់ចែងដោយប្រុងប្រយ័ត្ន។ នៅពេលអាជីវកម្មចាប់ផ្តើមដំណើរការក្នុងដំណាក់កាលដំបូងៗ ម្ចាស់អាជីវកម្មរមែងជួបនឹងការខាតច្រើនជាចំណេញ។ ម៉្លោះហើយ បានជាគេតែងតែនិយាយថា បើចង់ចាប់ផ្តើមការរកស៊ី ត្រូវត្រៀមប្រាក់មួយចំនួនសម្រាប់ខាតផងដែរ។ មានអាជីវកម្មខ្លះ ត្រូវចំណាយពេលខាតពី៣ខែ ទៅ១ឆ្នាំ ហើយក៏មានខ្លះទៀត ត្រូវខាតក្នុងកំឡុងពេលដល់ទៅ៥ឆ្នាំក៏មានដែរ ទម្រាំតែវាបង្កើតប្រាក់ចំណេញឱ្យយើងវិញ។ ដូច្នេះ បើត្រៀមទំហំប្រាក់កាសមិនបានគ្រប់គ្រាន់សម្រាប់អាយុជីវិតរបស់អាជីវកម្មយើងទេ យើងច្បាស់ជាប្រឈមមុខនឹងការដួលរលំទៅវិញ។ វិធីសាស្រ្តមួយក្នុងការការពារបញ្ហានេះ គឺម្ចាស់អាជីវកម្មត្រូវរៀបផែនការហិរញ្ញវត្ថុឱ្យច្បាស់ និងត្រៀមផ្លូវក្រោយជានិច្ចសម្រាប់ដំណោះស្រាយហិរញ្ញវត្ថុ។
២. បញ្ហាគ្រប់គ្រង
កាលណានិយាយអំពីអាជីវកម្ម គេមិនអាចមិននិយាយពីការគ្រប់គ្រងបានទេ។ អាជីវកម្ម មិនមែនគ្រាន់តែជាម៉ាស៊ីនសម្រាប់បង្កើតលុយដូចដែលមនុស្សមួយចំនួនបានគិតនោះទេ។ អាជីវកម្ម គឺជាអង្គភាពដែលដំណើរការដោយប្រព័ន្ធគ្រប់គ្រងមួយ។ វាមានរចនាសម្ព័ន្ធត្រឹមត្រូវដូចជារាងកាយរបស់មនុស្សយើងអ៊ីចឹងដែរ។ វាមានសរីរាង្គសំខាន់ៗដូចជាខួរក្បាល ប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបញ្ចេញចោល និងប្រព័ន្ធដទៃទៀតដែលសុទ្ធតែមានមុខងារធ្វើឱ្យក្រុមហ៊ុនទាំងមូលមានដំណើរទៅបានល្អ។ តួយ៉ាង នៅក្នុងអង្គភាពអាជីវកម្មមួយមានដូចជាផ្នែកគ្រប់គ្រងកំពូល ផ្នែកហិរញ្ញវត្ថុ ផ្នែករដ្ឋបាល ផ្នែកធនធានមនុស្ស ផ្នែកបច្ចេកវិទ្យា ផ្នែកទីផ្សារ ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ផ្នែកភស្តុភា ផ្នែកសេវាកម្មអិតិថិជនជាដើម។ ប្រសិនបើអាជីវកម្មរបស់យើងខ្វះផ្នែកណាមួយ នោះនឹងនាំឱ្យបញ្ហាកើតឡើងរាលដាលទៅកាន់ផ្នែកផ្សេងៗទៀត។ ហើយនៅក្នុងករណីផ្នែកនីមួយៗមានការគ្រប់គ្រងដឹកនាំមិនបានល្អ នោះក៏នាំឱ្យអាជីវកម្មអាចដួលរលំផងដែរ។ ដូច្នេះ មុនចេញរកស៊ី យើងត្រូវគិតគូរបានច្បាស់ពីរបៀបគ្រប់គ្រងការរកស៊ីនោះ។
៣. បញ្ហាផែនការអាជីវកម្ម
ចេញរកស៊ី បើអត់មានផែនការអាជីវកម្មទេ គឺមិនខុសអីពីការធ្វើដំណើរកណ្តាលរាត្រីរនោច អត់មានភ្លើងចន្លុះអ៊ីចឹងដែរ ឬក៏ដូចមនុស្សវង្វេងទិសកណ្តាលសមុទ្រខ្សាច់ ព្រោះគ្មានផែនទីនាំផ្លូវ។ មុននឹងសម្រេចចាប់ផ្តើមការរកស៊ីអ្វីមួយ យ៉ាងហោចណាស់អ្នកត្រូវគិតគូរប្រឹក្សាជាមួយអ្នកជំនាញ ឬអ្នកមានបទពិសោធ ពាក់ព័ន្ធនឹងអ្វីដែលយើងចង់រកស៊ី។ តួយ៉ាង តើយើងត្រូវមានប្រាក់ទុនប៉ុន្មាន? តើត្រូវបើកអាជីវកម្មនៅទីណា? បើកនៅពេលណា? តើត្រូវមានផ្នែកអ្វីខ្លះក្នុងក្រុមហ៊ុនសម្រាប់ដំណើរការអាជីវកម្ម? តើត្រូវការដៃគូការសហការដែរ ឬទេ? តើត្រូវធ្វើយ៉ាងណាទើបអាចលក់ផលិតផលដាច់? តើនរណាជាអតិថិជនរបស់យើង? តើត្រូវធ្វើម៉េចដើម្បីឱ្យផលិតផលយើងទៅដល់ដៃអ្នកប្រើប្រាស់? ។ល។ និង។ល។ បើគ្មានផែនការទេ ឬក៏មានផែនការដែរ តែជាផែនការមិនល្អ នោះអាជីវកម្មអ្នក នឹងងាយរងគ្រោះបំផុត។
៤. បញ្ហាធ្វើទីផ្សារ
នៅពេលបង្កើតអង្គភាពអាជីវកម្មបានហើយ នោះមិនមែនមានន័យថាយើងជោគជ័យនោះទេ។ អ្នករកស៊ីជាច្រើន គិតគូរតែពីកត្តាខាងក្នុងអាជីវកម្មរបស់ខ្លួនដោយបរាជ័យក្នុងការវាយលុយទីផ្សារដើម្បីទទួលបានអតិថិជន។ អាជីវកម្មមួយមិនមែនអាចរស់បានដោយគ្រាន់តែដេកចាយប្រាក់ទុននោះទេ ពោលគឺត្រូវការប្រាក់ចំណូលដែលបានមកពីការទិញរបស់អតិថិជន។ បើគ្មានអតិថិជនទេ អាជីវកម្មរបស់យើងក៏អត់មានដែរ។ សូមចងចាំត្រង់ចំណុចនេះឱ្យបានច្បាស់។ ម្ចាស់អាជីវកម្ម ត្រូវតែដឹងច្បាស់ថា តើនរណាជាអតិថិជនរបស់ពួកគេ ហើយត្រូវធ្វើយ៉ាងណាឱ្យអតិថិជនទាំងអស់នោះចំណាយប្រាក់ដើម្បីទិញផលិតផលរបស់ក្រុមហ៊ុន។ ដូចយើងដឹងស្រាប់ហើយ នាពេលបច្ចុប្បន្ននេះ ការប្រកួតប្រជែងទីផ្សារមានសភាពស្រួចស្រាវខ្លាំងណាស់។ ដូច្នេះ បើមិនគិតគូរឱ្យបានហ្មត់ចត់គ្រប់ជ្រុងជ្រោយទេ ការធ្វើទីផ្សារសម្រាប់អាជីវកម្មថ្មី ច្បាស់ជាគ្មានប្រសិទ្ធភាពទេ ហើយជាលទ្ធផលការរកស៊ីដ៏ថ្មីថ្មោងរបស់យើងនឹងដួលរលំទៅវិញ៕
ស្មេរដោយ : ឧកញ៉ា ជា តុងហ៊ួរ
No comments:
Post a Comment