គុណប្រយោជន៍ធំៗ ៤ យ៉ាង នៃការចេញរកស៊ី - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, April 04, 2022

គុណប្រយោជន៍ធំៗ ៤ យ៉ាង នៃការចេញរកស៊ី

ដើម្បីមានជីវភាពរស់នៅធូរធាសមរម្យ អ្នកខ្លះសម្រេចចិត្តចាប់យកការងារធ្វើ ខណៈមនុស្សមួយចំនួនទៀតសម្រេចចិត្តជ្រើសរើសការចេញរកស៊ីធ្វើអាជីវកម្ម។ មែនទែនទៅ មិនថាអ្នកធ្វើការងារក្នុងអង្គភាពក្រុមហ៊ុនណាមួយ ឬក៏អ្នកជាម្ចាស់អាជីវកម្មណាមួយនោះទេ គឺអ្នកសុទ្ធតែកំពុងធ្វើសកម្មភាពបំពេញក្តីស្រមៃ និងគោលដៅរបស់ខ្លួន និងបានរួមចំណែកក្នុងការជួយសង្គមរៀងៗខ្លួនទៅតាមសមត្ថភាព និងលទ្ធភាព។ ដោយឡែកនៅថ្ងៃនេះ សូមលើកយកប្រធានបទមួយពាក់ព័ន្ធនឹងគុណប្រយោជន៍នៃការធ្វើអាជីវកម្មមកជូនលោកអ្នក ទុកគ្រាន់ជាចំណេះដឹងបន្តិចបន្តួចបន្ថែមទៀត។ តើគុណប្រយោជន៍នៃការចេញរកស៊ីមានអ្វីខ្លះ? សូមអញ្ជើញប្រិយមិត្តអានជាបន្តដូចតទៅ។

១. បំពេញក្តីស្រមៃ និងគោលដៅជីវិត

មនុស្សយើងមានក្តីស្រមៃ និងគោលដៅផ្សេងៗគ្នា ប៉ុន្តែទោះបីគោលដៅតូចក្តី ឬធំក្តី វាសុទ្ធតែទាមទារនូវកម្លាំង ទាំងកម្លាំងកាយ កម្លាំងចិត្ត ហិរញ្ញវត្ថុ និងពេលវេលា ដើម្បីអាចសម្រេចគោលដៅនោះបាន។ សម្រាប់អ្នកដែលមានក្តីស្រមៃធំ គោលដៅខ្ពស់ គេនឹងជ្រើសរើសយកវិថីអាជីវកម្ម។ ហេតុអ្វី? ពីព្រោះថាអាជីវកម្ម គឺជាវិធីសាស្រ្តឆ្ពោះទៅរកការបង្កើតទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលទ្រព្យសម្បត្តិទាំងនេះហើយជាឧបករណ៍សម្រាប់បំពេញក្តីស្រមៃ។ តួយ៉ាង ការស្រមៃចង់បង្កើតក្រុមហ៊ុនធំមួយ ចង់បានផ្ទះធំស្កឹមស្កៃ ចង់ដើរលេងកំសាន្តជុំវិញពិភពលោក ចង់មានគ្រួសារដ៏កក់ក្តៅ ចង់មានរថយន្តទំនើបៗ។ល។ ក្តីស្រមៃ និងគោលដៅទាំងនេះ ច្បាស់ជាត្រូវការការប្រឡូកក្នុងវិស័យអាជីវិកម្មដើម្បីអាចសម្រេចបាន។ 

២. លត់ដំខ្លួនឯងកាន់តែរឹងមាំ

អាជីវកម្ម គឺឡដុតកម្តៅលត់ដំយើងឱ្យក្លាយជាមនុស្សកាន់តែរឹងមាំ និងមានការតស៊ូស្វិតស្វាញខ្លាំងក្លា។ ហេតុអ្វីបានជាបែបនេះ? ពីព្រោះនៅលើម៌ាគានៃការរកស៊ី អ្នកនឹងជួបឧបសគ្គរាប់រយជំពូកវាតម្រូវឱ្យអ្នកដោះស្រាយ។ បើដោះស្រាយបាន អ្នកនឹងទទួលបានរង្វាន់ តែបើដោះស្រាយមិនចេញ អ្នកនឹងទទួលពិន័យ។ ប៉ុន្តែ មិនថាជារង្វាន់ ឬពិន័យទេ វាសុទ្ធតែមានប្រយោជន៍រួមចំណែកឱ្យយើងកាន់តែខ្លាំងជាងមុនបន្តិចម្តងៗ។ អ្វីៗវាអាស្រ័យលើការប្តេជ្ញាចិត្តរបស់យើង ថាតើយើងមានការតស៊ូព្យាយាមកម្រិតណា យើងអាចទ្រាំទ្រនឹងទម្ងន់នៃការឈឺចាប់កម្រិតណា។ អាល់បឺត អាញ់ស្តាញ និយាយថា “ស្ថិតនៅក្នុងបញ្ហាកាន់តែយូរ យើងនឹងស្គាល់ដំណោះស្រាយកាន់តែច្រើន”។ ដូចគ្នាដែរ ការប្រឡូកក្នុងវិស័យអាជីវកម្មកាន់តែយូរឆ្នាំ យើងនឹងរកឃើញឱកាសនៃភាពជោគជ័យក្នុងវិស័យនេះជាមិនខាន។ 

៣. រួមចំណែកជួយអ្នកដទៃ និងសង្គម

តើអាជីវកម្ម បានរួមចំណែកយ៉ាងណាខ្លះក្នុងការជួយអ្នកដទៃ និងសង្គម? នៅពេលអ្នកបង្កើតក្រុមហ៊ុន នោះអ្នកនឹងត្រូវជួលបុគ្គលិក។ នេះគឺរឿងទីមួយដែលអ្នកជួយឱ្យអ្នកដទៃមានការងារធ្វើ។ ក្រៅពីនេះ ក្រុមហ៊ុនរបស់អ្នកនឹងត្រូវបង់ពន្ធជូនរដ្ឋ ហើយរដ្ឋយកប្រាក់នោះទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គមដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាជន។ បើក្រុមហ៊ុនអ្នកកាន់តែធំ និងកាន់តែជោគជ័យ នោះក្រុមហ៊ុនអ្នកនឹងរួមចំណែកជួយសង្គមបានកាន់តែច្រើនដែរ។ ដូច្នេះ សាកស្រមៃទៅមើល ប្រសិនបើក្នុងប្រទេសយើងមានអាជីវកម្មធំៗ និងជោគជ័យកាន់តែច្រើន នោះសង្គមយើងក៏មានឱកាសទទួលបានការអភិវឌ្ឍកាន់តែខ្លាំង និងកាន់តែលឿនដែរ។ នេះ ជាការរួមចំណែកដ៏សំខាន់របស់អាជីវិកម្មចំពោះវឌ្ឍនភាពនៃជីវភាពប្រជាជន និងសង្គមជាតិ។

៤. បង្កើតឱកាសនៃភាពមានបាន

រង្វាន់ធំសម្រាប់អ្នកដែលប្រឹងប្រែងបង្កើតអាជីវកម្មឡើង គឺភាពមានបាន ទ្រព្យសម្បត្តិស្តុកស្តម្ភ។ អាជីវកម្ម គឺជាកូនឈ្នួលដ៏កតញ្ញូម្នាក់។ កាលណាយើងជាម្ចាស់ មើលថែទាំឱ្យបានដិតដល់ ធ្វើឱ្យវារីកធំធាត់ នោះអាជីវកម្មនឹងសងគុណយើងវិញ ដោយបង្កបង្កើតមាសប្រាក់ឱ្យយើងរហូតយើងក្លាយជាអ្នកមាន។ អាជីវកម្ម មិនត្រឹមតែផ្តល់មាសប្រាក់ឱ្យយើងទេ តែថែមទាំងផ្តល់មុខមាត់កិត្តិយសភាពថ្លៃថ្នូរ និងឱកាសជាច្រើនដល់យើងក្នុងការរួមចំណែកជួយកិច្ចការសង្គមជាតិទៀតផង។ នៅពេលដែលយើងមានបាន យើងក៏មានឱកាសវិនិយោគបង្កើត និងពង្រីកអាជីវកម្មបន្តបន្ទាប់ បន្តកូនបន្តចៅដែលធ្វើឱ្យទ្រព្យសម្បត្តិនៃអាជីវកម្មយើងកាន់តែកើនឡើង ហើយទ្រព្យសម្បត្តិនោះក៏ហូរបន្តទៅរួមចំណែកធ្វើឱ្យអ្នកដទៃមានឱកាសក្លាយជាអ្នកមានបានច្រើនគ្នា ហើយជាលទ្ធផលយើងគ្រប់គ្នានឹងមានលទ្ធភាពរួមចំណែកជួយអភិវឌ្ឍសង្គមជាតិមានពេញដៃពេញជើង៕


ស្មេរដោយ: ឧកញ៉ា ជា តុងហ៊ួរ

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here