🎯 លទ្ធផល ៤ យ៉ាង របស់មនុស្សមិនស្មោះត្រង់
បើទោះបីជាមនុស្សជាច្រើនដឹងហើយ ឮហើយថា ការកិបកេងលួចបន្លំគឺជាទង្វើអប្បលក្ខណ៍ ខុសទាំងច្បាប់ប្រទេស និងសីលធម៌ ប៉ុន្តែមនុស្សជាច្រើនក៏នៅតែប្រព្រឹត្ត។ ជាអកុសល អ្នកដែលធ្វើទង្វើមិនស្មោះត្រង់ទាំងអស់នោះ តែងតែទទួលលទ្ធផល ឬបាបកម្មរៀងៗខ្លួននៅទីបំផុត។ តើលទ្ធផលរបស់មនុស្សមិនស្មោះត្រង់មានអ្វីខ្លះ? សូមតាមដានជាបន្តទាំងអស់គ្នា។
១. ប្រឈមមុខផ្លូវច្បាប់ ជាប់គុកជាប់ច្រវាក់
មនុស្សមិនស្មោះត្រង់ តែងតែលួចប្រព្រឹត្តអំពើល្មើសច្បាស់នៅពេលដែលឱកាសមកដល់។ នៅក្នុងក្រុមហ៊ុនអាជីវកម្ម គេប្រយ័ត្នបំផុតនឹងមនុស្សដែលកាន់លុយកាក់របស់ក្រុមហ៊ុន។ ប្រសិនបើបុគ្គលិកកាន់លុយបាត់បង់ភាពស្មោះត្រង់ ដោយចាប់ផ្តើមមានការលួចបន្លំហើយនោះ ក្រុមហ៊ុនច្បាស់ជាជួយគ្រោះធំជាមិនខាន។ នៅក្នុងករណីដែលប្រធាន ចាប់ជនកិបកេងនោះមិនបាន ក្រុមហ៊ុនច្បាស់ជាប្រឈមនឹងបញ្ហា ហើយមនុស្សប្រព្រឹត្តទង្វើលួចបន្លំនោះក៏មិនរួចខ្លួនផងដែរ។ ចំពោះទង្វើអាក្រក់របស់ជនលួចបន្លំ គឺត្រូវប្រឈមមុខនឹងច្បាប់ ត្រូវបង់សំណងខូចខាត ហើយថែមទាំងត្រូវជាប់គុកជាប់ច្រវាក់ទៀតផង។ កាលណាយើងបណ្តោយឱ្យភាពលោភលន់មួយពេល ចង់បានលុយរបស់គេហួសហេតុ ដែលបណ្តាលឱ្យធ្លាក់ខ្លួនក្លាយជាអ្នកទោស នោះជីវិតយើងនឹងខូចខាតសម្បើមណាស់។ ខាតទាំងលុយ ខាតទាំងសេរីភាព ខាតទាំងសុខភាព ខាតទាំងពេលវេលា ហើយជាពិសេសគឺខូចក្រេឌីត ឬកិត្តិយសនោះឯង។ តើការបាត់បងកិត្តិយស នាំផលវិបាកអ្វីខ្លះ? សូមតាមដានចំណុចបន្ទាប់។
២. រលាយកិត្តិយសកេរ្តិ៍ឈ្មោះ
ភាពមិនស្មោះត្រង់នៅក្នុងចិត្ត ថ្វីបើវាមិនទាន់លេចចេញជាសកម្មភាព ប៉ុន្តែនៅពេលមានឱកាសមកដល់ គំនិតស្មោគគ្រោកនោះនឹងក្លាយជាទង្វើអាក្រក់ក្នុងរូបភាពណាមួយ។ ដូច្នេះ យល់ល្អ ត្រូវឃាត់ឃាំងចិត្តខ្លួនឯងកុំឱ្យមានគំនិតខូចបោកបន្លំឱ្យសោះ។ យើងត្រូវបង្គាប់បញ្ជាលើខ្លួនឯងថា យើងត្រូវតែឈរលើគោលការណ៍នៃភាពស្មោះត្រង់។ កិត្តិយសកេរ្តិ៍ឈ្មោះរបស់យើង គឺជារបស់ពិបាកសាង តែរលាយលឿន។ មនុស្សដែលប្រព្រឹត្តអំពើលួចបន្លំ មិនថាក្នុងរឿងអ្វីក៏ដោយ នឹងត្រូវអ្នកដទៃមើលស្រាលមិនឱ្យតម្លៃសោះឡើយ។ ពេលខ្លះ ទោះបីអ្នកដទៃមិននិយាយ ប៉ុន្តែក្នុងចិត្តពួកគេ គេដឹងច្បាស់ណាស់ ថាមនុស្សមិនស្មោះត្រង់គឺជាមនុស្សថោកទាបប៉ុនណា ហើយនៅពេលមានកិច្ចធំដុំអ្វីត្រូវធ្វើ គេដាច់ខាតមិនប្រគល់ឱ្យមនុស្សវៀចវេទេ។ ពីព្រោះអ្វី? ពីព្រោះថាមនុស្សវៀចវេគ្មានក្រេឌីតឱ្យជឿជាក់នោះឡើយ។ ដូច្នេះ យើងឃើញទេ អំពើលាមកកេងបន្លំតែម្តង ក៏អាចបំផ្លាញឱកាសនានា និងបំផ្លាញជីវិតរបស់យើងស្ទើរតែទាំងស្រុង ឬទាំងស្រុង។ តាមពិត មិនមែនគេមិនផ្តល់ឱកាសឱ្យយើងទេ ប៉ុន្តែគេគ្រាន់តែមិនចង់ជួបគ្រោះដោយសារតែចិត្តមិនស្មោះត្រង់របស់យើង។
៣. បាត់បង់ទំនុកចិត្តពីអ្នកដទៃ
ច្បាស់ណាស់ គ្មាននរណាម្នាក់ទុកចិត្តទុកថ្លើមលើមនុស្សមិនស្មោះត្រង់ និយាយព្រឹកក្រឡាស់ល្ងាចនោះទេ។ មនុស្សម្នាក់ដែលអ្នកផងទាំងឡាយមិនជឿទុកចិត្តហើយនោះ មនុស្សនោះនឹងស្ទើរតែអស់ផ្លូវដើរ។ ដូច្នេះ សូមប្រយ័ត្នឱ្យមែនទែន បើមិនចង់អស់ផ្លូវដើរ ត្រូវធ្វើការងារដោយភាពស្មោះត្រង់បំផុត។ គិតឱ្យសព្វជ្រុងជ្រោយទៅ មនុស្សដែលធ្វើដោយការលួចបន្លំ គឺជាមនុស្សល្ងង់បំផុត។ ដំបូង គេប្រហែលជាយល់ថាខ្លួនឯងឆ្លាត ព្រោះការលួចបន្លំនឹងធ្វើឱ្យគេបានលុយ ឬបានលាភអ្វីមួយ។ ប៉ុន្តែ គេភ្លេចគិតថា នៅលើលោកនេះគ្មាន អ្វីដែលអាចលាក់បាំងបានយូរទេ។ មិនយូរ ឬឆាប់ ការពិតនៃការលួចបន្លំរបស់គេ នឹងត្រូវលាតត្រដាង ហើយពេលនោះទើបគេភ្ញាក់ខ្លួនថា តាមពិតគេគឺជាមនុស្សល្ងង់បំផុត។ ហេតុអ្វីក៏ល្ងង់? ព្រោះថា ភាពស្មោះត្រង់គឺជាមាសពេជ្រដែលអាចមើលឃើញច្បាស់ក្រឡែត តែគេបែរជារើសយកលាមកដែលអំពើរមិលគុណ អំពើកិបកេងលួចបន្លំទៅវិញ។ ការណ៍ដែលអស់ជំនឿចិត្តពីសំណាក់អ្នកដទៃ ឬមហាជន នឹងធ្វើមនុស្សមិនស្មោះត្រង់មិនអាចធ្វើកិច្ចការធំបានទេ ពីព្រោះកិច្ចការធំ ឬកិច្ចការរបស់អ្នកដឹកនាំ គឺត្រូវការដាច់ខាតនូវការគាំទ្រ និងការជឿទុកចិត្តពីអ្នកដទៃ។
៤. បន្សល់អតីតកាលដ៏អប្បលក្ខណ៍
អតីតកាល គឺរបស់ដែលគ្មាននរណាម្នាក់អាចបកទៅកែកុនបានឡើយ បើខុសគឺខុសហើយ។ ដូច្នេះ បើមិនចង់បន្សល់ទុកអតីតកាលដ៏គួរឱ្យស្អប់ខ្ពើម ដែលមនុស្សទូទៅ និងខ្លួនឯងមិនចង់រំឭកនោះ សូមធ្វើការកិច្ចការបច្ចុប្បន្ននេះដោយភាពត្រឹមត្រូវ ដោយភាពស្មោះត្រង់បំផុត។ ជាធម្មតា មនុស្សតែងតែស្តាយក្រោយនូវទង្វើអាក្រក់របស់ខ្លួននៅក្នុងអតីតកាល ហើយមានមោទនភាពនឹងទង្វើល្អរបស់ខ្លួនក្នុងអតីតកាល។ នេះគឺជាហេតុផលមួយដែលជំរុញឱ្យយើងគ្រប់គ្នាគប្បីបណ្តុះភាពស្មោះត្រង់ និងពង្រីកវាឱ្យធំធាត់រហូតក្លាយជាគម្រូសម្រាប់កូនចៅយើង និងសង្គមជាតិយើង។ កាលណាភាពស្មោះត្រង់ក្លាយជាវប្បធម៌របស់ជាតិសាសន៍យើង នោះប្រទេសយើងនឹងមានកិត្តិនាមក្នុងឋានៈជាប្រទេសស្មោះត្រង់គួរឱ្យគោរពកោតសរសើរ។ ជារួមមកវិញ ចូរតាំងចិត្តធ្វើកិច្ចការទាំងឡាយដោយភាពស្មោះត្រង់ ដោយមានទំនួលខុសត្រូវ និងដោយភាពល្អឥតខ្មោះតាមសមត្ថភាពរបស់យើង។ បន្ទាប់ពីធ្វើបែបនេះបានហើយ នោះយើងនឹងសប្បាយចិត្តជាមួយនឹងលទ្ធផលជាក់ជាមិនខាន៕
ស្មេរដោយ : ឧកញ៉ា ជា តុងហ៊ួរ
No comments:
Post a Comment