ការគ្មានវិន័យ ធ្វើឱ្យសុបិនធំរលាយសូន្យ - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, June 03, 2022

ការគ្មានវិន័យ ធ្វើឱ្យសុបិនធំរលាយសូន្យ



ជីវិតមនុស្សយើង រស់នៅក្នុងក្របខណ្ឌនៃទម្លាប់។ នេះមានន័យថា នៅពេលយើងធ្វើអ្វីមួយញយដងក្នុងរយៈពេលយូរ ទោះដោយដឹង ឬមិនដឹងខ្លួន នោះយើងនឹងបង្កើតបានទម្លាប់មួយ។ បើយើងធ្វើអាក្រក់ញយដង នោះយើងនឹងមានទម្លាប់អាក្រក់ ផ្ទុយទៅវិញ បើយើងធ្វើល្អញយដង នោះយើងនឹងមានទម្លាប់ល្អ។ បើជ្រុលជាជីវិតយើងបង្កើតទម្លាប់ ឬរបៀបរស់នៅដោយស្វ័យប្រវត្តិហើយ ម្តេចក៏យើងមិនបង្កើតឱ្យបានទម្លាប់ល្អៗទៅ? មែនទេ? ទម្លាប់អាក្រក់ វារមែងធ្វើឱ្យយើងស្រួលខ្លួនដំបូងៗ តែនៅពេលវាចេញផ្លែផ្កា យើងច្បាស់ជាទទួលរងភាពជូរចត់មិនខាន។ តួយ៉ាង ទម្លាប់ខ្ជិលធ្វើការ នឹងធ្វើឱ្យយើងស្ពឹកស្រពន់ និងបង្កជាជម្ងឺយ៉ាងច្រើន ហើយទម្លាប់គេចវេះមិនព្រមរៀនសូត្រ នឹងធ្វើឱ្យយើងគ្មានចំណេះ គ្មានការងារល្អ និងត្រូវជួបនឹងការរស់ដ៏លំបាក។ 


ដើម្បីបង្កើតឱ្យបានទម្លាប់ល្អៗ យើងត្រូវការវិន័យដើម្បីជួយ។ ជីវិតមនុស្សយើង បើកាលណារស់នៅគ្មានវិន័យ គ្មានសណ្តាប់ធ្លាប់ ឬគ្មានគោលការណ៍ត្រឹមត្រូវទេ នោះច្បាស់ជានាំឱ្យមានភាពអាណាធិបតេយ្យក្នុងសង្គមមិនខាន។ ពាក្យចាស់ពោលថា “ប្រទេសមានច្បាប់ គ្រួសារមានវិន័យ” ហើយចំពោះបុគ្គលផ្ទាល់ម្នាក់ៗក៏ត្រូវតែមានវិន័យដោយខ្លួនឯងផងដែរ។ នាយករដ្ឋមន្រ្តីសាំហ្កាពូ លី ក្វាន់យូ ធ្លាប់បានលើកឡើងថា “មិនថាអ្នកមានគោលដៅ ឬក្តីសុបិនធំប៉ុនណាទេ បើគ្មានវិន័យ នោះអ្វីៗនឹងរលាយសូន្យ។” នៅក្នុងប្រទេសមួយ កាលណាប្រជាជនជាមនុស្សមានវិន័យ ប្រទេសនោះក៏នឹងក្លាយជាប្រទេសថ្លៃថ្នូរ មានសណ្តាប់ធ្នាប់ និងត្រូវបានគេកោតសរសើរ។ ឧទាហរណ៍ដូចជាប្រទេសសាំងហ្កាពូ និងប្រទេសជប៉ុនជាដើម។ ប្រជាជននៃប្រទេសទាំងនេះ ជាមនុស្សប្រកាន់ខ្ជាប់នូវវិន័យ ការខិតខំប្រឹងប្រែងបំពេញការងារ និងមានការអប់រំល្អ។ ដូច្នេះ វាមិនចម្លែកទេដែលប្រទេសរបស់ពួកគេ ទទួលបានការកោតសរសើរ និងឱ្យតម្លៃពីសំណាក់ប្រជាជាតិដដទៃទៀតក្នុងពិភពលោក។ 


មនុស្សមួយចំនួន បានចោទឡើងថា “ខ្ញុំអនុវត្តតាមអ្វីដែលមនុស្សជោគជ័យជាច្រើនក្នុងលោកបានលើកឡើង ដូចជាត្រូវមានសុបិនធំ ត្រូវមានគំនិតវិជ្ជមាន ត្រូវធ្វើកិច្ចការដោយយកចិត្តទុកដាក់ ត្រូវនឹកមមៃទៅដល់អ្វីដែលយើងចង់បាន ត្រូវធ្វើនេះត្រូវធ្វើនោះជាច្រើន។ ប៉ុន្តែ ទីបំផុតខ្ញុំនៅតែបរាជ័យដោយមិនទទួលបានផលទ្ធផលដែលខ្លួនរំពឹងទុកឡើយ។” មែនហើយ! នេះពីព្រោះពួកគេមើលរំលងគុណតម្លៃនៃវិន័យ ឬគោលការណ៍។ អ្វីៗ សុទ្ធតែមានវិន័យ អ្វីៗសុទ្ធតែមានគោលការណ៍របស់វា។ ការអនុវត្តកិច្ចការ បើគ្មានគោលការណ៍ បទបញ្ជា ឬវិន័យទេ សកម្មភាពនោះនឹងក្លាយជាភាពខ្ជះខ្ជាយ។ កាលណា នឹកឃើញចង់ធ្វើក៏ធ្វើ ហើយនឹកឃើញខ្ជិលក៏ទម្លាក់កិច្ចការចោលទៅជល់មាន់ ទៅជល់ត្រីក្រឹមអីអ៊ីចឹងទៅ។ បើបែនេះ កុំសង្ឃឹមឡើយថា ក្តីស្រមៃនឹងក្លាយជាការពិត។ យើងត្រូវចាំថា នរណាក៏ចេះស្រមៃដែរ នរណាក៏ចង់បានឡានជិះ ចង់បានផ្ទះធំ និងចង់ក្លាយជាអ្នកមានដែរ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចបានអ្វីៗតាមដែលខ្លួនប៉ងទេ។ ដោយសារអ្វី? គឺដោយសារតែការស្រមៃ និងសកម្មភាពមិនស៊ីគ្នា ហើយពេលខ្លះសកម្មភាពនោះ ជាទង្វើលំៗម៉ាៗយកតែស៊ង។ ចំពោះកងទ័ព កាលណាគ្មានវិន័យហើយ គឺមិនអាចវាយឈ្នះសត្រូវបានឡើយ។ ទាហានក្រិចបុរាណ គឺជាទ័ពដែលមានការរហ្វឹកហាត់ប្រកបដោយវិន័យតឹងរ៉ឹង ម៉្លោះហើយទើបទាហានក្រិចក្លាយជាទាហានដ៏ខ្លាំងក្លា និងយកជ័យជំនះស្ទើរតែគ្រប់សមរភូមិ។ ពាក្យស្លោកចិនមួយ និយាយថា “ទ័ពគ្មានវិន័យ មិនខុសពីចោរព្រៃឡើយ។ ទ័ពគ្មានវិន័យ កាលណាវាយបានក្រុងណា ប្រជាជននៅក្រុងនោះច្បាស់ជារងទុក្ខវេទនាខ្លោចផ្សារដោយការឆក់ប្លន់ និងចាប់រំលោភ”។ 


ជារួមមកវិញ ចូរយើងឱ្យតម្លៃទៅលើវិន័យ និងបង្កើតវិន័យសម្រាប់ខ្លួនឯង ព្រមទាំងដើរតាមគោលការណ៍ និងវិន័យទាំងនោះឱ្យបានក្រឹតក្រម ទើបយើងអាចឆ្ពោះទៅសម្រេចកិច្ចការធំៗ និងក្តីសុបិនរបស់យើងបាន។ សូមកុំភ្លេច វិន័យនាំឱ្យយើងថ្លៃថ្នូរ ភាពថ្លៃថ្នូរនាំឱ្យយើងមានតម្លៃ តម្លៃនាំឱ្យយើងជោគជ័យ៕


ស្មេរដោយ ឧកញ៉ា ជា តុងហ៊ួរ

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here