ចរិតលក្ខណៈស្នូលចំនួន ៥ យ៉ាង របស់មេដឹកនាំល្អ - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Wednesday, June 15, 2022

ចរិតលក្ខណៈស្នូលចំនួន ៥ យ៉ាង របស់មេដឹកនាំល្អ



មនុស្សយើងម្នាក់ៗសុទ្ធតែអាចអភិវឌ្ឍខ្លួនក្លាយជាមេដឹកនាំរបស់គេបាន។ ប៉ុន្តែ បញ្ហាខ្លះស្ថិតនៅត្រង់ថា មនុស្សមួយចំនួនយល់ថាមេដឹកនាំកើតឡើងដោយធម្មជាតិ ឬកើតឡើងដោយកំណើត។ យោងតាមការសិក្សាស្រាវជ្រាវគេសង្កេតឃើញថា អ្នកដឹកនាំមិនមែនកើតឡើងពីការកំណត់របស់ព្រះជាម្ចាស់ ឬព្រហ្មលិខិតនោះទេ ប៉ុន្តែគឺកើតឡើងពីការហ្វឹកហាត់លត់ដំ បូកផ្សំជាមួយនឹងស្ថានភាពតម្រូវ។ ជាបន្តទៅនេះ លោកអ្នកនឹងបានជ្រាបនូវចរិតលក្ខណៈស្នូលចំនួន ៥ យ៉ាង របស់មេដឹកនាំល្អ។ តើចំណុចស្នូលទាំង ៥ នោះមានអ្វីខ្លះ? សូមប្រិយមិត្តតាមដានអានជាបន្តដូចតទៅ។ 


១. ហ៊ានទទួលស្គាល់កំហុស


ធ្វើជាមេដឹកនាំរបស់គេ ថ្វីបើមានឋានៈ និងទំនួលខុសត្រូវច្រើនជាងគេ ក៏មិនមែនបានន័យថាយើងមិនចេះធ្វើខុស ឬក៏ធ្វើខុសហើយតែបែរជាមិនទទួលស្គាល់ថាខ្លួនឯងខុសនោះទេ។ ទង្វើមិនហ៊ានទទួលស្គាល់កំហុស គឺជាគម្រូអាក្រក់មួយសម្រាប់កូនចៅថ្នាក់ក្រោម។ មិនថាយើងឋានៈខ្ពស់ប៉ុណ្ណាក៏ដោយ បើយើងធ្វើខុស គឺខុសហើយ វាមិនអាចប្រែក្លាយជាត្រឹមបានទេ។ ដូច្នេះ ការទទួលស្គាល់ថាខុស ហើយព្យាយាមមិនឱ្យធ្វើខុសដដែលៗ គឺជាគុណសម្បត្តិមួយរបស់មេដឹកនាំ។ ផ្ទុយទៅវិញ មេដឹកនាំដែលមិនហ៊ានទទួលស្គាល់កំហុស គឺជាមនុស្សកំសាក និងមិនសក្តិសមធ្វើជាមេដឹកនាំឡើយ។


២. ឱ្យតម្លៃ និងជឿទុកចិត្តចំពោះអ្នកក្រោម


ទំនុកចិត្ត និងការឱ្យតម្លៃចំពោះគ្នា គឺចំណងដ៏រឹងមាំចងភ្ជាប់មេដឹកនាំ និងកូនចៅ។ បើកាលណាមេដឹកនាំមិនទុកចិត្តកូនចៅ នោះកូនចៅក៏គ្មានការលះបង់ចំពោះមេដឹក។ បើកាលណាមេដឹកនាំមិនឱ្យតម្លៃកូនចៅ នោះកូនចៅក៏មិនអាចនៅជាមួយមេដឹកនាំនោះបានយូរដែរ។ សុភាសិតមួយគេនិយាយថា “ប្រើមនុស្សកុំសង្ស័យ បើសង្ស័យកុំប្រើ”។ មេដឹកនាំ និងកូនចៅ ថ្វីបើមានការបែងចែកការងារ និងឋានៈ ប៉ុន្តែពួកគេសុទ្ធតែមានតួនាទីសំខាន់ដូចគ្នាក្នុងការសម្រេចគោលដៅរួមរបស់អង្គភាព។ មេដឹកនាំ គ្មានកូនចៅក៏មិនអាចសម្រេចគោលដៅ ហើយបើមានតែកូនចៅតែគ្មានមេដឹកនាំ ក៏គោលដៅមិនអាចសម្រេចបានដែរ។ 


៣. សួរយោបល់អ្នកជុំវិញខ្លួន


មេដឹកនាំ មិនត្រូវប្រកាន់ថាខ្លួនជាមនុស្សអស្ចារ្យមានគំនិតយោបល់ត្រូវគ្រប់យ៉ាងនោះទេ។ មេដឹកនាំល្អ ត្រូវតែចេះប្រមូលគំនិតយោបល់ពីមនុស្សក្រោមបង្គាប់ឱ្យបានច្រើន បន្ទាប់មកសឹមធ្វើការសម្រេចចិត្តដោយផ្តោតលើគោលជំហរប្រយោជន៍រួម។ នៅក្នុងការដឹកនាំអង្គភាព ឬក្រុមហ៊ុនមួយ ពេលខ្លះអ្វីដែលថ្នាក់ក្រោមឃើញ ថ្នាក់លើអាចមើលរំលង ហើយក៏មានពេលខ្លះអ្វីដែលថ្នាក់ក្រោមមើលមិនឃើញ ថ្នាក់លើអាចមើលឃើញច្បាស់។ ម៉្លោះហើយ ជម្រើសល្អបំផុត គឺត្រូវប្រមូលផ្តុំគំនិតយោបល់ទាំងអស់ ដើម្បីបានជាព័ត៌មានយកទៅសម្រេចចិត្តបានត្រឹមត្រូវ។ 


៤. ជួយកិច្ចការកូនចៅ


ការជួយទុក្ខធុរៈមនុស្សក្រោមបង្គាប់ នឹងកាន់តែធ្វើឱ្យមេដឹកនាំម្នាក់ទទួលបានទំនុក និងការលះបង់ខ្ពស់ពីកូនចៅ។ មេដឹកនាំល្អ តែងតែចាត់ទុក្ខបញ្ហារបស់កូនចៅគឺជាបញ្ហាដែលខ្លួនមានចំណែកចូលរួមដោះស្រាយ។ មេដឹកនាំល្អ មិនត្រឹមតែជួយកិច្ចការកូនចៅនៅក្នុងអង្គភាពប៉ុននោះទេ តែគាត់ថែមទាំងយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់កូនចៅទៀតផង។ ជាធម្មតា បើនៅក្នុងគ្រួសារពុំមានសេចក្តីសុខទេ នៅក្នុងអង្គភាព ឬក្រុមហ៊ុនក៏ពុំអាចរីកចម្រើនទៅមុខដែរ។ ដូច្នេះ តួនាទីសំខាន់របស់មេដឹកនាំ គឺព្យាយាមឱ្យអស់សមត្ថភាពដើម្បីធានាថាកូនចៅរបស់ខ្លួនមានលក្ខខណ្ឌជីវភាពមួយដែលសមរម្យ។ ធ្វើដូច្នេះបាន ទើបពួកគេមានអារម្មណ៍មូលក្នុងការបំពេញការងារក្នុងក្រុមហ៊ុន។ 


៥. ធ្វើជាគម្រូល្អ


ភាពជាគម្រូល្អ គឺគុណសម្បត្តិដ៏អស្ចារ្យរបស់មេដឹកនាំ។ ក្នុងនាមយើងជាមេដឹកនាំ បើមិនចង់ឱ្យកូនចៅខ្ជិលច្រអូសទេ យើងត្រូវតែជាមនុស្សឧស្សាហ៍ធ្វើការ, បើមិនចង់ឱ្យកូនចៅលួចបន្លំទេ យើងត្រូវតែជាមនុស្សហ្មត់ចត់ស្មោះត្រង់, បើមិនចង់ឱ្យកូនចៅផឹកស្រា យើងត្រូវតែជាមនុស្សកុំផឹកស្រា, ហើយបើខ្លួនខូចខិលរឿងស្រី នោះអ្នកនឹងមិនអាចទូន្មានកូនចៅអ្នកមិនឱ្យខូចខិលរឿងស្រីបានឡើយ។ រាល់សកម្មភាពដែលអ្នកជាមេដឹកនាំធ្វើ មានកែវភ្នែកច្រើនណាស់ដែលសម្លឹងមើលមក និងរង់ចាំវាយតម្លៃ។ ដូច្នេះ យើងចាំបាច់ត្រូវធ្វើជាមេដឹកនាំម៉ាត់ណាម៉ាត់ហ្នឹង កុំសម្តីផ្សេង ទង្វើផ្សឹងឱ្យសោះ៕


ស្មេរដោយ : ឧកញ៉ា ជា តុងហ៊ួរ

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here