ពេលអ្នកបាក់ទឹកចិត្ត សូមនឹកដល់រឿង ៣ នេះ - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, June 03, 2022

ពេលអ្នកបាក់ទឹកចិត្ត សូមនឹកដល់រឿង ៣ នេះ




តើអ្នកធ្លាប់ជួបរឿងអស់សង្ឃឹមរលីងពីខ្លួន រហូតយល់ថាលែងចង់រស់ទេ? ជឿជាក់ថាប្រិយមិត្តមួយចំនួនច្បាស់ជាបានឆ្លងកាត់អារម្មណ៍មួយនេះ គឺអារម្មណ៍នៃការទទួលទម្ងន់ខ្លាំងហួសហេតុរហូតគិតថា មានតែការរត់ឱ្យផុតផែនដី ឬការស្លាប់ គឺជាដំណោះស្រាយដ៏ល្អបំផុត។ ជីវិតយើង ដូចជាសៀវភៅមួយក្បាលដែរ វាក្រាស់ ឬស្តើង គឺអាស្រ័យលើសេចក្តីនៃជីវិតដែលយើងសរសេរបញ្ចូល ហើយមានន័យ ឬគ្មានន័យ គឺអាស្រ័យលើយើងជាអ្នកនិពន្ធ ត្រូវសរសេរអ្វីខ្លះដាក់បញ្ចូលទៅក្នុងសៀវភៅនោះ។ សៀវភៅជីវិត មានទំព័រខ្លះជួបរឿងជូរចត់ ហើយក៏មានទំព័រខ្លះជួបរឿងរីករាយ។ ដូច្នេះ យើងកុំអានដល់ត្រឹមទំព័រជូរចត់ ហើយក៏បិទបញ្ចប់លែងចង់អានទៅមុខ។ នៅពេលជីវិតដើរដល់ផ្លូវទាល់ យើងច្បាស់ជាបាក់ទឹកចិត្ត និងអស់សង្ឃឹមមែនទេ? បើបែបនោះមែន នៅពេលដែលអ្នកមានអារម្មណ៍យ៉ាងនេះ សូមលោកអ្នកនឹកដល់បីចំណុចដូចខាងក្រោមនេះ។ 


១. ព្រះអាទិត្យលិច គឺដើម្បីរះឡើងវិញ  


មនុស្សស្ទើរតែគ្រប់គ្នា នៅលើលោកយើង សុទ្ធតែឆ្លងកាត់ការអស់សង្ឃឹម ការខកចិត្ត ការតប់ប្រមល់ និងការបាក់ទឹកចិត្តដោយចៀសមិនផុត។ វាគ្រាន់តែថា យើងជួបនឹងស្ថានភាពបែបហ្នឹងខុសៗគ្នាតែប៉ុននោះ។ អ្នកខ្លះបាក់ទឹកចិត្តរឿងប្រឡងធ្លាក់ អ្នកខ្លះខកចិត្តរឿងស្នេហា អ្នកខ្លះតប់ប្រមល់នឹងរឿងការងារ ខណៈអ្នកខ្លះទៀតអស់សង្ឃឹមនឹងរឿងរកស៊ី។ ចំពោះដំណោះស្រាយទៀតសោត ក៏មានលក្ខណៈផ្សេងៗដែរ ដោយមនុស្សមួយចំនួនសម្រេចចិត្តបោះបង់ ហើយមនុស្សមួយចំនួនទៀតសម្រេចចិត្តតស៊ូប្រយុទ្ធ និងបន្តដំណើរទៅមុខ។ នៅពេលដែលយើងធ្លាក់ដល់បាត នោះយើងគួរតែលែងបារម្ភទៅ ព្រោះយើងគ្មានកន្លែងដែលត្រូវធ្លាក់ទៅទៀតទេ។ ដូច្នេះ យើងមានតែត្រូវខំប្រឹងសម្លឹងរកមើលឱកាស និងផ្លូវឡើងទៅកាន់ទីខ្ពស់វិញ។ យើងត្រូវតែប្រឹងស្រវេស្រវាឡើង បើធ្លាក់ យ៉ាងខ្លាំងយើងទៅដល់បាតវិញតែប៉ុននោះ។ តែបើមិនធ្លាក់ទេ យើងនឹងអាចឈោងចាប់មាត់អណ្តូង និងឈានឡើងមកកាន់ទីភ្លឺ គឺជោគជ័យ។ ពេលបាក់ទឹកចិត្តខ្លាំង យើងមិនត្រូវស្តាប់បទចម្រៀងកំសត់ៗ ឬគិតស្រណោះស្រណោកអន្លង់អន្លោចដែលនាំឱ្យខ្លួនយើងរឹតតែទន់ជ្រាយនោះទេ។ ផ្ទុយទៅវិញ យើងត្រូវអានសៀវភៅលើកកម្លាំងចិត្ត និងស្តាប់ការផ្តល់មតិយោបល់ល្អៗពីមិត្តភក្តិ និងគ្រួសារ។ យើងគប្បីចាំថា យប់ដែលងងឹតបំផុត គឺទៀបភ្លឺ ហើយព្រះអាទិត្យលិចថ្ងៃនេះ គឺដើម្បីត្រៀមរះឡើងវិញនៅថ្ងៃស្អែក។ ចំណែកយើង ការណ៍ដែលយើងជួបបញ្ហាជីវិតនៅពេលនេះ ក៏ជាពេលដែលយើងត្រូវហ្វឹកហាត់លត់ដំខ្លួនឯងឱ្យកាន់តែរឹងមាំជាមួយនឹងការពុះពារជម្នះឧបសគ្គទាំងឡាយដែលកំពុងដែលសង្កត់សង្កិនយើង។ បើគង់ដែលនៅស្ងៀមឱ្យបញ្ហាជាន់កយើងស្លាប់ដដែល ម្តេចក៏យើងមិនសាកល្បងលើកកណ្តាប់ដៃប្រយុទ្ធយកស្លាប់រស់ជាមួយវាទៅ? បើស៊យខ្លាំង គឺយើងស្លាប់ តែបើហេង យើងនឹងក្លាយជាមនុស្សខ្លាំង និងជោគជ័យ។ 


២. ឱ្យតែមានសង្ឃឹម អ្វីៗក៏អាចទៅរួចដែរ  


ក្តីសង្ឃឹមគឺជាដើមទុនជីវិត។ មនុស្សយើង ដែលអាចធ្វើអ្វីៗបានសម្រេច គឺព្រោះតែយើងមានក្តីសង្ឃឹម។ ឱ្យតែមានក្តីសង្ឃឹម នោះយើងនឹងមានកម្លាំងចិត្ត ហើយបើមានកម្លាំងចិត្ត នោះយើងនឹងអាចសម្រេចគ្រប់យ៉ាងដែលយើងចង់បាន។ យើងត្រូវទុកដាក់ក្តីសង្ឃឹមនៅក្នុងខ្លួនរបស់យើងជាប់ជានិច្ច ពោលគឺមិនត្រូវផ្ញើវានៅលើនរណាម្នាក់ ឬរបស់ណានោះទេ។ ឧបមាថា យើងទុកក្តីសង្ឃឹមលើមនុស្សម្នាក់ ស្រាប់តែពេលមួយ មនុស្សម្នាក់នោះចាកចេញពីយើង នោះយើងក៏ស្រាប់តែបាត់បង់ក្តីសង្ឃឹមដែរ។ នៅពេលអស់សង្ឃឹម យើងក៏មិនដឹងថាខ្លួនត្រូវរស់ដើម្បីអ្វី ឬរស់ដើម្បីនរណា។ នៅពេលចិត្តទន់ជ្រាយ រាងកាយរបស់យើងក៏ចាប់ផ្តើមទន់ខ្សោយ។ នៅខណៈនោះ យើងចង់ធ្វើអ្វី ក៏ធ្វើមិនបានបានលះៗ និងមិនបានសម្រេចជោគជ័យឡើយ។ កាលណាយើងនៅមានជីវិត នោះយើងនឹងមានអ្វីៗល្អៗជាច្រើនដែលយើងនឹងប្រទះ ពោលគឺជាដូចជាការបើកទំព័រសៀវភៅអ៊ីចឹង។ បើយើងមិនបន្តបើកមួយទំព័រទៀតទេ យើងច្បាស់ជាមិនដឹងថានៅទំព័របន្ទាប់មានអ្វីពិសេសៗល្អៗ និងមិនឱ្យតម្លៃនូវអ្វីដែលមាននៅទំព័របន្ទាប់នោះទេ។ នៅពេលបញ្ហាធ្លាក់មកលើយើងពេញបន្ទុក សូមកុំអស់សង្ឃឹមឡើយ តែយើងត្រូវតែប្រឹងងើបឈរឡើង ហើយបង្ហាញប្រាប់ពិភពលោកថា យើងមិនមែនជាមនុស្សទន់ជ្រាយងាយឱ្យគេធ្វើបាបទេ។ ចូរប្រកាសប្រាប់ខ្លួនឯង និងពិភពលោកទាំងមូលថា យើងគឺជាពូជពង្សអ្នកចម្បាំង មានឈាមជាអ្នកតស៊ូ និងមានទឹកចិត្តមោះមុតជាអ្នកប្រយុទ្ធ។ ការប្រកាសថ្លែងបែបនេះ គឺជាការសច្ចាផ្តល់ថាមពល និងភាពខ្លាំងចំពោះខ្លួនឯង។ មិនយូរប៉ុន្មាន យើងក៏នឹងមានកម្លាំងចិត្ត និងកម្លាំងកាយបន្តិចម្តងៗឡើងវិញទៅតាមអ្វីដែលយើងបានប្រកាស។ ចូរងើបមុខឡើង ញញឹមដាក់បញ្ហា ហើយចាប់ផ្តើមប្រយុទ្ធដើម្បីខ្លួនឯង និងដើម្បីមនុស្សជាទីស្រឡាញ់របស់យើង។


៣. កុំឱ្យថ្ងៃអាក្រក់មួយថ្ងៃ បំផ្លាញអនាគតអ្នករាប់ឆ្នាំ


ថ្ងៃនីមួយៗដែលបណ្តាក់វេនគ្នាចូលមកអមដំណើរជីវិតរបស់យើង មិនមែនសុទ្ធតែជាថ្ងៃរីករាយសម្រាប់យើងនោះទេ។ មានថ្ងៃខ្លះ ខណៈយើងកំពុងសើចសប្បាយ អ្នកខ្លះបែរជាកំពុងជួបទុក្ខលំបាក ឬការខកចិត្តស្អិតទ្រូងនឹងរឿងអ្វីមួយ។ ដូចគ្នាដែរ នៅថ្ងៃខ្លះដែលអ្នកដទៃលេងសើចក្អាយក្អាយ តែយើងបែរជាកំពុងដេកឱបទុក្ខយ៉ាងស្ងៀមស្ងាត់នៅក្នុងបន្ទប់ដ៏ងងឹតតែម្នាក់ឯង។ យ៉ាងណាមិញ បើទោះបីជាដឹងថាត្រូវជួបប្រទះនឹងថ្ងៃអាក្រក់ខ្លះដោយចៀសមិនផុត តែមនុស្សមួយចំនួនតូច នៅតែយកពេលវេលាអាក្រក់មួយថ្ងៃនោះ ទៅបំផ្លាញអនគតដ៏វែងអន្លាយរបស់ខ្លួនទៅវិញ។ អ្វីៗក៏មានទីបញ្ចប់របស់វាដែរ មិនថាយើងមានលុយច្រើនយ៉ាងណា គង់ថ្ងៃមួយលុយនោះនឹងត្រូវចាយអស់។ មិនថាយើងមានញាតិច្រើនយ៉ាងណា គង់ថ្ងៃមួយ យើងនឹងបែកគ្នា។ មិនថារាត្រីងងឹតយ៉ាងណា គង់វេលាព្រឹកលេចមុខឡើងមកបំភ្លឺលោក។ មិនថាថ្ងៃនេះយើងជួបរឿងអាក្រក់យ៉ាងណា វាគង់នឹងដល់ទីបញ្ចប់ ហើយរឿងល្អៗនឹងចាប់ផ្តើមហូរចូលមកជំនួស និងបំភ្លឺជីវិតរបស់យើងឱ្យស្រស់បំព្រង។ ជីវិតមនុស្សយើង គឺបែបហ្នឹងហើយ ម្តងឡើងម្តងចុះ ពេលឡើងយើងកុំអរដល់ភ្លេចខ្លួន ពេលចុះយើងកុំអស់សង្ឃឹម៕

ស្មេរដោយ ឧកញ៉ា ជា តុងហ៊ួរ

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here