🎯 តលាការក្នុង Facebook
បណ្តាញសង្គម នៅក្នុងពេលសព្វថ្ងៃនេះ កំពុងដើរតួនាទីយ៉ាងសកម្មគួរឱ្យបារម្ភលាយឡំនៅក្នុងជីវិតរស់នៅរបស់យើង។ មានអ្នកខ្លះ មួយថ្ងៃៗឈ្ងោកមើលតែទូរស័ព្ទ អូសឡើងអូសចុះ រហូតដល់មានរម្មណ៍ធុញថប់ទៅជា stress ឬ depression ក៏មានដែរ។ ការប្រើប្រាស់បណ្តាញសង្គម ដោយគ្មានក្រឹតក្រមត្រឹមត្រូវ មិនថា FB, TikTok, YouTube ឬអ្វីផ្សេងឡើយ វានឹងផ្តល់ផលអារក្រក់ទាំងអ្នកមើល និងអ្នកផូស។ នៅពេលណាដែលចេតនារបស់អ្នកផូស និងអ្នកមើលមិនដូចគ្នា នោះជម្លោះ ការអន់ចិត្ត ការខឹងស្អប់ ការច្រណែនឈ្នានីស ឬការគុំគួននឹងកើតឡើង។ តួយ៉ាង យើងផូសរូប ឬវីដេអូដោយសង្ឃឹមថាអ្នកដទៃនឹងអួតសរសើរ ប៉ុន្តែបែរជាត្រូវគេ comment ជេរប្រមាថមាក់ងាយ ឬចំអកឡកលើយទៅវិញ។ ពេលនោះ ជម្លោះនឹងកើតឡើង ហើយករណីខ្លះដល់ថ្នាក់មានការប្តឹងផ្តល់ដោយសារតែការបញ្ចេញមតិរបស់ខ្លួនទៀតផង។
នៅក្នុងបណ្តាញសង្គម មានមនុស្សមិនតិចទេ ដែលរងគ្រោះជាប់ទោសទណ្ឌដោយសារតែការតាំងខ្លួនជាតុលាការហ្វេសប៊ុក ឬជាចៅក្រមក្នុងបណ្តាញសង្គមផ្សេងៗ។ ព័ត៌មាននៅក្នុងបណ្តាញសង្គម ពេលខ្លះវាគ្រាន់តែជាសាច់រឿងមួយចំណិត ឬមួយបំណែកតូចប៉ុននោះ ដែលវាមិនអាចឱ្យយើងយកមកវិនិច្ឆ័យកាត់សេចក្តីឱ្យបានត្រឹមត្រូវនោះទេ។ នៅពេលឃើញសាច់រឿងអ្វីមួយនៅក្នុងបណ្តាញសង្គម មុននឹងយើងសម្រេចចិត្តបញ្ចេញមតិយោបល់ក្នុងប្រអប់ comment យើងត្រូវតែគិតឱ្យបានច្បាស់លាស់សិន។ មិនមែនអាងតែហ្វេសប៊ុកផ្តល់ប្រអប់ comment (free) យើងចេះតែ comment ប៉ាតណាប៉ាណីនោះឡើយ។ យើងគប្បីដឹងថា ការបញ្ចេញមតិវាយតម្លៃទៅលើអ្វីមួយ ឬទៅលើនរណាម្នាក់ វាគឺជាការទទួលខុសត្រូវរបស់យើង។ តើយើងមានដឹងទេ ពេលខ្លះការបញ្ចេញមតិបែបអសីលធម៌ ជេរប្រមាថ ចំអកឡកលើយ មើលងាយមើលថោក រិះគន់ជាន់ពន្លិច និងដោយគ្មានការទទួលខុសត្រូវរបស់យើង វាបានធ្វើឱ្យសាធារណជនក្នុងសង្គមមានការយល់ច្រឡំមនុស្សល្អទៅជាមនុស្សអាក្រក់ មនុស្សអាក្រក់ទៅជាមនុស្សល្អ។ ឃើញម្នាក់ comment អាក្រក់ ធ្វើឱ្យម្នាក់ទៀតចង់ comment អាក្រក់ដែរ។ ម្នាក់តាមម្នាក់ៗ ដូចពាក្យចាស់លោកថា ក្អែកមួយជាក្អែកដប់ ទាំងដែលការពិតយ៉ាងណាឱ្យប្រាដក យើងមិនទាំងដឹងផង (អាងអី comment ចោលៗ)។ ការ comment បែបនេះ វាមិនខុសអីពីការណ៍ដែលយើងបន្ទោបង់លាមកចោលម្នាក់បន្តិចៗនៅក្នុងភូមិមួយនោះទេ។ ម្នាក់មកបត់ជើងហើយ ក៏ចេញទៅ ម្នាក់ទៀតមកបន់ជើងហើយ ក៏ចេញទៅ ដោយមិនបានចាំហិតក្លិនលាមករបស់ខ្លួនឡើយ។ មិនយូរប៉ុន្មាន ភូមិនោះក៏មានក្លិនស្អុយអសោចដោយសារតែការបន្ទោបង់លាមករបស់មនុស្សទាំងនោះម្នាក់បន្តិចៗ។ តើលោកអ្នកបានដឹងទេដោយសារតែការ comment ដោយគ្មានការគិតចារណា ដោយគ្មានមូលដ្ឋានការពិតទាំងនោះ ធ្វើឱ្យមនុស្សខ្លះបាក់ទឹកចិត្តដល់ថ្នាក់សម្លាប់ខ្លួន អ្នកខ្លះខូចចិត្ត អ្នកខ្លះខូចអនាគត ពិសេស វាតែងតែធ្វើឱ្យរឿងតូចក្លាយជារឿងធំ ហើយជាលទ្ធផលក៏ធ្វើឱ្យសង្គមទាំងមូលរងការបំពុលតែម្តង។ ពេលខ្លះ យើងតែងតែបន្ទោសថា អ្នកនេះផូសរូប ឬវីដេអូបំពុលសង្គម តែតាមពិតគឺយើងទាំងឡាយឯនេះទេដែលជាអ្នកបំពុល។ បើយើងមិនមើល, មិនចុច react, មិនចែករម្លែកបន្ត, មិនតាមដាន, មិនកាត់តទៅបង្ហោះបន្ត, និងមិន comment សួរថាតើរឿងរ៉ាងទាំងនោះ វាអាចផ្ទុះល្បីសុះសាយទៅកើតទេ? អ្នកខ្លះ ខំបញ្ចេញមតិសរសេរចង់មួយអត្ថបទតែងតែសេចក្តីដើម្បីរិះគន់ ឬជេរប្រមាថគេ ទាំងដែលមិនដឹងថាគឺដោយសារការសរសេរដ៏ច្រើនរបស់គាត់នេះហើយ ដែលធ្វើឱ្យការផូសនោះវាកាន់តែមានប្រជាប្រិយ បាចសាចទៅដល់មនុស្សកាន់តែច្រើនឡើងៗ។ នៅក្នុងបណ្តាញសង្គម បើមិនចង់ឱ្យអ្វីមួយរីកធំធាត់ល្បីល្បាញខ្លាំងទេ គឺមានតែយើងកុំប្រតិកម្មជាមួយវាតែប៉ុននោះ។ បើយើងប្រតិកម្មតបដោយការចុចមើល, react, comment ឬ share នោះមានន័យថាយើងចូលរួមធ្វើឱ្យរឿងនោះមានប្រជាប្រិយហើយ។ ល្ខោន បើគ្មានអ្នកមើលហើយ ល្ខោននោះក៏ឆាប់ចប់ដែរ។ តែបើនៅតែមានអ្នកបន្តតាមដាន នោះផលិតករនឹងចេញវគ្គបន្តថ្មីៗដូចរឿងល្បីៗរបស់ហូលីវូដអ៊ីចឹង។ បងប្អូនដឹងទេ កាលណាយើងមិនស្គាល់ពីបណ្តាញសង្គមឱ្យបានច្រើនទេ នោះយើងនឹងក្លាយជាឧបករណ៍សម្រាប់ឱ្យគេបោកប្រាស់ (បោកយក views, ឱ្យគេ prank, ឬឱ្យគេកេងចំណេញតែប៉ុននោះ)។
ដូច្នេះ ជាថ្មីម្តងទៀត ចូរប្រុងប្រយ័ត្នចំពោះការបញ្ចេញមតិយោបល់របស់យើង។ អ្វីដែលយើងសរសេរចេញទៅ ឬនិយាយចេញទៅ វាស្តែងឱ្យឃើញថាយើងជាមនុស្សមានតម្លៃ ឬមិនមានតម្លៃ។ ពេលខ្លះ យើងគួរគិតថា យើងមិនមែនជាអ្នកជំនាញផ្នែកស៊ើបអង្កេតមានសមត្ថកិច្ចអ្វីនោះទេ (បើចង់បញ្ចេញមតិយោបល់អ្វី ក៏គួរបញ្ចេញដោយមានហេតុផល ដោយមានសីលធម៌ ដោយមានការគិតពិចារណា-ល-) ហើយយើងក៏គ្មានតួនាទីអីទៅវាយតម្លៃវិនិច្ឆ័យរឿងប្តីប្រន្ធគេឈ្លោះគ្នា រឿងចៅហ្វាយឈ្លោះជាមួយកូនចៅ ក្នុងក្រុមហ៊ុនគេ ឬរឿងអ្នកណារៀបការជាមួយអ្នកណាទេ។ រឿងដែលមិនមានផលប្រយោជន៍ចំពោះយើង ចំពោះសង្គម ឬចំពោះប្រជាជន យើងកុំចំណាយពេលទៅលើវាអី (បើឃើញ អូរំលងទៅ)។ បើហ៊ានតែបណ្តាក់ទុនចំណាយពេលមើលវាយូរបន្តិច យើងច្បាស់ជាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេ តាមដានដូចរឿងភាគថៃជាមិនខាន។ រឿងសំខាន់បំផុតដែលយើងគួរចាំនោះគឺ យើងកុំឃើញគេថាតែ យើងក៏តែ គេថាស្ករ យើងក៏ស្ករតាមគេឱ្យសោះ។ ឃើញរូបភាពក្មេងបែកស្លុយមួយសន្លឹក យើងមិនអាចនិយាយថាទំពាំងក្នុងសង្គមយើងទាំងមូលស្អុយរលួយទាំងអស់ទេ, ឃើញមន្រ្តីរាជការម្នាក់ពុករលួយ យើងមិនអាចវិនិច្ឆ័យថាមន្រ្តីរដ្ឋទាំងអស់សុទ្ធតែខូចទេ, ឬឃើញឧកញ៉ាម្នាក់ប្រព្រឹត្តបទល្មើសនឹងច្បាប់ យើងមិនអាចវាយតម្លៃបានថាឧកញ៉ក្នុងស្រុកខ្មែរ សុទ្ធតែមិនត្រឹមត្រូវឡើយ។ ខ្វះអីយុវជនខ្លាំងៗពូកែៗដែលកំពុងខិតខំសិក្សារៀនសូត្រដើម្បីត្រៀមធ្វើជាឫស្សីដ៏រឹងមាំរបស់ប្រទេសជាតិ, ខ្វះអីមន្រ្តីរាជការសុចរិតដែលខិតខំបំពេញការងារដោយស្មោះត្រង់ដើម្បីបម្រើជាតិបម្រើប្រជាជន ហើយក៏មានមិនតិចដែរឧកញ៉ាល្អៗដែលបានប្រឹងប្រែងរកស៊ីដោយសុចរិតចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ បង្កើតការងារឱ្យប្រជាជនធ្វើ និងចូលរួមកសាងហេដ្ឋារចនាក្នុងសង្គមឱ្យរីកលូតលាស់ឡើង។ រឿងណាមិនសំខាន់ យើងកុំរវល់ ហើយបើជ្រុលជារវល់ ត្រូវរវល់លើរឿងដែលមានប្រយោជន៍ តួយ៉ាងដូចជារឿងដែលទាក់ទងនឹងសង្គមជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត សាសនា ប្រពៃណី សេដ្ឋកិច្ច បរិស្ថានជាដើម៕
ស្មេរដោយ : ឧកញ៉ា ជា តុងហ៊ួរ
No comments:
Post a Comment