នៅក្នុងជីវិតរស់នៅរបស់យើងស្ទើរតែគ្រប់គ្នា ច្បាស់ជាធ្លាប់ឆ្លងកាត់រឿងមួយដែលយើងគ្រប់គ្នាខ្លាចរអាមិនចង់ជួប នោះគឺការស្តាយក្រោយ។ ថ្វីបើមិនចង់ជួបប្រទះរឿងបែបនេះ តែយើងពិបាកគេចផុត ឬគេចមិនផុតតែម្តងក្នុងការបង្កើតរឿងដែលនាំឱ្យមានវិប្បដិសារី។ ជាបន្តទៅនេះ ប្រិយមិត្តនឹងបានជ្រាបនូវទង្វើ ៣ យ៉ាង ដែលធ្វើឱ្យយើងស្តាយក្រោយ។ តើទង្វើទាំងនោះមានអ្វីខ្លះ? សូមអញ្ជើញតាមដានទាំងអស់គ្នា។
១. គិតហើយ តែមិនព្រមធ្វើ
មនុស្សយើងម្នាក់ៗ មិនមានសមត្ថភាពនៅក្នុងការគិតដូចៗគ្នានោះទេ។ ទម្រាំតែយើងអាចដុសខាត់ខួរក្បាល និងចិត្តគំនិតឱ្យមានសមត្ថភាពគិតពិចារណាទៅលើរឿងអ្វីមួយបាន វាមិនមែនជារឿងងាយសោះឡើយ។ ម៉្លោះហើយ បើយើងមានសមត្ថភាពគិតហើយ យើងត្រូវតែយកគំនិតនោះទៅអនុវត្តន៍ដាក់ឱ្យចេញជាសកម្មភាពដើម្បីបង្កើតជាស្នាដៃអ្វីមួយដែលបង្កើតបានជាប្រយោជន៍ចំពោះយើងផ្ទាល់ និងមនុស្សជុំវិញខ្លួន។ មនុស្សមួយចំនួនយល់ថា ការគិត គឺវាស្រួលណាស់ តែការធ្វើឯនេះទេដែលពិបាក។ តាមពិតមិនមែនបែបនេះទេ។ ការគិតឱ្យចេញជាគំនិតដែលអាចយកទៅអនុវត្តបានជោគជ័យ និងការធ្វើដែលឆ្ពោះទៅរកលទ្ធផលដូចការរំពឹងទុក គឺមានការពិបាកម្យ៉ាងម្នាក់។ គំនិតដែលកើតឡើងពីការគិតងាយៗស្រួលៗ ច្រើនតែយកជាការមិនបានទេ។ មែនទែនទៅ ដើម្បីទទួលបានគំនិតដែលមានលក្ខណៈជាក់ស្តែងអាចយកទៅប្រើការបាន វាទាមទានូវចំណេះដឹង បទពិសោធ ការសាកល្បង ការអត់ធ្មត់ និងការវិភាគលម្អិតច្រើនណាស់។ ការណ៍គ្រាន់តែគិតបែបងាយៗផុយៗ នោះគ្រាន់តែជាគំនិតរបស់ចៅចាក់ស្មុកតែប៉ុននោះ។ ពេលខ្លះ យើងមិនហៅវាថាជាគំនិតផង តែយើងហៅថា ការរវើរវាយ។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើគឺ ទីមួយ ហាត់ពីរបៀបគិត, ទីពីរ គិត, និងទីបីយកគំនិតទៅអនុវត្តន៍ឱ្យចេញជាលទ្ធផលដូចដែលយើងចង់បាន។
២. ធ្វើដោយមិនបានគិត
គិតដោយមិនបានធ្វើ និងធ្វើដោយមិនបានគិត គឺសុទ្ធតែជារឿងគ្រោះថ្នាក់ដូចគ្នា។ ជាធម្មតា គំនិតគឺជាមាតានៃទង្វើ បើកាលណាគំនិតគិតចេញមកបែបណា នោះទង្វើក៏មិនចាកឆ្ងាយពីនោះដែរ។ ដូច្នេះហើយ បានជាពាក្យបុរាណលោកនិយាយថា គំនិតគឺជាកំណើត។ មនុស្សដែលមានគំនិតល្អ នោះគេក៏នឹងមានកំណើតល្អ ឬអនាគតល្អផងដែរ។ មុនពេលសម្រេចចិត្តធ្វើអ្វីមួយ មិនថាជាការនិយាយ ឬជាការធ្វើសកម្មភាពនោះទេ យើងត្រូវតែគិតពិចារណា និងវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ ដោយថ្លឹងថ្លែងពីគុណប្រយោជន៍ និងផលប៉ះពាល់នៃលទ្ធផលដែលកើតចេញពីទង្វើរបស់យើង។ អ្វីដែលធ្វើទៅ វាបានប្រយោជន៍ដល់យើង តែប៉ះពាល់ដល់អ្នកដទៃ យើងកុំធ្វើជាដាច់ខាត។ យើងត្រូវថ្លឹងថ្លែងវាស់វែងឱ្យមានតុល្យភាពរវាងគុណសម្បត្តិ និងគុណវិបត្តិនៃទង្វើរបស់យើង ឬយើងគប្បីប្រកាន់យកលទ្ធផលឈ្នះ-ឈ្នះ។ ដូច្នេះ ទាំងចំណុចទីមួយខាងលើ និងទាំងចំណុចទីពីរនេះ គឺសុទ្ធតែពាក់ព័ន្ធជាមួយនឹងសមត្ថភាពនៃការគិត។ បើយើងមានសមត្ថភាពគិតមិនពូកែទេ នោះជីវិតរស់នៅរបស់យើងក៏នឹងជួបប្រទះនឹងភាពរកាំរកូសយ៉ាប់យ៉ឺនទៅតាមនោះដែរ។
៣. ធ្វើបានហើយបោះបង់កិច្ចការកណ្តាលទី
ការចាប់ផ្តើម គឺជាដំណាក់កាលដែលលំបាកបំផុតនៅក្នុងការធ្វើកិច្ចការ។ បើជ្រុលជាចាប់ផ្តើមធ្វើហើយ យើងត្រូវតែប្តេជ្ញាចិត្តធ្វើឱ្យដល់ទីបញ្ចប់។ ការបោះបង់កិច្ចការកណ្តាលទី គឺជាគ្រាប់ពូជនៃភាពបរាជ័យ។ យើងបោះបង់ម្តង គ្រាប់ពូជនោះនឹងរីកធំបន្តិច ហើយបើយើងបោះបង់ញយដង នោះគ្រប់ពូជបរាជ័យនឹងរីកធំធាត់ក្លាយជាឈើបញ្ញើក្អែកព័ទ្ធពែនចាក់ស្រេះក្នុងចិត្តគំនិត និងជីវិតរស់នៅរបស់យើងជាមិនខាន។ ពេលខ្លះ យើងអាចនឹងសួរថា “ចុះបើកំពុងធ្វើ ស្រាប់តែឃើញថាកិច្ចការនោះជាកិច្ចការគ្មានប្រយោជន៍ ឬជាកិច្ចការដែលនឹងផ្តល់លទ្ធផលមិនល្អ តើយើងគួរតែនៅធ្វើបន្តទៀតទេ?” ជាការពិតហើយ បើបែបនោះមែន យើងគួរតែបោះបង់ឈប់ធ្វើវាទៅ។ តែយើងគប្បីចាំថា គឺដោយសារតែខ្លាចជួបរឿងបោះបង់ទាំងបង្ខំចិត្តនេះហើយ ទើបយើងចាំបាច់ត្រូវតែគិតពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើសកម្មភាព។ មានរឿងខ្លះ យើងមានលទ្ធភាពដកថយបាន តែក៏មានរឿងខ្លះទៀត បើចាប់ផ្តើមធ្វើហើយ ចង់ដកខ្លួនក៏មិនបាន ហើយចង់ទៅមុខក៏ទៅមិនរួច ពោលគឺដូចជាឡើងជិះលើខ្នងខ្លាអ៊ីចឹងដែរ៕
ស្មេរដោយ ឧកញ៉ា ជា តុងហ៊ួរ
https://t.me/cheatonghourcth/785
No comments:
Post a Comment