ជាម្ចាស់របស់លុយ ឬជាទាសកររបស់លុយ
សម្រាប់អ្នកដែលចូលចិត្តសិក្សាចំណេះដឹងផ្នែកហិរញ្ញវត្ថុ នោះអ្នកប្រាកដជាធ្លាប់ឮប្រយោគមួយដែលគេតែងតែនិយាយថា “លុយជាចៅហ្វាយនាយដ៏អាក្រក់ តែជាទាសករដ៏ល្អ”។ ជាការពិត មនុស្សនឹងលុយ ប្រៀបដូចជាយក្ស និងសាច់អ៊ីចឹងដែរ គឺពិបាកនឹងទប់ចិត្តមិនចង់ចាយ ឬពិបាកទប់ចិត្តមិនចង់ស៊ី។ បើយើងមិនចេះគ្រប់គ្រងលុយទេ នោះលុយនឹងគ្រប់គ្រងយើងវិញ។ អ្នកខ្លះ ធ្វើការហត់នឿយហត់រាល់ថ្ងៃតាមដើម្បីបានប្រាក់ តែដល់ពេលបានប្រាក់ បែរជាយកទៅចាយវាយខ្ចីខ្ជាយហ៊ឺហា ហើយដល់ពេលអស់ប្រាក់ ទើបចាប់ផ្តើមស្រវេស្រវារត់តាមរកលុយម្តងទៀត (វិលទៅវិលមក ក្នុងមួយជីវិតរបស់គេ គឺបែបនេះ)។ អ្នកខ្លះទៀត ឱ្យតែបានលុយ ទោះជាអំពើទុច្ចចរិតបង្កក្តីវិនាសដល់អ្នកដទៃ ក៏សុខចិត្តធ្វើដែរ។ នេះហើយ ជាទាសកររបស់លុយ គឺឥទ្ធិពលលុយ អាចប្រើឱ្យគេធ្វើរឿងដែលខ្លួនមិនចង់ធ្វើ និងធ្វើរឿងដែលបង្កើតការឈឺចាប់ដល់អ្នកដទៃ និងអាចឈានដល់បង្កភាពចលាចលក្នុងសង្គមទៀតផង។ ប្រហែលជាអ្នកខ្លះយល់ថា បើមិនប្រើគ្រប់វិធីដើម្បីបានលុយ តើឱ្យទ្រាំដេកដាច់ពោះស្លាប់ឬ? តើត្រូវទ្រាំឱ្យគេប្រមាថមើលងាយ ព្រោះអត់លុយឬ?... មែនហើយ យើងទទួលស្គាល់ថាលុយពិតជាសំខាន់ តែក្រៅតែពីយល់ថាលុយសំខាន់ហើយ យើងគប្បីផ្តល់គុណតម្លៃទៅឱ្យលុយផងដែរ។ លុយដែលបានមកដោយអំពើទុច្ចចរិត បានមកដោយអំពើអសីលធម៌ វាមានតម្លៃត្រឹមតែជាតួលេខប៉ុននោះ តែវាគ្មានតម្លៃជាគុណធម៌ទេ។ លុយបែបនេះ អាចជួយអ្នកឱ្យរស់ តែរស់ក្នុងអំពើបាប រស់ក្នុងជីវិតទុច្ចចរិត និងរស់នៅក្នុងសង្គមអសីលធម៌តែប៉ុននោះ។ អ្វីដែលសំខាន់នោះ លុយបែបនេះ អាចធ្វើឱ្យជនទុច្ចចរិតសរសើរអ្នក តែមិនអាចឱ្យមនុស្សសុចរិតឱ្យតម្លៃអ្នកឡើយ។ នៅទីបំផុត គឺលុយជាអ្នកដឹកមុខអ្នក គឺលុយជាអ្នកគ្រប់គ្រងលើជីវិតអ្នក ហើយគឺលុយជាចៅហ្វាយរបស់អ្នកតែម្តង។
ចំពោះលុយ បើយើងមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ នោះយើងនឹងឃើញថាមានវិធីច្រើនណាស់ដែលអាចរកលុយបាន។ ពោលគឺមិនខុសពីចំណេះដឹងផ្សេងៗទៀត ដូចជាចំណេះដឹងខាងនេសាទ ឬបបាញ់សត្វនោះឡើយ។ កាលណាយើងបានរៀនសូត្រពីរបៀបនេសាទ នោះយើងនឹងដឹងតើត្រីរស់នៅទីណា តើត្រូវប្រើឧបករណ៍អ្វីដើម្បីចាប់ត្រីប្រភេទនេះ នៅកន្លែងនេះ និងត្រូវប្រើឧបករណ៍អ្វីដើម្បីចាប់ត្រីប្រភេទនោះ នៅកន្លែងនោះ។ ចំពោះចំណេះដឹងផ្នែកលុយ ឬចំណេះដឹងហិរញ្ញវត្ថុនេះ យើងគប្បីសិក្សារៀនសូត្រវាតាំងពីយើងនៅតូចៗមកម៉្លេះ។ តែគួរឱ្យស្តាយ ដែលចំណេះដឹងបែបនេះ មិនមានបង្រៀនឱ្យច្បាស់លាស់ពិតប្រាកដនៅក្នុងសាលាឡើយ។ ដោយសារគ្មាន ឬខ្វះចំណេះដឹងផ្នែកលុយ ទើបយើងពិបាកនឹងដឹងថា តើលុយរស់នៅទីណា ហើយត្រូវប្រើឧបករណ៍អ្វីដើម្បីនេសាទលុយ។ លុយ ប្រៀបដូចជាទឹកដែលកំពុងហូរគ្រប់ច្រកល្ហកទៅគ្រប់ទិសទី។ អ្នកដែលមានចំណេះដឹងខាងរឿងប្រាក់កាស គេអាចមើលឃើញលុយហោះហើរកាត់មុខគេគ្រប់វិនាទី ហើយដោយគ្រាន់តែប្រើឧបរកណ៍អ្វីមួយ នោះគេច្បាស់ជាអាចទាក់យកលុយនោះបាន។ តើអ្វីទៅជាឧបករណ៍សម្រាប់នេសាទលុយ? បើនិយាយឱ្យងាយយល់ វាមិនខុសគ្នាពីឧបករណ៍នេសាទត្រីទេ។ ឧបករណ៍សម្រាប់នេសាទលុយ គឺចំណេះដឹង ជំនាញ បទពិសោធ ទំនាក់ទំនង គុណតម្លៃ ឬកេរ្តិ៍ឈ្មោះ។ ឧទាហរណ៍ បើយើងមានចំណេះដឹង ឬជំនាញលើអ្វីមួយច្បាស់ ដូចជាខាងជួសជុលម៉ាស៊ីត្រជាក់ ខាងចិញ្ចឹមត្រី ខាងបិទស្កុតម៉ូតូឡាន ខាងគូរគំនូរ ខាងកុំព្យូទ័រ ខាងដីធ្លី ខាងហ្វេសប៊ុក ខាងយូធូប។ល។ និង។ល។ នោះយើងច្បាស់ជាអាចរកលុយបាន ហើយបើបូកនឹងយើងមានបទពិសោធ មានចរិតល្អស្មោះត្រង់ តស៊ូព្យាយាម និងមានទំនាក់ទំនងល្អជាមួយមនុស្សទូទៅទៀតនោះ លុយកាន់តែហូរចូលមករកយើងដូចទឹកបាក់ទំនប់ជាមិនខាន។ អ៊ីចឹងហើយបានជាបុព្វបុរសអ្នកប្រាជ្ញយើង គឺលោកតា ក្រមង៉ុយ លោកបានផ្តាំថា “បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមាំ ឱ្យមាំឱ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ”។
ដូច្នេះ យើងត្រូវតែសិក្សារៀនឱ្យមានចំណេះដឹងទូលំទូលាយ ជាពិសេសបើចង់ធ្វើជាចៅហ្វាយនាយលើលុយ យើងត្រូវតែមានចំណេះដឹងអំពីលុយ និងរៀនសូត្រពីរបៀបគ្រប់គ្រងលុយ។ បើយើងយល់ដឹងអំពីលុយហើយ នោះកូនចៅជំនាន់ក្រោយរបស់យើងច្បាស់ជាមិនជួបបញ្ហារឿងលុយកាក់ទៀតឡើយ។ បើប្រជាជនយើងមានចំណេះដឹងអំពីលុយ នោះសង្គមយើងនឹងក្លាយជាសង្គមអ្នកមាន និងជាសង្គមដែលមានការអភិវឌ្ឍ។ ចូរយើងកុំដេកទ្រាំនឹងការលំបាកអស់មួយជីវិតដោយសារតែភាពខ្ជិលឡើយ តែយើងត្រូវនាំគ្នាប្រឹងប្រែង ប្រឹងរៀនប្រឹងសូត្រ តស៊ូធ្វើការរកស៊ី ដោយប្រឹងតែមួយប្រាវពីរប្រាវ អត់ទ្រាំលំបាកតែមួយភ្លែតពីរភ្លែត នោះយើងនឹងសោយសុខលើជីវិតដ៏ធូរធា៕
ស្មេរដោយ ឧកញ៉ា ជា តុងហ៊ួរ
No comments:
Post a Comment