🎯 ចង់រកស៊ីរីកចម្រើន កុំពឹងលើគ្រូទាយ
ជឿជាក់ថាលោកអ្នកពិតជាបានជ្រាបមកហើយអំពីជំនឿលើការទស្សន៍ទាយ ឬការកាត់ស្មានរបស់បុគ្គលមួយចំនួនដែលតាំងខ្លួនជាគ្រូទាយ គ្រូជោគ គ្រូជ័យ ឬគ្រូមហាអស្ចារ្យទាំងឡាយដែលមានសមត្ថភាពបញ្ជាមេឃបញ្ជាផ្កាយ បញ្ជាដំណើរប្រព្រឹត្តទៅរបស់ធម្មជាតិជាដើម។ ភ្លៀងនៅប៉ោយប៉ែត គ្រូនេះថាជាស្នាដៃរបស់គាត់ ភពបីគោចរស៊ីគន្លងគ្នា គ្រូនោះថាជាស្នាដៃរបស់គាត់។ យូរៗទៅ ធ្វើឱ្យប្រជាជនខ្មែរយើងវិលខួរ ខូចសតិ អាប់ប្រាជ្ញាអស់ ហើយបរទេសវិញ គេអង្គុយតែសើចនឹងភាពល្ងង់ខ្លៅរបស់យើង។ ការអះអាងរបស់គ្រូៗទាំងអស់នេះ តិចឬច្រើន វាបានធ្វើឱ្យប្រជាជនខ្មែរយើងលង់ខ្លួនបង់គំនិតជឿសម្បើមណាស់ រហូតលែងស្គាល់អ្វីត្រូវអ្វីខុស អ្វីគួរជឿអ្វីមិនគួរជឿ។ តើនៅលើលោកនេះពិតជាមានគ្រូទាយដែលទាយឆុតអាចមើលឃើញពីអនាគតរបស់មនុស្ស និងដឹងពីដំណើរធម្មជាតិមែនឬទេ? ជាការពិតណាស់ មានរបស់ពិត ទើបគេអាចបង្កើតរបស់ក្លែងក្លាយបាន។ ប៉ុន្តែ របស់ក្លែងក្លាយច្រើនតែមានបរិមាណច្រើនជាង ល្បីល្បាញជាង និងអាចយកមកប្រើដើម្បីទាញប្រយោជន៍ច្រើនជាងរបស់ពិត ជាពិសេសគឺនៅក្នុងសង្គមមួយដែលអ្នកចេះដឹងនៅមានកម្រិតតិចតួចនៅឡើយ។
យើងឥតបដិសេធថា នៅក្នុងស្រុកទេសយើងមិនមានមនុស្សទេពដែលមានសមត្ថភាពទស្សន៍ទាយខ្សែជីវិតរបស់មនុស្សនោះទេ។ ប៉ុន្តែយល់ល្អ សូមបងប្អូនកុំទៅស្វែងពួកគាត់អី។ មនុស្សដែលចេះពិតប្រាកដ គេនឹងមិនជ្រៀតជ្រែកខ្សែជីវិតរបស់អ្នកដទៃឡើយ។ គេទុកឱ្យមនុស្សម្នាក់រស់នៅដោយមានការទទួលខុសត្រូវលើជីវិតរបស់ខ្លួនឯង។ ធម្មជាតិមានដំណើរប្រព្រឹត្តទៅរបស់ធម្មជាតិ ហើយជីវិតមនុស្សយើងក៏មានដំណើរប្រព្រឹត្តទៅរបស់ខ្លួនដែរ គឺប្រព្រឹត្តទៅតាមកម្ម ឬទង្វើរៀងៗខ្លួន។ នរណាប្រឹងរៀន អ្នកនោះនឹងមានចំណេះច្រើន អ្នកណាប្រឹងរកស៊ីអ្នកនោះនឹងបានលុយច្រើន អ្នកណាប្រឹងធ្វើការអ្នកនោះនឹងបានឡើងតំណែង និងប្រាក់ខែ។ វាសនាមនុស្សម្នាក់ៗរមែងស្ថិតនៅក្នុងកណ្តាប់ដៃរបស់ខ្លួន។ យើងពិតជាមិនអាចរំពឹងលើការទស្សន៍ទាយព្រាវៗរបស់អ្នកដទៃ ដើម្បីបង្កើតភាពជោគជ័យឱ្យខ្លួនឯងនោះឡើយ។
នៅក្នុងសង្គមយើងបច្ចុប្បន្ន ការទស្សន៍ទាយខ្សែជីវិតរបស់មនុស្សម្នាក់ៗបានក្លាយទៅជាមុខរបររកស៊ីទៅហើយ។ មានគ្រូទាយមួយចំនួន រហូតដល់ថ្នាក់ live ទាយឱ្យគេ ឬ boost តាមហ្វេសប៊ុកដើម្បីបានអតិថិជនច្រើនៗទៀតផង។ សូមប្រិយមិត្តកុំជឿលើគ្រូហោរជាងជឿលើខ្លួនឯងឱ្យសោះ។ កាលណាគ្រូហោរទាំងនោះនៅតែត្រូវការលុយរបស់យើង នោះមានន័យថាពួកគេនៅមិនទាន់មានសមត្ថភាពបង្កើតជោគបង្កើតជ័យឱ្យខ្លួនគេបានទេ ឬនិយាយម្យ៉ាងទៀតថា គ្រូហោរនោះគ្មានសមត្ថភាពរកលុយស្មើនឹងយើង ឬអ្នកដែលទៅមើលហោរនោះផងទេ។
ប្រសិនបើខ្លួនពិតមានសមត្ថភាព មានបរមីបញ្ជាខ្យល់បញ្ជាភ្លៀង មើលធ្លុះធ្លាយអតីតកាលអនាគតកាល និងបង្កើតជោគបង្កើតជ័យឱ្យមនុស្សគ្រប់គ្នាបានមែន ចុះម្តេចក៏មិនព្រមធ្វើឱ្យខ្លួនឯង និងសាច់ញាតិរបស់ខ្លួនឯងជោគជ័យមានបាន មានលុយមានឡាន មានដុល្លារបរិបូណ៌ហូរហៀគ្រប់ៗគ្នាទៅ? តើនៅលើលោកនេះ មានសេដ្ឋី ឬមហាសេដ្ឋីណាដែលកើតចេញពីមុខរបរទស្សន៍ទាយដែរ ឬទេ? ដូចជាអត់ទេ មែនទេ? Elon Musk, Mark Zuckerberg, Bill Gates, ឬ Warren Buffett សុទ្ធតែជាមហាសេដ្ឋីដែលកសាងទ្រព្យសម្បត្តិស្ដុកស្ដម្ភចេញពីកម្លាំងកាយ និងកម្លាំងប្រាជ្ញារបស់ខ្លួន មិនមែនមានគ្រូហោរ គ្រូបរមីឯណាមកជួយគាត់នោះឡើយ។
នៅពេលដែលយើងទៅរកជំនួយពីគ្រូហោរ គ្រូទស្សន៍ទាយ ឬគ្រូបរមីកាន់ណាមួយ នោះមានន័យថាយើងលែងជឿទុកចិត្តលើខ្លួនឯង ហើយបែរទៅជឿលើកម្លាំងក្រៅខ្លួន ឬផ្លូវងងឹតណាមួយ។ យើងមិនបដិសេធថាគ្មានកម្លាំងក្រៅខ្លួន ឬកម្លាំងផ្លូវងងឹតអ្វីមួយនោះទេ ប៉ុន្តែយើងត្រូវដឹងថាមនុស្សជោគជ័យ មនុស្សរឹងមាំ គឺជាមនុស្សដែលទុកចិត្តខ្លួនឯង ជឿជាក់លើខ្លួនឯងខ្លាំងបំផុត។ បើខ្លួនឯងមិនជឿទុកចិត្តខ្លួនឯងផង តើឱ្យនរណាមកជឿយើង? តើមានអ្វីមកជួយយើងកើត? មុននឹងឱ្យកម្លាំងខាងក្រៅជួយយើង យើងត្រូវតែជួយខ្លួនឯងសិន។
តើលោកអ្នកដឹងទេ ពេលខ្លះគ្រូហោរគ្រូជោគគ្រូជ័យដែលអះអាងថាមានបរមីកាន់ទាំងនោះ គាត់មិនដឹងថាគាត់កំពុងបោកខ្លួនឯងផងនោះទេ។ អ្នកខ្លះយល់ច្រឡំថាខ្លួនឯងជាមនុស្សទេពពិតមែន ទាំងដែលតាមពិតខ្លួនមានជម្ងឺសរសៃប្រសាទអ្វីម្យ៉ាង ហើយក៏ចេះតែទាយឱ្យគេប៉ាតណាប៉ាតណី ដោយក្នុងចំណោម១០០នាក់ ឬ២០០នាក់ មានត្រូវម្នាក់ ក៏ធ្វើឱ្យគាត់ល្បីល្បាញ ហើយធ្វើឱ្យមនុស្សម្នាភ្លូកទឹកភ្លូកដីមករកគាត់។ នេះជារឿងធម្មតាទេ អ្នកចាក់ឆ្នោតខុស ទោះខុស១០០ដង ១០០០ពាន់ដង ក៏មិនដែលហ៊ានដើរអួតប្រាប់គេថាខ្លួនចាក់ខុសឡើយ តែដល់ពេលចាក់ត្រូវម្តង គាត់ជួលធុងបាសចាក់រាំផ្អើលភូមិ ឬធ្វើពិធីធំដុំមួយអ្វីឱ្យគេដឹងឮអីអ៊ីទៅ។ រីឯការទស្សន៍ទាយរបស់គ្រូហោរក៏មានលក្ខណៈប្រហាក់ប្រហែលនេះដែរ។ ទាយខុសមួយពាន់ដង គ្រូហោរមិនខូចឈ្មោះឡើយ តែបើលោតែទាយត្រូវម្តង នោះគាត់នឹងល្បីកក្រើកមេឃកកក្រើកដី។
គ្រូហោរខ្លះ គឺដូចជា គង់ហ៊ាន ក្នុងរឿងព្រេងខ្មែរអ៊ីចឹង។ អាងតែខ្លួនពូកែចិត្តសាស្រ្តបន្តិច ហើយសម្តីបានមានវោហារច្រើនផង ភ្លាត់ស្នៀតទាយឱ្យគេត្រូវ ហើយអ្នកទាយនោះរកស៊ីឡើងក្លាយជាអ្នកមាន គ្រូទាយនោះក៏គ្រប់ទឹកតែម្តង។ បន្តិចម្តងៗ គាត់យកការទស្សន៍ទាយធ្វើជាមុខរបររកស៊ី។ ពេលមានអ្នកមកទាយច្រើន គាត់ក៏សប្បាយចិត្តព្រោះបានលុយច្រើនដែរ តែដល់ពេលមានគ្រូទាយកើនច្រើនទៅៗ ក៏លែងសូវមានអ្នកមកទាយ ទើបគ្រូទាយនោះចាប់ផ្តើមធ្វើម៉ាឃីតធីងតាមបណ្តាញសង្គមដោយការ live និងការ boost ផេកហ្វេសប៊ុកដើម្បីលក់ការទស្សន៍ទាយ លក់យ័ន្ត ឬវត្ថុផ្សេងៗរបស់ខ្លួន។ ជាក់ស្តែង មានគ្រូទាយមួយចំនួន ដល់ថ្នាក់ប្រជែងដណ្តើមទីផ្សារគ្នារហូតឈ្លោះគ្នាពេញហ្វេសប៊ុកទៀតផង។ គិតៗទៅ វាពិតជារឿងគួរឱ្យអស់សំណើចណាស់។
មានគ្រូហោរខ្លះជួលគេឱ្យមើលដើម្បីទាក់ម៉ូយ, គ្រូហោរខ្លះតែងតែបំភ័យបន្លាចអ្នកដែលទៅមើលដើម្បីឱ្យគេទិញផលិតផលខ្លួនដូចជាវត្ថុនេះវត្ថុនោះជាដើម, គ្រូខ្លះបោកយកខ្លួនយកប្រាណរបស់អ្នកដែលមើល រហូតក៏មានដែរគ្រូខ្លះធ្វើស៊ីអ្នកទៅមើលដោយតម្រូវឱ្យរៀបចំនេះរៀបចំនោះអស់លុយមួយគំនរបូកជាមួយថ្លៃទ្រនឹមគ្រូដ៏ខ្ពស់កប់ពពកទៀត។ គិតៗទៅ ពិតជានឹកស្មានមិនដល់មែន! បើកាលណាខ្លួនមិនប្រឹងប្រែងពឹងលើខ្លួនឯងទេ ទោះបីរៀបចំអសនៈអស់លុយរាប់លានដុល្លារ ក៏យើងមិនអាចរីកចម្រើនជោគជ័យបានដែរ។
បើមិនចង់ត្រូវគេបោកប្រាស់រហូតដល់បង់ខ្លួនបង់គំនិតទេ សូមកុំទៅរកគ្រូទាយអី។ បើចង់ធ្វើការអី ឬចង់រកស៊ីអី យើងត្រូវទៅរកសាលារៀនដើម្បីរៀនចំណេះជំនាញនោះ ឬទៅរកគ្រូទៅរកទីប្រឹក្សាពិតប្រាកដដែលគេមានចំណេះដឹងពិតប្រាកដ (ឡូស្សិក) មានបទពិសោធ និងមានវិជ្ជាជីវៈត្រឹមត្រូវ។ តាមការពិតទៅ រូបមន្តសម្រាប់ឱ្យជីវិតជោគជ័យគឺគ្មានអ្វីក្រៅពីការអប់រំ ការសិក្សារៀនសូត្រ ការត្រិះរិះពិចារណា បទពិសោធ ទេពកោសល្យ សមត្ថភាព ចរិត ការតាំងចិត្តមោះមុត និងការខិតខំប្រឹងប្រែងនោះឡើយ។ ប្រសិនបើយើងមានទាំងអស់នេះហើយ នោះយើងមិនចាំបាច់ត្រូវការឱ្យគ្រូជោគគ្រូជ័យឯណាមកទស្សន៍ទាយផ្តេសផ្តេសលើខ្សែជីវិតយើងទេ ពោលគឺយើងខ្លួនឯងមានសមត្ថភាពចាត់ចែងរៀបចំលើជីវិតខ្លួន និងអាចធ្វើឱ្យជីវិតខ្លួនរស់នៅដោយមានសេចក្តីសុខសន្តិភាពសម្បូរសប្បាយរុងរឿង៕
ស្មេរដោយ : ឧកញ៉ា ជា តុងហ៊ួរ
No comments:
Post a Comment