៣ វិធី ធ្វើឱ្យខួរក្បាលយើងខ្លាំង - ជុំគីរី

អត្ថបទថ្មីៗ

_បានដល់ថ្ងៃនេះ ក៏ដោយសារភាពជាក្មេងវត្ត!​

Subscribe now

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Tuesday, May 03, 2022

៣ វិធី ធ្វើឱ្យខួរក្បាលយើងខ្លាំង


ខួរក្បាលរបស់យើង ប្រៀបបានដូចជាម៉ាស៊ីកុំព្យូទ័រដ៏អស្ចារ្យមួយ។ បើចេះថែទាំ និងប្រើប្រាស់វាឱ្យបានត្រឹមត្រូវ វានឹងជួយឱ្យជីវិតរបស់យើងទទួលជោគជ័យលើគ្រប់ផ្នែកទាំងអស់។ ថ្វីបើខួក្បាលរបស់យើង មានទម្ងន់ និងទំហំដូច ឬប្រហែលគ្នា ប៉ុន្តែ ដោយអាស្រ័យកត្តាពូជ កត្តាចំណីអាហារ កត្តាបរិស្ថានរស់នៅ និងកត្តាថែទាំ ធ្វើខួរក្បាលរបស់មនុស្សម្នាក់ៗមានសមត្ថភាពខុសៗគ្នា។ ដូច្នេះហើយ ទើបបានជាមានអ្នកខ្លះអាចបង្កើតរូបមន្តគណិតវិទ្យា គីមីវិទ្យា ឬរូបវិទ្យាបាន ខណៈមនុស្សខ្លះទៀត ត្រូវរៀនរូបមន្តទាំងនោះឱ្យចាំ ឱ្យចេះ និងឱ្យយល់យ៉ាងពិបាកក្រៃលែង។ ជាបន្តទៅនេះ គឺវិធី ៣យ៉ាង ដែលនឹងធ្វើឱ្យខួរក្បាលរបស់យើងប្រែជាខ្លាំងក្លាបាន។ សូមអានជាបន្តទាំងអស់គ្នាដូចតទៅ។



១. ពង្រឹងសមត្ថភាពយល់ដឹងខួរក្បាល

មនុស្សយើង ទោះរៀនដល់អស់អាយុក៏រៀនមិនអស់ចំណេះដឹងដែលមាននៅក្នុងលោកនេះដែរ។ មានតែមនុស្សល្ងង់ប៉ុននោះដែលយល់ថាខ្លួនឯង ចេះដឹងគ្រប់អស់ហើយ ហើយបិទខួរក្បាលបដិសេធទទួលយកចំណេះដឹងថ្មីៗ។ ល្គឹកណា យើងនៅតែយល់ខ្លួនឯងមិនទាន់រឹងមាំ យើងចាំបាច់ត្រូវសង្វាតច្បាមយកចំណេះដឹងពីគ្រប់មនុស្ស គ្រប់ទិសទី និងគ្រប់ពេលវេលា។ សូមកុំមានលេសថា យើងគ្មានចំណេះដឹង ព្រោះយើងគ្មានលុយរៀន ព្រោះយើងគ្មានសាលារៀន ឬព្រោះយើងគ្មានពេលរៀន។ នៅក្នុងសម័យកាលនេះ យើងមិនអាចយកលេសទាំងនេះមកប្រើទៀតទេ។ បើអ្នកចង់ប្រើក៏ប្រើទៅចុះ តែសូមជម្រាបថា លេសបែបហ្នឹង វាគ្មានផ្តល់ផលប្រយោជន៍អ្វីដល់ជីវិតយើងទេ។ ផ្ទុយទៅវិញ វាមានតែបំផ្លិចបំផ្លាញយើងតែប៉ុននោះ។ នៅពេលដែលយើងទម្លាក់លេស ទម្លាក់ភាពខ្ជិលរលួយចោល នោះយើងនឹងសម្លឹងឃើញឱកាសក្នុងការរៀនសូត្រ។ ឧទាហរណ៍ ការអានសៀវភៅ ការស្តាប់សៀវភៅជាសំឡេង ការអានកាសែត ការមើលវីដេអូក្នុងបណ្តាញសង្គម និងការគិតពិចារណាពីបទពិសោធពីអតីតកាល គឺជាសុទ្ធតែជាប្រភពដែលផ្តល់ចំណេះដឹងច្រើនណាស់ដល់ខួរក្បាលរបស់យើង។ បើអានអាចអានបាន ចូររកសៀវភៅអានឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន, បើអ្នកមិនអាចអានបាន ចូរអ្នករកសៀវភៅជាសំឡេង ឬមើលវីដេអូក្នុងបណ្តាញសង្គមដែលផ្តល់ចំណេះដឹង, បើអ្នកគ្មានពេល ចូរអ្នកឆ្លៀត បើអ្នកគ្មានលុយ ចូររកជំនួយ (កុំអង្គុយចាំស្លាប់ឱ្យសោះ)។ និយាយទៅ បើផ្លូវមួយបិទ យើងត្រូវតែរកផ្លូវមួយទៀត។ គ្មានអ្វីឈ្នះលើការតស៊ូព្យាយាមរបស់យើងនោះទេ។ ឱ្យតែយើងឱហាតប្រឹងប្រែង នោះជោគជ័យនឹងធ្លាក់មកលើដៃយើងយ៉ាងប្រាកដ។ 



២. រក្សាថាមពលខួរក្បាល

ខួរក្បាលរបស់យើង មិនខុសពីម៉ាស៊ីនទេ។ បើយើងចេះតែប្រើដោយមិនឱ្យវាសម្រាកខ្លះទេ នោះវានឹងឆាប់ខូចជាមិនខាន។ នៅពេលដែលយើងមិនចេះពីរបៀបរក្សាថាមពល និងសម្រាលបន្ទុកការងាររបស់ខួរក្បាល នោះសូម្បីតែដេកលក់ក៏ខួរក្បាលយើងនៅតែធ្វើការហត់នឿយដដែល។ ចង់ឱ្យមានគំនិតល្អៗ ដាច់ខាតយើងត្រូវមានខួរក្បាលដែលមានសុខភាពល្អជាមុនសិន ហើយបើចង់ឱ្យខួរក្បាលមានសុខភាពមាំមួន វាត្រូវការចំណីអាហារបំប៉ន និងការសម្រាកឱ្យបានគ្រប់គ្រាន់។ យើងគប្បីចៀសវាងញ៉ាំអាហារណាដែលធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងត្រូវសម្រាកឱ្យបានយ៉ាង ៨ម៉ោង/ថ្ងៃ។ ពេលទំនេរ គួររកពេលខ្លះដើម្បីនៅស្ងប់ស្ងាត់ ផ្សារភ្ជាប់ជីវិតរបស់យើងជាមួយធម្មជាតិដោយការរស់នៅក្នុងកន្លែងមានសួនផ្កាច្បារដំណាំ និងដើមឈើពណ៌បៃតង។ ម្យ៉ាងវិញទៀត យើងមិនគួរមួយថ្ងៃៗសំកុកនៅតែមុខកញ្ចក់ទូរទស្សន៍ ឬឈ្ងោកមើលតែទូរស័ព្ទអូសឡើងអូសចុះដោយគ្មានកិច្ចការចាំបាច់អ្វីនោះទេ។ ជាមួយបច្ចេកវិទ្យា វាផ្តល់ចំណេះដឹងតែក្នុងករណីដែលយើងចេះប្រើប្រាស់វាប៉ុននោះ។ បើយើងមិនប្រយ័ត្នទេ បច្ចេកវិទ្យានឹងក្លាយជាថ្នាំញៀនដែលបកមកបំផ្លាញយើងវិញជាមិនខាន។ ម៉្លោះហើយ កុំរវល់នឹងទូរស័ព្ទ ឬ iPad ខ្លាំងពេក តែត្រូវរកពេលដកឃ្លាចេញខ្លះ មកប្រឡូកជាមួយនឹងសង្គមមនុស្សពិតៗវិញទើបជាការប្រសើរ។ 



៣. សម្អាតសំរាមក្នុងខួរក្បាល

សម្អាតសំរាមនៅក្នុងខួរក្បាល។ តើប្រយោគនេះចង់មានន័យថាម៉េច? សំរាម ចូលតែភ្នែកទេ មិនដែលមានសំរាមឯណាចូលដល់ខួរក្បាលឡើយ។ មិនអ៊ីចឹង? មែនហើយ! បើសំរាមចូលភ្នែកយើងអាចរកាំភ្នែក និងព្យាយាមឆ្កឹះចេញភ្លាមៗ ប៉ុន្តែសំរាមដែលចូលទៅក្នុងខួរក្បាលរបស់យើង វាចូលដោយមិនឱ្យយើងដឹងខ្លួនក៏មានដែរ។ ការស្តាប់សម្តីឥតប្រយោជន៍ ការមើលសកម្មភាពឥតបានការ និងការគិតគ្មានក្បាលគ្មានកន្ទុយ នឹងបង្កើតជាទិន្នន័យសំរាមស្តុកទុកក្នុងខួរក្បាលរបស់យើង។ អ្នកខ្លះ មួយថ្ងៃៗ អង្គុយចាំតែតាមដានរឿងរ៉ាវរបស់អ្នកដទៃទាំងដែលជារឿងដែលមិនពាក់ព័ន្ធអ្វីនឹងខ្លួនសោះឡើយ។ យករឿងអ្នកបន្តិច អ្នកនោះបន្តិច មកដាក់ក្នុងខួរក្បាលជាបន្តបន្ទាប់ យូរៗទៅក្នុងខួរក្បាលយើងនឹងក្លាយជាគំនរសំរាមពោរពេញដោយរបស់ស្អុយរលួយជាមិនខាន។ ដូច្នេះ ចូរយើងចាប់សម្អាតសំរាមចេញពីខួរក្បាលរបស់យើងជាបណ្តើរៗ បើពុំនោះទេ យើងច្បាស់ជាគ្មានកន្លែងទំនេរក្នុងខួរក្បាលសម្រាប់ដាក់មាសដាក់ប្រាក់នោះឡើយ។ សូមយើងកាត់បន្ថយការមើល ឬតាមដានរឿងរ៉ាវដែលមិនផ្តល់ប្រយោជន៍ដល់យើង និងដល់សង្គម ហើយងាកមកស្រាវជ្រាវរៀនសូត្រអ្វីៗដែលផ្តល់ចំណេះដឹងវិញទៀតជាការប្រសើរ៕


ស្មេរដោយ ឧកញ៉ា ជា តុងហ៊ួរ

No comments:

Post a Comment

2022 By Chumkiri. Powered by Blogger.

Post Top Ad

Responsive Ads Here