🎯អណ្តូងស្ងប់ជម្រៅជ្រៅ មនុស្សស្ងៀមស្ងាត់លាក់មហិច្ឆតាធំ - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Wednesday, July 13, 2022

🎯អណ្តូងស្ងប់ជម្រៅជ្រៅ មនុស្សស្ងៀមស្ងាត់លាក់មហិច្ឆតាធំ



ប្រហែលជាលោកអ្នកធ្លាប់ឮសម្តីគេចំណាំនិយាយថា “មនុស្សនិយាយតិចរមែងដឹងច្រើន រីឯមនុស្សនិយាយច្រើនរមែងដឹងតិច” ឬសុភាសិតខ្មែរយើងបានពោលថា “រ៉ូងរ៉ាងៗដូចប៉ោតអត់ទឹក”។ មែនហើយ ថ្វីបើការលើកឡើងនេះ វាមិនសុក្រិតត្រឹមត្រូវ១០០% ប៉ុន្តែបើតាមការសង្កេតមើលមនុស្សទូទៅ គឺពិតជាអ៊ីចឹងមែន។ មនុស្សដែលនិយាយបូរបាច់ច្រើនហួសហេតុ ច្រើនជាមនុស្សឥតបានការ ពោលគឺឥតបានធ្វើការងារច្រើនអ្វីប៉ុន្មានទេ។ មនុស្សបែបនេះ យើងហៅម្យ៉ាងទៀតថាជាមនុស្សបានតែមាត់។ ពួកគេតែងតែយកសម្តីមកបិទបាំងទង្វើគ្មានបានការ ឬកំហុសដែលខ្លួនប្រព្រឹត្ត។ បើបាននៅក្បែរចៅហ្វាយផង មនុស្សធុននេះនឹងប្រើសម្តីវោហារសាស្រ្តរបស់ខ្លួនបញ្ជោបញ្ចើចបញ្ចើមេរហូតដល់មេលង់ជឿភ្លេចខ្លួន ឬសរសើរលើកជើងមេទាល់តែផុតពីដីដួលអុកគុទ។ សម្តីសជាតិ មារយាថសពូជ កាលណាយើងនិយាយកាន់តែច្រើន អ្នកដទៃក៏ឃើញចំណុចខ្សោយរបស់យើងកាន់តែច្រើនទៅតាមហ្នឹងដែរ។ ម្យ៉ាងវិញទៀត ពេលខ្លះការនិយាយរោយរាយច្រើនពេករហូតស្រវឹងនឹងសម្តីខ្លួន ក៏នាំឱ្យមានការទាស់សម្តីថ្នាំងថ្នាក់ជាមួយអ្នកជិតខាងផងដែរ។ ការនិយាយច្រើនរោយរាយឥតប្រយោជន៍ វានាំឱ្យខាតពេលវេលា និងកម្លាំងទាំងអ្នកនិយាយ និងអ្នកស្តាប់។ ដូច្នេះ យើងគប្បីនិយាយតែអ្វីដែលគួរនិយាយទៅបានហើយ។ យើងអាចសង្កេតមើលបាន មនុស្សនិយាយត្រប៉ែហែរហូរ ជារឿយៗធ្វើកិច្ចការមិនបានធំដុំអ្វីទេ។ ពួកគេច្រើនតែធ្វើទៅតាមអ្វីដែលខ្លួននិយាយមិនបានសម្រេច ព្រោះថាសម្តីនិយាយវាងាយណាស់ តែការធ្វើឱ្យចេញជាលទ្ធផលឯនេះទេដែលពិបាក។


ចំពោះមនុស្សស្ងៀមស្ងាត់មិនសូវមាត់មិនសូវកវិញ ច្រើនជាមនុស្សធ្វើកិច្ចការបានលទ្ធផល។ ក្រៅពីនេះ ពួកគេក៏ច្រើនតែជាមនុស្សមានមហិច្ឆតាខ្ពស់ផងដែរ។ មូលហេតុដែលពួកគេមិននិយាយប្រាប់អ្នកដទៃអំពីគោលដៅ និងមហិច្ឆតារបស់ខ្លួន ពីព្រោះពួកគេមិនចង់ឱ្យអ្នកដទៃមើលស្រាលមហិច្ឆតារបស់ពួកគេ។ មនុស្សបែបនេះ ជាមនុស្សមានទម្ងន់ មានការជឿជាក់ និងមានការគិតគូរពិចារណាវែងឆ្ងាយ។ ពួកគេច្រើនតែនិយាយអ្វីដែលជាសម្តីមានប្រយោជន៍ និងនិយាយទៅតាមកាលៈទេសៈតែប៉ុននោះ។ លើសពីនេះ ពួកគេជាមនុស្សនិយាយតិច ប៉ុន្តែធ្វើការងារច្រើន។ ពួកគេមិនយកសម្តីទៅវាស់សមត្ថភាពការងារឡើយ ប៉ុន្តែពួកគេយកលទ្ធផលការងារទៅវាស់សមត្ថភាព។ មនុស្សបែបនេះ ធ្វើឱ្យអ្នកដទៃពិបាកស្មាន ហើយក៏ពិបាកវាស់ស្ទង់អំណាច ថាមពល និងមហិច្ឆតារបស់គេ។ ពួកគេមិនមែនប្រឹងប្រែងធ្វើការដើម្បីបង្អួតដាក់អ្នកដទៃថាខ្លួនគ្រាន់បើខ្លាំងពូកែអ្វីទេ តែពួកគេប្រឹងប្រែងធ្វើការគឺដើម្បីបម្រើក្តីសុបិន គោលដៅ និងមហិច្ឆតាដ៏ធំធេង។ ពេលខ្លះសកម្មភាពរបស់ពួកគេ ធ្វើឱ្យអ្នកដទៃវាយតម្លៃមិនត្រូវ គិតមិនយល់ និងស្មានមិនដល់ទៀតផង។ នៅពេលដែលពួកគេផ្តោតទៅលើកិច្ចការបាញ់ឆ្ពោះទៅរកគោលដៅហើយ ពួកគេនឹងលែងខ្វាយខ្វល់ជាមួយអ្វីៗទាំងអស់។ ពួកគេមិនសូវចេញក្រៅដើរលេង ពួកគេមិនសូវមានពេលជួបជុំមិត្តភក្តិ ពួកគេមួយថ្ងៃៗសំកុកតែនៅក្នុងបន្ទប់ ឬការិយាល័យ ហើយជាពិសេសពួកគេមិនសូវនិយាយច្រើនបូរបាច់ឥតបានការទេ។ 


អ្វីដែលពួកគេនិយាយហើយ ពួកគេនឹងធ្វើវាឱ្យបាន។ ចំពោះរឿងខ្លះ ពួកគេមិនចាំបាច់ត្រូវនិយាយពន្យល់អ្នកដទៃសោះឡើយ គឺទាល់តែធ្វើចេញជាលទ្ធផលហើយ ទើបពួកគេនិយាយជាក្រោយ។ ទង្វើទាំងនេះហើយ ដែលធ្វើឱ្យអ្នកដទៃភ្ញាក់ផ្អើលនឹកស្មានមិនដល់ និងកោតស្ងប់ស្ងែង។ ប្រសិនបើអ្នកមានសត្រូវជាមនុស្សនិយាយច្រើន អ្នកមិនគួរភ័យបារម្ភពេកទេ តែបើសត្រូវរបស់អ្នកជាមនុស្សនិយាយតិច ស្ងៀមស្ងាត់ដូចជាអណ្តូងជម្រៅជ្រៅ នោះអ្នកត្រូវតែប្រយ័ត្នឱ្យមែនទេ។ ចាស់ៗខ្មែរយើងតែងតែនិយាយថា “មនុស្សមឹសៗ កេះឆ្នាំងបាយធ្លុះ”។


ជារួមមកវិញ ចូរយើងហាត់រៀនឱ្យក្លាយជាមនុស្សនិយាយសម្តីដែលមានតម្លៃ។ សម្តីដែលមានតម្លៃមិនមែនជាសម្តីនិយាយច្រើនរោយរាយ និយាយឱ្យតែពិរោះស្តាប់នោះទេ តែជាសម្តីពិតសម្តីមានប្រយោជន៍ និយាយទៅហើយនាំប្រយោជន៍នាំសេចក្តីសុខចម្រើនដល់ខ្លួនយើងផង និងអ្នកដទៃផង។ ចាប់ពីថ្ងៃនេះទៅ យើងត្រូវកាត់បន្ថយការនិយាយច្រើន ហើយងាកមកបង្កើនសកម្មភាពការងាររបស់យើងឱ្យបានផលខ្ពស់វិញ៕


ស្មេរដោយ ឧកញ៉ា ជា តុងហ៊ួរ

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here