លំហរសាយប័រជាសមរភូមិទី៥ (Cyberspace the 5th domain of warfare)
លំហរសាយប័រគឺជាលំហរមួយដែលជារៀងរាល់ថ្ងៃមានការអន្តរកម្មយ៉ាងច្រើនលើសលប់រវាងមនុស្ស និងមនុស្ស, មនុស្សនិងឧបករណ៍ និងឧបករណ៍និងឧបករណ៍ ដោយប្រើប្រាស់អ៊ីនធឺណិតក្នុងការបង្កើតនូវបណ្តាញដ៏ធំសំបើមពាសពេញពិភពលោក។
បច្ចុប្បន្ននេះ យើងទាំងអស់គ្នាគឺពឹងផ្អែកទាំងស្រុងទៅលើការតភ្ជាប់នេះ ដើម្បីធ្វើការចែករំលែកព័ត៌មាន សិក្សាស្រាវជ្រាវ លក់ដូរទំនិញនិងសេវាកម្ម និងទំនាក់ទំនងគ្នាជាប្រចាំ។
លំហរសាយប័រនេះ ក៏អាចត្រូវបានចាត់ទុកថាជាគ្រឹះដ៏រឹងមាំមួយនៃយុគ្គសម័យឌីជីថល និងជ្រាបចូលយ៉ាងជ្រៅទៅក្នុងនយោបាយ សង្គម សេដ្ឋកិច្ច និងបច្ចេកទេស ហើយក៏មានផលប៉ៈពាល់ទៅដល់សន្តិសុខជាតិផងដែរ។
ចំនុចមួយដែលមានលក្ខណៈស្រួចស្រាវនៅក្នុងលំហរសាយប័រនេះគឺផ្នែកសន្តិសុខ។ ទោះបីជាបញ្ហាសន្តិសុខនេះ មិនមែនជាបញ្ហាមួយថ្មីក៏ដោយ ក៏ការបរាជ័យក្នុងការគ្រប់គ្រងផ្នែកសន្តិសុខក្នុងលំហរសាយប័រ (cybersecurity) គឺនឹងនាំមកនូវបញ្ហាប្រឈមជាច្រើនបន្តបន្តាប់មិនដាច់ឡើយសម្រាប់បុគ្គលម្នាក់ៗ និងជាតិទាំងមូល។
មានរឿងរ៉ាវអវិជ្ជមានជាច្រើនណាស់ពាក់ព័ន្ធទៅនឹងសន្តិសុខសាយប័រ ដូចជា malware, DDoS, Phishing, Social Engineering, espionage, ..etc. ក្រៅពីនេះនៅមានការវាយលុកឥតឈប់ឈរទៅលើរដ្ឋ និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ (Critical Information Infrastructure - CII) ដូចជាប្រព័ន្ធសុខាភិបាល ប្រព័ន្ធចែកចាយថាមពល ប្រព័ន្ធគ្រប់គ្រងការចែកចាយទឹកស្អាត ប្រព័ន្ធអាកាសចរស៊ីវិល ...។ល។
ជាចុងក្រោយ លំហរសាយប័រនេះ ភាសាអង់គ្លេសហៅថា Cyberspace គឺជាទីកន្លែងមួយដែលប្លែកខុសពីគេមានតែមួយ ហើយជារឿយៗត្រូវបានគេហៅជាផ្នែកមួយនៃសមរភូមីថ្មី (ទី៥) បន្ទាប់ពីសមរភូមិលើគោក ទឹក អាកាស និងលំហរអាកាស ហើយដែលសមរភូមីទី៥ នេះត្រូវបានប្រើប្រាស់បន្ថែមពីលើសមរភូមិទាំង៤នេះ។ លំហរសាយប័រ មិនដូចទៅនឹងទីតាំងទាំងបួន (ដី ទឹក អាកាស លំហរអាកាស) នោះទេ គឺវាត្រូវបានបង្កើតឡើងដោយមនុស្ស ហើយពឹងផ្នែកទៅលើការគ្រប់គ្រងនិងចាត់ចែងដោយមនុស្សផងដែរ។ ប្រទេសអភិវឌ្ឍន៍បាននឹងកំពុងតែនាំគ្នាពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេសវិទ្យាក្នុងគោលបំណងដើម្បីដណ្តើមអនុត្តរភាពនៅលើសមរភូមិថ្មីមួយនេះ។
អាវុធសាយប័រ (cyber weapon) គឺមានប្រសិទ្ធភាពបំផុតក្នុងយុគ្គសម័យឌីជីថល ដែលអ្វីៗភាគច្រើនដើរដោយប្រព័ន្ធកុំព្យូទ័រ។ បើចង់វាយកំទេចប្រទេសមួយ គឺមិនចាំបាច់ប្រើមុីសីលទៅកំទេចនោះទេ គឺគ្រាន់តែវាយប្រហារតាមសាយប័រទៅលើប្រព័ន្ធហិរញ្ញវត្ថុជាតិ ឬធ្វើឱ្យគាំងប្រព័ន្ធចាយចាយថាមពលអគ្គីសនី នោះនឹងធ្វើឱ្យមានភាពចលាចលជាក់ជាមិនខាន។ អាវុធសាយប័រ គឺមានប្រសិទ្ធិភាព ចំណាយថ្លៃដើមតិច និងអាចប្រកែកបានគ្រប់ពេលវេលា៕
ប្រភពៈhttps://www.facebook.com/infosecnarith/posts/277747033759227
No comments:
Post a Comment