នៅក្នុងជីវិតរបស់យើង មានរឿងរ៉ាវច្រើនស្អេកស្កះណាស់ដែលត្រូវឆ្លងកាត់មួយថ្ងៃៗ។ ដោយសារតែមានរឿងរ៉ាវច្រើនពេកហ្នឹងហើយ ទើបធ្វើឱ្យយើងរវល់ដល់ថ្នាក់ភ្លេចគិតថា តើរឿងណាសំខាន់គួរចង់ចាំ និងរឿងណាគួរទាត់ចោល។ ដូច្នេះ ដើម្បីជំនួយខ្លះៗកុំឱ្យបងប្អូនភ្លេច សូមជូនរឿងសំខាន់ៗ ៦ យ៉ាង ដែលយើងត្រូវចងចាំ។
១. ការវាយតម្លៃរបស់អ្នកដទៃមកលើយើង វាគ្រាន់តែជាគំនិតរបស់គេ
មនុស្សយើងគ្រប់គ្នា គ្មាននរណាម្នាក់អាចគេចផុតពីការវាយតម្លៃរបស់អ្នកដទៃបានទេ។ ក្នុងក្រសែភ្នែករបស់មនុស្សខាងក្រៅ យើងប្រហែលជាល្អសម្រាប់អ្នកនេះ តែប្រហែលជាអាក្រក់សម្រាប់អ្នកនោះ។ ការវាយតម្លៃថាយើងជាមនុស្សយ៉ាងនេះ ឬយ៉ាងនោះរបស់អ្នកដទៃ ជាក់ស្តែងវាអាចមានឥទ្ធិពលកម្រិតណាមកលើយើង គឺវាអាស្រ័យលើយើងជាចំបង។ កាលណាគេវាយតម្លៃមកលើយើង គេក៏រមែងចង់ឱ្យយើងក្លាយជាបែបនេះ ឬបែបនោះទៅតាមការចង់បានរបស់គេ ហើយបើយើងទន់ជ្រាយ ទន់ទោរធ្វើខ្លួនទៅតាមអ្វីមនុស្សគ្រប់គ្នាចង់បាន នោះយើងនឹងភ្លេចខ្លួនឯង ព្រមទាំងវង្វេងមិនដឹងថាខ្លួនជាអ្វី និងត្រូវទៅណាឱ្យពិតប្រាកដ។ យើងត្រូវចងចាំក្នុងចិត្ត ហើយដាស់តឿខ្លួនឯងជាប់ជានិច្ចថា អ្នកដទៃយល់ថាយើងជាមនុស្សយ៉ាងណា វាគឺជារឿងរបស់គេ ជាគំនិត ឬជាការយល់ឃើញរបស់គេតែប៉ុននោះ។ ម្យ៉ាង វាក៏ជាសិទ្ធិសេរីភាពរបស់គេក្នុងការបញ្ចេញការយល់ឃើញមកលើយើង។ រីឯយើងវិញ ក៏មានសិទ្ធិបដិសេធ ឬទទួលយកការយល់ឃើញរបស់ពួកគេដូចគ្នាដែរ។ អ្វីដែលល្អស័ក្តិសមនឹងយើង យើងក៏រើសយកមក ហើយអ្វីដែលមិនត្រឹមត្រូវសម្រាប់យើង យើងក៏រំលងវាចោលទៅ។ បើយើងធ្វើបែបនេះបាន នោះយើងនឹងគ្មានបញ្ហាស្មុគស្មាញច្រើនទេ ហើយផ្ទុយទៅវិញយើងអាចប្រមូលអារម្មណ៍ផ្តុំស្មារតីទៅលើកិច្ចការសម្រាប់គោលដៅរបស់យើងទៀតផង។
២. អតីតកាលមិនអាចផ្លាស់ប្តូរបាន
នេះគឺជារឿងសាមញ្ញបំផុតដែលនរណាៗក៏ដឹងដែរ ប៉ុន្តែអ្វីដែលសំខាន់ គឺការដឹង និងការធ្វើ វាមិនស៊ីគ្នា។ នរណាក៏ដឹងដែលថាអតីតកាល ជារឿងមិនអាចផ្លាស់ប្តូរបាន ប៉ុន្តែខ្លួនក៏តែបង្កើតកំហុសដដែលៗក្នុងពេលបច្ចុប្បន្ន ហើយកំហុសនោះៗក៏កើតជាស្លាកស្នាមដ៏អាក្រក់មិនកោសលុបបានក្នុងអតីតកាល។ មនុស្សមួយចំនួនទៀត ដឹងហើយ ឮហើយថាអតីតកាលមិនអាចកែប្រែបាន ប៉ុន្តែមួយថ្ងៃៗនៅសញ្ជឹងគិតនឹកមមៃតែពីរឿងអតីតកាលរហូតរកពេលសម្រាប់ធ្វើកិច្ចការសំខាន់ៗនាពេលបច្ចប្បន្នគ្មាន។ អនាគតជារឿងមិនទាន់មកដល់ដែលយើងមិនអាចធ្វើអ្វីបាន ហើយអតីតកាលជារឿងកន្លងហួសដែលយើងមិនអាចកែកុនធ្វើអ្វីបានដូចគ្នា ដូច្នេះមានតែក្នុងពេលបច្ចុប្បន្ននេះប៉ុននោះដែលជាពេលយើងត្រូវផ្តោតស្មារតីយកចិត្តទុកដាក់បំផុតនៅក្នុងការធ្វើការងារអ្វីមួយ។ បើយើងប្រិតប្រៀងពីឥឡូវបានល្អ នោះកិច្ចការអនាគតក៏ននឹងល្អ ហើយវានឹងបង្កើតរឿងអតីតកាលល្អៗទៅតាមហ្នឹងផងដែរ។
៣. ការគិតមានឥទ្ធិពលចំពោះអារម្មណ៍
ការគិត និងអារម្មណ៍របស់យើង មានទំនាក់ទំនងនឹងគ្នាបេះមិនដាច់។ ដូច្នេះ ចូរប្រុងប្រយ័ត្នចំពោះការគិតរបស់យើងឱ្យមែនទែន។ កាលណាយើងគិតអំពីរឿងវិជ្ជមាន នោះយើងនឹងបង្កើតអារម្មណ៍វិជ្ជមាន ហើយអារម្មណ៍វិជ្ជមាននេះនឹងបង្កើតបរិយាកាសវិជ្ជមានសម្រាប់ជីវិតរបស់យើង។ ផ្ទុយទៅវិញ បើយើងរវល់តែគិតរឿងអគតិ រឿងអាក្រក់ៗ ឬរឿងអពមង្គលផ្សេងៗ នោះអារម្មណ៍របស់យើងក៏ចាប់ផ្តើមល្វក់កករ បង្កើតជាអារម្មណ៍អវិជ្ជមាន ហើយជាលទ្ធផលវាប៉ះពាល់ដល់ជីវិតរស់នៅរបស់យើងផ្ទាល់តែម្តង។ បើយើងមានអារម្មណ៍មិនល្អហើយ តើមុខរបស់យើងអាចស្រស់ញញឹមបានទេ? បើយើងមានអារម្មណ៍មិនល្អហើយ តើយើងមានកម្លាំងចិត្តបំពេញកិច្ចការបានល្អទេ? បើយើងមានអារម្មណ៍មិនល្អហើយ តើការប្រាស្រ័យទាក់ទងរបស់យើងជាមួយអ្នកដទៃ មានសភាពល្អប្រសើរបានទេ? ដូច្នេះហើយ យើងត្រូវតែប្រុងប្រយ័ត្នចំពោះការគិតរបស់យើងជានិច្ច។
៤. ផ្លូវដើររបស់មនុស្សយើងម្នាក់ៗ មានសភាពខុសៗគ្នា
ប្រយោគមួយគេនិយាយថា “គេមិនដូចយើង ព្រោះយើងមិនដូចគេ”។ នេះជាប្រយោគសាមញ្ញ តែមានន័យជ្រៅ។ មនុស្សយើងកើតមក ថ្វីបើនៅលើផែនដីតែមួយ ប៉ុន្តែម្នាក់ៗសុទ្ធតែមានលក្ខណៈពិសេស និងផ្លូវជីវិតសម្រាប់ដើររៀងៗខ្លួន។ យើងមិនអាចបង្ខំឱ្យនរណាម្នាក់ត្រូវតែស្អាតដូចយើង ឆ្លាតដូចយើង មាំមួនដូចយើង ឬខ្លាំងដូចយើងបានទេ។ សម្រាប់ខ្លួនគេ គេធ្វើអ្វីបានក៏ធ្វើចុះ យើងកុំបារម្ភចំពោះទង្វើរបស់អ្នកដទៃច្រើនពេក ពីព្រោះថាបើគេធ្វើអ្វី ផលនៃទង្វើនោះនឹងកើតឡើងចំពោះគេយ៉ាងពិតប្រាកដ។ បើគេជ្រើសរើសផ្លូវជីវិតដើរបានត្រឹមត្រូវ នោះគេក៏រស់នៅដោយមានសេចក្តីសុខសន្តិភាព។ តែបើគេរើសដើរផ្លូវខុស នោះជីវិតរបស់គេក៏គង់ភពប្រសព្វនឹងបញ្ហាការលំបាកនានាតាមហ្នឹងទៅ។ ជីវិតមនុស្សយើងម្នាក់ៗ មានពិភពមួយរៀងៗខ្លួន ហើយការរស់នៅដោយមិនជ្រៀតជ្រែកគ្នាក្នុងបំណងអាក្រក់ គឺជាជម្រើសល្អបំផុត ឬនិយាយឱ្យខ្លី “គេដើរផ្លូវគេ យើងដើរផ្លូវយើង”។
No comments:
Post a Comment