មនុស្សយើងម្នាក់ៗ សុទ្ធតែប្រាថ្នាចង់ឱ្យខ្លួនឯងរីកចម្រើនលូតលាស់ មិនថារូបរាង ទ្រព្យសម្បត្តិ ឬចំណេះដឹងឡើយ។ ប៉ុន្តែ ការលូតលាស់ផ្លាស់ប្រែនេះ មានភាពខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ កត្តាដែលនាំឱ្យមានភាពខុសគ្នានេះ គឺដោយសារតែល្បឿននៃការផ្លាស់ប្តូរ។ អ្នកខ្លះអាចដើរបានលឿន ពីព្រោះគេមានសំពាយទម្ងន់ស្រាល ហើយអ្នកខ្លះទៀតអាចដើរលឿនពីព្រោះគេគ្មានការរំខាននានា។ នៅថ្ងៃនេះ លោកអ្នកនឹងបានដឹងគន្លឹះមួយចំនួនដែលអាចជួយឱ្យខ្លួនឯងមានការរីកចម្រើនលូតលាស់ទៅមុខបានលឿនរហ័ស។ គន្លឹះទាំងអស់នោះ គឺការស្គាល់គុកទាំងបីសម្រាប់មនុស្សបរាជ័យ។ បើមិនចង់ក្លាយជាអ្នកទោសជាប់ក្នុងគុកទាំងបីនេះទេ សូមប្រិយមិត្តតាមដាន និងអនុវត្តតាមសេចក្តីណែនាំដែលមានជាបន្តបន្ទាប់ដូចតទៅ។
គុកទី១ ការខ្វល់ខ្វាយនឹងសម្តីអ្នកដទៃ
នៅពេលដែលយើងយកចិត្តទុកដាក់ចំពោះការយល់ឃើញ ការវាយតម្លៃ ឬការរិះគន់របស់អ្នកដទៃលើខ្លួនយើងពេក នោះយើងច្បាស់ជាមិនអាចធ្វើអ្វីបានច្រើន និងមិនអាចទៅណាបានឆ្ងាយនោះឡើយ។ មនុស្ស១០០នាក់ មានគំនិត១០០គំនិតផ្សេងៗគ្នា។ សម្តីវាយតម្លៃរបស់អ្នកដទៃ មានត្រូវមានខុស ប៉ុន្តែអ្វីដែលសំខាន់ គឺយើងត្រូវចេះច្រោះយកគំនិតល្អៗពីពួកគេមកប្រើ។ អ្វីដែលអាក្រក់ អ្វីដែលជាសំរាម ចូរយើងកុំខ្វល់ខ្វាយ។ មនុស្សយើង មានលក្ខណៈពិសេសប្លែកៗគ្នា យើងមិនអាចរស់នៅក្នុងរង្វង់នៃការចង់បានរបស់នរណាម្នាក់បានទេ។ កាលណាយើងចងភ្ជាប់ខ្លួនឯងជាមួយនឹងគំនិតវាយតម្លៃរបស់អ្នកដទៃ នោះយើងច្បាស់ជាមិនអាចទៅណាបានទេ គឺនៅមួយកន្លែងដូចជាមនុស្សជាប់គុក។ នៅពេលចង់ធ្វើនេះ ខ្លាចគេថា នៅពេលចង់ធ្វើនោះ ក៏ខ្លាចគេថា (មុជមិនជ្រៅ ទៅមិនឆ្ងាយ)។ ដល់ពេលភាគីមួយទាញយើងទៅលិច ភាគីមួយទៀតទាញយើងទៅកើត នៅទីបំផុត យើងបានត្រឹមនៅទ្រឹងមួយកន្លែង គ្មានបានធ្វើកិច្ចការអ្វីជារបស់ខ្លួនឱ្យបានដុំកំភួនឡើយ។ សម្តីវាយតម្លៃរបស់អ្នកដទៃ វាមិនសំខាន់ស្មើនឹងឆន្ទៈរបស់យើងទេ។ នៅពេលយើងចាប់ផ្តើមធ្វើអ្វីមួយ ប្រហែលជាអ្នកខ្លះថាយើងឆ្កួត ឬថាយើងល្ងង់។ នៅពេលយើងធ្វើមិនចេញលទ្ធផល ពួកគេក៏សើចចំអកជាន់ពន្លិច។ នៅពេលយើងធ្វើកើតការខ្លះៗ គេក៏និយាយថា “វាមិនខ្មេះទេ។ វាមិនបានប៉ុន្មានទឹកទេ”។ល។ ដល់ពេលឃើញលទ្ធផលយើងកាន់តែរីកធំ អ្នកខ្លះចាប់ផ្តើមវាយប្រហារ ហើយអ្នកខ្លះចាប់ផ្តើមចូលមករាប់អានយើងជាមិត្ត។ នៅពេលយើងជោគជ័យទាំងស្រុង ពួកគេក៏មកសុំយោបល់របស់យើង។ រឿង វាមានតែប៉ុណ្ណឹង ដូច្នេះកុំផ្តោតសំខាន់លើការយល់ឃើញរបស់អ្នកដទៃពេក ចូរយកចិត្តទុកដាក់ចំពោះខ្លួនឯង ធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ត និងតាមប្រមាញ់អ្វីដែលជាក្តីសុបិនរបស់យើង។
គុកទី២ ការរស់នៅក្នុងអតីតកាល
ជាការពិត នរណាក៏មានអតីតកាលដែរ ហើយអតីកាលល្អៗមិនសូវជាបង្កបញ្ហាទេ ប៉ុន្តែអតីតកាលដែលងងឹតអួអាប់ ច្រើនតែធ្វើឱ្យយើងមួហ្មងវិលវល់ខ្វាយខ្វល់មិនចេះចប់មិនចេះហើយ។ ការគិតសោកស្តាយ ការគិតវិលវល់ និងការស្រណោះស្រណោកចំពោះរឿងអតីកាល គឺជាសុទ្ធតែរនាំងបាំងយើងមិនឱ្យធ្វើដំណើរទៅមុខបានលឿន និងបានឆ្ងាយ។ អ្នករឹតគិត នោះអ្នកនឹងរឹតតែបាត់បង់ គឺបាត់បង់មនុស្សថ្មី បាត់បង់ឱកាសថ្មី និងបាត់បង់ធនធានថ្មីដែលយើងត្រូវទទួលបានសង្គម ពីមនុស្ស និងពីធម្មជាតិ។ អតីតកាល មិនថាល្អ ឬអាក្រក់ វាគួរតែត្រូវទុកជាមេរៀនសម្រាប់សិក្សាទៅបានហើយ។ ទោះបីយើងគិតរឭកវារាប់រយដង ក៏មិនអាចទៅកែប្រែវាបានសូម្បីតែម្តង។ ដូច្នេះ តើមានន័យអីដែលត្រូវសញ្ជឹងគិតមមៃរស់នៅក្នុងអតីភាពដែលវាមិនផ្តល់ផលប្រយោជន៍អ្វីសោះឱ្យយើងនោះ? ចូរសម្លឹងមកបច្ចុប្បន្ន ចូរយកចិត្តទុកដាក់ចំពោះកិច្ចការពេលនេះ និងចូរយកចិត្តទុកដាក់ចំពោះមនុស្សដែលនៅចំពោះមុខយើងនេះ។ បច្ចុប្បន្នកាលល្អ នឹងបង្កើតឱ្យមានអតីតកាលល្អ និងអនាគតល្អផងដែរ។ ឱ្យតែយើងប្រឹងប្រែងនៅឥឡូវនេះ ផលល្អនឹងកើតឡើងនៅពេលអនាគត។ បើមិនចង់មានវិប្បដិសារីនៅថ្ងៃក្រោយ យើងមានតែផ្តល់តម្លៃដល់ពេលវេលាបច្ចុប្បន្ន និងធ្វើអ្វីៗគ្រប់យ៉ាងនៅពេលនេះឱ្យល្អជាទីបំផុត។ ជាថ្មីម្តងទៀត សូមព្យាយាមទម្លាក់រឿងរ៉ាវអតីតកាលចោល ហើយចាប់យកកិច្ចការនាពេលនេះមកធ្វើ ជួបនឹងមនុស្សថ្មីៗ ទៅទីកន្លែងថ្មីៗ និងសិក្សាពីមេរៀនថ្មីៗ។ ជីវិតរបស់យើង គួរតែត្រូវតាក់តែងឱ្យមានន័យមានតម្លៃតាមរយៈបែបនេះ មិនត្រូវសំកុក drama រអ៊ូរំអួយដាក់ហ្វេសប៊ុកនោះទេ។
No comments:
Post a Comment